25.9 C
Phnom Penh

នាយករដ្ឋមន្ត្រី​កម្ពុជា​ព្រមាន​ថៃ បើ​ហ៊ាន​បិទ​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​លេង​តំបន់​ប្រាសាទ​តាមាន់ធំ គឺ​ស្មើ​ឆ្លង​បន្ទាត់​ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ព្រមាន​ធ្ងន់ៗ​ទៅ​ភាគី​ថៃ ថា បើ​ថៃ ហ៊ាន​បិទ​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​៣ គឺ​ស្មើ​នឹង​ឆ្លង​បន្ទាត់​ក្រហម​របស់​កម្ពុជា​ហើយ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆជាតិ​នៅ​ថ្ងៃទី​០១ ខែ​កក្កដា នេះ​ថា តំបន់​ប្រាសាទ​តាមាន់ធំ តាមាន់តូច តាក្របី និង​តំបន់​មុំ​៣ ជា​តំបន់​មិន​ទាន់​ដាច់ស្រេច ដែល​កំពុង​រង់ចាំ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដោះស្រាយ ដូច្នេះ​គ្មាន​ភាគី​ណា​មាន​សិទ្ធិ​ឯកតោភាគី​សម្រេច​ចិត្ត​បិទ​តាម​អំពើ​ចិត្ត​បាន​ឡើយ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រសិនបើ​ថៃ ហ៊ាន​បិទ​តំបន់​ទាំង​៤ នេះ​ជា​ឯកតោភាគី នោះ​គឺ​មាន​ន័យ​ថា ថៃ​បាន​បិទ​ច្រក​នៅ​តំបន់​ទាំងនេះ​ជា​ឯកតោភាគី​ដូច្នេះ​ដែរ ហើយ​ច្បាស់​ជា​មាន​បញ្ហា​ជាមួយ​កម្ពុជា​កាន់តែ​ខ្លាំង ដូច្នេះ​ភាគី​ថៃ ត្រូវតែ​រក្សា​គ្រប់​យ៉ាង​ឱ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​មុន​ដដែល។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​នឹង​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ហើយ ដើម្បី​ពិភាក្សា​លើ​បណ្តឹង​ដែល​កម្ពុជា​ដាក់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​សំណុំរឿង​ព្រំដែន​លើ​តំបន់​ទាំង​៤ ដែល​កម្ពុជា​បាន​ប្តឹង​ថៃ នោះ។

កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា កាសែត The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ភូមថាំ វីឆាយ៉ាឆៃ ថា លោក​បាន​ប្រគល់​សិទ្ធិ​ក្នុង​ការ​បិទ​ប្រាសាទ​តាមាន់ធំ ឱ្យ​ទៅ​មេបញ្ជាការ​ភូមិភាគ​ទី​២ ជា​អ្នក​សម្រេច​អស់​ហើយ ព្រោះ​កងទ័ព​នៅ​ជួរមុខ​ជា​អ្នក​ដឹង​សភាពការណ៍​ជាក់ស្ដែង​ជាង ហើយ​ក៏​អាច​ប៉ាន់ប្រមាណ​លើ​កម្រិត​នៃ​វិធានការ​តាម​ការ​សមស្រប​ដែរ។

លោក ភូមថាំ វីឆាយ៉ាឆៃ បញ្ជាក់​ថា មេបញ្ជាការ​ភូមិភាគ​ទី​២ របស់​ថៃ ដែល​ឈរជើង​នៅ​សមរភូមិ​មុខ មាន​លទ្ធភាព​ក្នុង​ការ​វាយតម្លៃ​លើ​កម្រិត​នៃ​ហានិភ័យ​គ្រប់​ពេល និង​អាច​ស្នើ​ឱ្យ​មាន​ការ​បិទ​ប្រាសាទ​តាមាន់ធំ តាម​ការ​ចាំបាច់​តែម្តង។

ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​៣ មិន​មែន​ជា​កម្មសិទ្ធិ​របស់​ថៃ ឡើយ ខណៈ​តំបន់​ទាំង​៤ នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​លើក​យក​ទៅ​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) រួចរាល់​ហើយ​នា​ពេលនេះ បន្ទាប់ពី​ទាហាន​ថៃ បាន​បាញ់​ទាហាន​ខ្មែរ​ម្នាក់​ឱ្យ​ស្លាប់​នៅ​តំបន់​មុំ​៣ កាលពី​ចុង​ខែ​ឧសភា កន្លង​ទៅ​នោះ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ផ្អែក​តាម​ផែនទី​មាត្រដ្ឋាន ១/២០០០០០ ស្រប​តាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ ប្រាសាទ​តាមាន់ធំ គឺជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ផ្ដាច់មុខ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស