38.3 C
Phnom Penh

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក នី ណាក់ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នកជំនាញ​កសិកម្ម និង​ជា​សកម្មជន​សង្គម​ដែល​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​លោក នី ណាក់ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា អាជ្ញាធរ​កម្ពុជា​គួរតែ​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​លើ​លោក នី ណាក់ ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ព្រោះ​ថា​ការ​រិះគន់​របស់​សកម្មជន​សង្គម​រូប​នេះ ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​សេរីភាព​បញ្ចេញមតិ​ប៉ុណ្ណោះ។

នាយករង​ប្រចាំ​តំបន់​អាស៊ី​រូប​នេះ​បញ្ជាក់​ថា លោក នី ណាក់ កំពុង​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស (ម១) ក្រោម​បទចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​បរិហារ​កេរ្តិ៍ ដែល​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។

លោក​បន្ថែម​ថា អាជ្ញាធរ​កម្ពុជា​គួរតែ​គោរព​សិទ្ធិ​បញ្ចេញមតិ​ដោយ​សេរី​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​ទម្លាក់​រាល់​បទ​ចោទប្រកាន់​លើ​លោក នី ណាក់ ទាំងអស់ ដើម្បី​បើក​លំហ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​សង្គម​លោក នី ណាក់ កំពុង​ត្រូវ​បាន​តុលាការ​កម្ពុជា​ឃុំ​ខ្លួន​ពី​បទ​ញុះញង់ និង​បទ​បរិហារ​កេរ្តិ៍ បន្ទាប់ពី​អ្នកជំនាញ​កសិកម្ម​រូប​នេះ​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ កាលពី​ពេល​ថ្មីៗ​នេះ។

នៅ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៤ នេះ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​អ្នកជំនាញ​កសិកម្ម​លោក នី ណាក់ ដោយ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់ បន្ទាប់ពី​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ពាក់ព័ន្ធ​នឹង​រាជរដ្ឋាភិបាល​កាត់​ដី​ឱ្យ​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

ក្រោយពី​ចាប់​ខ្លួន សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ ថា ការ​ចាប់ និង​ឃុំ​ខ្លួន​លោក នី ណាក់ ដោយសារតែ​គាត់​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ឈ្មោះ Iman-KH បង្ហោះ និង​ចែកចាយ​ព័ត៌មាន​មិន​ពិត​កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​មាន​ខ្លឹមសារ​ថា៖ «រដ្ឋាភិបាល​បាន​កាត់​ដី​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ប្រហែល​ជា​ទុក​សង់​រោងចក្រ​ចំនួន ២០០០ និង​ធ្វើ​ការិយាល័យ​ឱ្យ​មន្ត្រី​ក្រសួង​ការងារ​ហើយ​មើល​ទៅ ព្រោះ​ឃើញ​គាត់​ប្រាប់​ថា ធ្វើការ​រហូត​គ្មាន​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​ឡើយ»

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់ សមត្ថកិច្ច​ត្រូវតែ​អនុវត្ត​តួនាទី​ដោយ​ការ​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​ទៅ​តាម​បណ្តឹង​របស់​ភាគី​ណា​មួយ ដោយ​ផ្អែក​លើ​ភស្តុតាង​ពិត​មែន ប៉ុន្តែ​សមត្ថកិច្ច​ក៏​គួរតែ​ពិនិត្យ​ទៅ​លើ​ភស្តុតាង​នោះ​ដែរ ថា​តើ​វា​នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​ក៏​អត់ មុន​នឹង​ឃាត់​ខ្លួន​បុគ្គល​ដែល​ត្រូវ​គេ​ប្តឹង​នោះ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​រូប​នេះ​លើកឡើង​ថា ការ​បញ្ចេញមតិ​របស់​លោក នី ណាក់ មិន​មាន​អ្វី​ធ្ងន់ធ្ងរ​រហូត​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ដែល​បង្ក​ទៅ​ជា​ភាព​វឹកវរ ឬ​ជា​ការ​ញុះញង់​ដូច​ការ​ចោទប្រកាន់​ឡើយ ដូច្នេះ​សមត្ថកិច្ច​ក៏​មិន​គួរ​ឃាត់​ខ្លួន​គាត់​ជុំវិញ​ការ​លើកឡើង​របស់​គាត់​ដែរ ត្បិត​សេរីភាព​បញ្ចេញមតិ គឺជា​ធាតុ​សំខាន់​មួយ​ដែល​ត្រូវ​ធានា​ការពារ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ និង​សកម្មជន​នានា ដោយ​ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ជា​បន្តបន្ទាប់។

ទាក់ទិន​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​នីតិរដ្ឋ​សម្រាប់​ឆ្នាំ​២០២៣ ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៤១ ក្នុង​ចំណោម ១៤២​ប្រទេស ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត ដោយសារ​តែ​គេ​រក​ឃើញ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស