កងទ័ពថៃ ច្រានចោលការចោទប្រកាន់របស់កម្ពុជា ដែលថាមានការបាញ់កាំភ្លើងនៅតំបន់អូរស្មាច់ ដោយអះអាងថា ទាហានថៃ គ្រាន់តែប្រើផាវដើម្បីព្រមានមន្ត្រីកម្ពុជាដែលចូលទៅក្បែរលួសបន្លារបស់កងទ័ពថៃ ដែលបានដាក់ពង្រាយប៉ុណ្ណោះ។
កាសែតថៃ The Nation បានស្រង់សម្ដីអ្នកនាំពាក្យកងទ័ពថៃ លោក វិនថៃ សុវ៉ារី (Winthai Suvaree) នៅថ្ងៃទី៣០ មេសា ថា ក្នុងពេលដែលភាគីកម្ពុជានាំក្រុមអ្នកសង្កេតការណ៍មកពិនិត្យតំបន់អូរស្មាច់ ទាហានថៃ បានសង្កេតឃើញថាទាហានកម្ពុជាបានប្រព្រឹត្តអាកប្បកិរិយាបង្កហេតុ ដោយចូលទៅជិតលួសបន្លារបស់ថៃ ទោះបីមានការព្រមាន និងពន្យល់អំពីកិច្ចព្រមព្រៀងរួមរវាងភាគីទាំងពីរជាមុនហើយក៏ដោយ។
ប្រភពដដែលអះអាងថា អាកប្បកិរិយានេះបានកើតឡើងម្តងហើយម្តងទៀត បណ្តាលឱ្យទាហានថៃ បំផ្ទុះផាវចំនួន ៣គ្រាប់ជាសញ្ញាព្រមាន ព្រោះថៃត្រូវរក្សាសិទ្ធិក្នុងការការពារខ្លួនតាមគោលការណ៍អន្តរជាតិ ដើម្បីការពារសុវត្ថិភាពសាធារណៈ និងអធិបតេយ្យភាពជាតិក្នុងគ្រប់ស្ថានភាព។
អ្នកនាំពាក្យកងទ័ពថៃ រូបនេះ បញ្ជាក់ថា ការចោទប្រកាន់បែបនេះមិនគួរកើតមានឡើយ ព្រោះវាបង្ហាញពីការខ្វះការគោរពចំពោះកិច្ចព្រមព្រៀងអន្តរជាតិ និងជាការប៉ុនប៉ងទម្លាក់កំហុសឱ្យថៃ ប៉ុន្តែកងកម្លាំងថៃ បានព្រមានជាច្រើនដង មុននឹងបំផ្ទុះផាវនេះ។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានអះអាងថាមានការផ្ទុះអាវុធដែលបង្កឡើងដោយកងទ័ពថៃ នៅច្រកអូរស្មាច់ កាលពីថ្ងៃទី២៩ មេសា។
ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីពុធ ថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី មានករណីផ្ទុះអាវុធដែលកើតឡើងដោយកម្លាំងយោធាថៃ ចំនួន ៥លើក ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។
ប្រភពដដែល អះអាងថា ការផ្ទុះអាវុធនេះ គឺចំពេលដែលក្រសួងការពារជាតិកម្ពុជា កំពុងសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ សម្រាប់ឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែនយ៉ាងធ្ងន់ធ្ងរ។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានជំរុញឱ្យកម្ពុជា និងថៃ រក្សាឱ្យបាននូវបទឈប់បាញ់ បន្ទាប់ពីហេតុការណ៍ទាហានថៃ បានផ្ទុះអាវុធក្នុងពេលដែលកម្ពុជាសម្របសម្រួលក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ។
ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយ សង្គម និងសេដ្ឋកិច្ច បណ្ឌិត ជ័យ តិច នៅថ្ងៃទី៣០ មេសា នេះ បានចាត់ទុកទង្វើរបស់ទាហានថៃ ដែលបាញ់កាំភ្លើងចំនួន ៩គ្រាប់មុខអនុព័ន្ធយោធាបរទេសនៅច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ជាទង្វើព្រហើន មិនគោរពច្បាប់ និងមិនគោរពបណ្តាអនុព័ន្ធយោធាប្រទេសមហាអំណាច។
បណ្ឌិត ជ័យ តិច អះអាងថា អនុព័ន្ធយោធាបរទេស រួមទាំងកងកម្លាំងកម្ពុជា ផងដែរនោះ ដែលឆ្លងកាត់ការហ្វឹកហ្វឺនផ្នែកយោធា ប្រាកដជាស្គាល់ច្បាស់ពីសំឡេងផាវ និងសំឡេងកាំភ្លើង មិនមែនពួកគេជឿតាមការភូតកុហករបស់ថៃ ឡើយ។
អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ ស្នើឱ្យអនុព័ន្ធយោធាបរទេស ចេញមកបញ្ជាក់ចំពោះសំឡេងដែលបានផ្ទុះឡើងនោះ ថាតើជាសំឡេងកាំភ្លើង ឬជាសំឡេងផាវ ដើម្បីជម្រះមន្ទិល និងផ្តល់យុត្តិធម៌ចំពោះកម្ពុជា ហើយក៏ដើម្បីព្រមានចំពោះភាពព្រហើនរបស់កងទ័ពថៃ ផងដែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

