ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលដល់និស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសថៃ ឲ្យវិលមកបន្តការសិក្សានៅកម្ពុជាវិញ ក្នុងករណីពួកគេរងការប្រមាថ ស្របពេលស្ថានភាពព្រំដែនកម្ពុជា-ថៃ កាន់តែតានតឹង។
អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា បានថ្លែងថា ក្រោយពីការប្រកាសរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រាប់ឱ្យនិស្សិតខ្មែរនៅថៃ ឱ្យមកកម្ពុជាវិញ បើមិនអាចទ្រាំបាន ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលនិស្សិតខ្មែរត្រឡប់មកពីប្រទេសថៃ វិញ។
លោកស្រី ឃួន វិច្ឆិកា ថ្លែងថា បច្ចុប្បន្ននេះ ក្រសួងកំពុងធ្វើការជិតស្និទ្ធជាមួយបណ្ដាញនិស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសថៃ។
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា នេះ លោក ហ៊ុន សែន បានថ្លែងសារពិសេសថាក្នុងករណីនិស្សិតខ្មែរមកពីប្រទេសថៃ វិញ ពួកគេនឹងទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅតាមសាលានៅក្នុងប្រទេស ហើយបើក្រសួងអប់រំ ឬរាជរដ្ឋាភិបាលពុំអាចរ៉ាប់រងការចំណាយថ្លៃសិក្សាបាន លោកនឹងចេញលុយឱ្យនិស្សិតរៀនបន្ត។
លោក ហ៊ុន សែន បានអះអាងថា លោកបានសង្កេតឃើញក្ដីកង្វល់របស់និស្សិតកម្ពុជាមួយចំនួននៅប្រទេសថៃ តាមរយៈការបញ្ចេញមតិរបស់ពួកគេតាមបណ្ដាញសង្គម ខណៈស្ថានភាពជម្លោះព្រំដែនប្រទេសទាំងពីរកាន់តែក្ដៅ។ លោកថា បើគេបន្តឱ្យរៀនបានរៀនទៅ បើទ្រាំមិនបានទេ ត្រឡប់មកខ្មែរវិញមក មករៀននៅស្រុកខ្មែរវិញ មកដល់មានអាហារូបករណ៍រៀននៅស្រុកខ្មែរ។
បើតាមអ្នកនាំពាក្យក្រសួងអប់រំ បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន ១៨៧១នាក់ កំពុងសិក្សានៅប្រទេសថៃ ក្នុងនោះមានថ្នាក់បរិញ្ញាបត្ររង ១១នាក់, បរិញ្ញាបត្រ ១៣៧២ នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ៣៦១នាក់, ថ្នាក់បណ្ឌិត ១២៦នាក់ និងថ្នាក់ជំនាញក្រោយបរិញ្ញាបត្រចំនួន ១នាក់។
វិវាទព្រំដែនកម្ពុជា ផ្ដើមកាន់តែក្ដៅ បន្ទាប់ពីមានការផ្ទុះអាវុធនៅថ្ងៃទី២៨ ខែឧសភា ដែលបណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់ ដោយសារតែទាហានថៃ ជាអ្នកបាញ់មុន នៅខេត្តព្រះវិហារ។ នៅជម្លោះនេះ កម្ពុជាបានបញ្ជូនសំណុំរឿងព្រំដែនកម្ពុជា-ថៃ នៅតំបន់៤ មានប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ដានប្រវត្តិសាស្ត្រ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

