មន្ត្រីបក្សប្រឆាំង លើកឡើងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ហ៊ានបំផុសប្រជាជនខ្មែរឱ្យមានគំនិតជាតិនិយមប្រឆាំងនឹងការឈ្លានពានទឹកដីជាមួយប្រទេសថៃ ប៉ុន្តែគាត់បែរជាបំផុសឱ្យពលរដ្ឋខ្មែរដឹងគុណវៀតណាម ទៅវិញ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ មិថុនា នេះថា កងទ័ពវៀតណាម បានលើកបន្តុបលោក ហ៊ុន សែន ឱ្យធ្វើជានាយករដ្ឋមន្ត្រីខ្មែរតាំងពីទសវត្សរ៍៨០ មកម្ល៉េះ ដូច្នេះទោះជាគាត់ជាប់ដៃប្រឆាំងនឹងការឈ្លានពានទឹកដីពីប្រទេសថៃ ក៏គាត់នៅតែអាចឆ្លៀតរំលឹកគុណកងទ័ពវៀតណាម បានដែរ។
លោក អ៊ុំ សំអាន លើកឡើងថា ទាំងថៃ និងវៀតណាម សុទ្ធតែបានរំលោភឈ្លានពានទឹកដីខ្មែរដូចគ្នា ទាំងដែនទឹក និងដីគោក ខណៈលោក ហ៊ុន សែន ហ៊ានប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាពេលនេះ ប៉ុន្តែគាត់មិនហ៊ានប្តឹងវៀតណាម ពីការឈ្លានពានទឹកដីខ្មែរទៅតុលាការអន្តរជាតិនោះទេ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ដោយសារវៀតណាម ជាអ្នកបង្កើតគណបក្សប្រជាជនកម្ពុជា និងជាចៅហ្វាយរបស់លោក ហ៊ុន សែន ដែលបានលើកបន្តុបគាត់ឱ្យកាន់អំណាចជាង ៤០ឆ្នាំមកនោះ ដូច្នេះទោះបីជាវៀតណាម ឈ្លានពានទឹកដីខ្មែរ ជ្រៀតជ្រែកនយោបាយផ្ទៃក្នុងខ្មែរ និងក្តោបក្តាប់សេដ្ឋកិច្ចខ្មែរក៏ដោយ ក៏លោក ហ៊ុន សែន នៅតែបំផុសគំនិតឱ្យពលរដ្ឋខ្មែរដឹងគុណវៀតណាម ដដែល។
កាលពីថ្ងៃទី២៣ ខែមិថុនា សាលាក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ជុំវិញការប្រារព្ធពិធីរំលឹកខួបទី៧៤ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ ដោយប្រកាសបិទផ្លូវមហាវិថីព្រះនរោត្តមពេញមួយថ្ងៃតែម្តង។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត បានលើកឡើងថា ពេលគណបក្សប្រជាជនកម្ពុជា រៀបចំពិធី ខាងអាជ្ញាធរសុទ្ធតែរៀបចំបញ្ចៀសចរាចរណ៍ដើម្បីកុំឱ្យកកស្ទះ ប៉ុន្តែពេលបក្សប្រឆាំងរៀបចំពិធី បែរជាកម្រិតចំនួនអ្នកចូលរួម និងហាមមិនឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់ទៅវិញ។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា ការដែលគណបក្សប្រជាជនកម្ពុជា នៅតែបន្តយកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាថ្ងៃកំណើតបក្សរបស់ខ្លួន នោះគឺមានន័យថា គណបក្សនេះនៅតែមិនឯករាជ្យ ម្ចាស់ការ និងចាត់ទុកវៀតណាម ជាស្ថាបនិកក្នុងការបង្កើតបក្សនេះដដែល។
គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍កម្ពុជា» ត្រូវបានបង្កើតឡើងដោយលោក សឺង ង៉ុក មិញ ហៅអាចារ្យ មៀន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយបំបែកចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិន។
លោក សឺង ង៉ុក មិញ ដែលមានឈ្មោះជាភាសាវៀតណាម ថា ផាម វ៉ាន់ ហួ (Phạm Văn Hua) គឺជាអតីតសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយលោក ហូ ជី មិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០ មកម្ល៉េះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

