លោក ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោកអំពាវនាវឲ្យកូនខ្មែរគ្រប់រូប ត្រូវមានកាតព្វកិច្ចក្នុងការការពារបេតិកភណ្ឌវប្បធម៌ជាតិរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ កក្កដា នេះថា ប្រាសាទព្រះវិហារលាតសន្ធឹងយ៉ាងធំស្កឹមស្កៃប្រៀបដូចជាសំពៅនៅលើមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អ ដែលបានកសាងនៅក្នុងភូមិសាស្ត្រភ្នំដងរែក ខេត្តព្រះវិហារ ភាគឧត្ដរ (ខាងជើង) នៃប្រទេសកម្ពុជា។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រាសាទនេះកសាងឡើងដោយបុព្វបុរសខ្មែរដែលជាអតីតក្សត្រចំនួន ៨ព្រះអង្គ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេព ហើយប្រាសាទនេះជាស្នាដៃរបស់ព្រះអង្គម្ចាស់ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបាននាំសិវលិង្គមកតម្កល់លើភ្នំព្រះវិហារនេះ។
ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ជាមួយនឹងដីនៅជុំវិញតំបន់នោះដែលអង្គការសហប្រជាជាតិបានកាត់ឱ្យកម្ពុជា។
ដោយសារតែបែបនេះ បានធ្វើឲ្យមានហេតុការណ៍ប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារវាងកម្ពុជា-ថៃ ជាពិសេសកើតឡើងរវាងឆ្នាំ២០០៨ និងឆ្នាំ២០១១ កន្លងទៅ។
នៅឆ្នាំ១៩៥៤ ជម្លោះរវាងប្រទេសកម្ពុជា និងថៃ ជុំវិញការទាមទារសិទ្ធិកាន់កាប់ប្រាសាទព្រះវិហារ បានផ្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំង។ នៅពេលនោះ រដ្ឋាភិបាលថៃ បានបញ្ជូនកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលទៅកាន់កាប់ប្រាសាទព្រះវិហារទាំងបំពាន ក្នុងពេលដែលកម្ពុជាជាម្ចាស់នៃប្រាសាទនេះ ប៉ុន្តែកម្ពុជានៅតែស្វែងរកការចរចាតាមរយៈអង្គទូតជាបន្តបន្ទាប់។
ក្រោយដំណើរការចរចាតាមផ្លូវទូតបរាជ័យ កម្ពុជាបានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការអន្តរជាតិនេះផ្តល់យុត្តិធម៌ជុំវិញជម្លោះនេះ និងប្រគល់អធិបតេយ្យដែនដីតំបន់ប្រាសាទព្រះវិហារ ឱ្យមកកម្ពុជាវិញ។ ជាងនេះទៀត កម្ពុជាក៏បានទាមទារឱ្យថៃ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទព្រះវិហារ ផងដែរ។
រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីលើសំណុំរឿងនេះ និងបានបញ្ជាឱ្យរដ្ឋាភិបាលថៃ ដកកងទ័ពចេញពីតំបន់ប្រាសាទ រួមទាំងត្រូវប្រគល់នូវរាល់វត្ថុបុរាណដែលថៃ បានយកចេញពីប្រាសាទ ឬពីតំបន់ប្រាសាទនេះក្នុងអំឡុងពេលដែលថៃ កាន់កាប់ ចាប់តាំងពីឆ្នាំ១៩៥៤ មកឲ្យកម្ពុជាវិញផងដែរ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញ និងបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទដោយឥតលក្ខខណ្ឌ។
ជម្លោះកម្ពុជា និងថៃ បានកើតមានឡើងរាប់សតវត្សមកហើយ។ ប្រទេសជិតខាងកម្ពុជាមួយនេះក៏ដូចជាប្រទេសជិតខាងកម្ពុជានៅភាគខាងកើតដែរ តែងប៉ុនប៉ងលេបត្របាក់ប្រទេសកម្ពុជាមិនចេះចប់ តាមរយៈការប្រើប្រាស់កម្លាំង នយោបាយ និងយុទ្ធសាស្ត្រប្រជាសាស្ត្រ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ ទាហានថៃ ដែលកំពុងមានវត្តមាននៅលើប្រាសាទតាក្របី ក្នុងទឹកដីរបស់ខ្មែរ បានហាមពលរដ្ឋខ្មែរមិនឲ្យស្លៀកពាក់ដែលបង្ហាញពីអត្តសញ្ញាណជាតិ ឬបង់កក្រមាដែលមានទង់ជាតិខ្មែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា នេះអះអាងថា ពលរដ្ឋខ្មែរមានសិទ្ធិស្លៀកសម្លៀកបំពាក់ដែលបង្ហាញពីអត្តសញ្ញាណជាតិពេលទៅទស្សនាប្រាសាទតាក្របី ពីព្រោះប្រាសាទនេះស្ថិតក្នុងដែនអធិបតេយ្យជាតិខ្មែរ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី៧ កក្កដា នេះថា ពលរដ្ឋខ្មែរមានសិទ្ធិស្លៀកសម្លៀកបំពាក់ និងប្រើប្រាស់សម្ភារៈដែលមានរចនារូបទង់ជាតិខ្មែរនៅពេលទៅទស្សនាប្រាសាទតាក្របី។
ប្រភពដដែលបានអះអាងថា ទាហានថៃ បានអនុញ្ញាតឲ្យប្រជាជនថៃ ខ្លួនឯង ប្រើប្រាស់អាវ និងពាក់របស់របរផ្សេងៗមានរូបទង់ជាតិថៃ ចូលមកទស្សនាប្រាសាទយ៉ាងសន្ធឹកសន្ធាប់ តែភាគីថៃ បែរជាមកហាមមិនឲ្យពលរដ្ឋខ្មែរប្រើប្រាស់ក្រមាបង់កដែលមានរចនារូបទង់ជាតិខ្មែរតូចមួយទៅវិញ។
អ្នកស្រី ម៉ាលី សុជាតា អះអាងថា នេះគឺជាទង្វើបំពានកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
អ្នកស្រីអះអាងថា សារព័ត៌មានថៃ ប្រជាជនថៃ និងទាហានថៃមួយចំនួនដែលថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន គឺជាការបំភាន់ខុសពីការពិតទាំងស្រុង ដោយសារភាគីថៃ បានប្រើប្រាស់ និងសំអាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាមផ្លូវច្បាប់។
អ្នកស្រី ម៉ាលី សុជាតា អះអាងថា ប្រាសាទតាក្របីជារបស់ខ្មែរ ដោយសារទីតាំងប្រាសាទនោះស្ថិតនៅលើភ្នំដងរែក ក្នុងភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ដែលអន្តរជាតិទទួលស្គាល់។
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ មានហេតុការណ៍ប៉ះទង្គិចសម្ដីគ្នាបានកើតឡើងនៅពេលអ្នកទេសចរខ្មែរ និងថៃ ទៅទស្សនាប្រាសាទតាក្របី អំឡុងពេលពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានប្រើពាក្យសម្ដីខ្លាំងៗមកលើពលរដ្ឋខ្មែរ ហើយក្នុងចំណោមទាហានថៃ ដែលប្រតិកម្មខ្លាំងមកលើពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទនោះទេ។
កម្ពុជា បានប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើតំបន់ជម្លោះ៤ គឺតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

