26.1 C
Phnom Penh

មូលហេតុ​ពី​ក្រោយ​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន មិន​ប្រើ​អាវុធ​បរមាណូ​បាញ់​ដាក់​ប្រទេស​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន 19Fortyfive បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​វិភាគ​មួយ អំពី​គោលជំហរ​ទីក្រុង​មូស្គូ ដែល​មិន​បាន​ចាប់​យក​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​ទីក្រុង​មូស្គូ ប្រកាស​ថ្កោលទោស​អ៊ុយក្រែន ដែល​បាន​លួច​វាយប្រហារ​លើ​មូលដ្ឋាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-160 Tu-95 និង Tu-22 ដោយ​ដ្រូន​របស់​អ៊ុយក្រែន កម្ទេច​យន្តហោះ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ដល់​ទៅ ៤១​គ្រឿង បង្ក​ឱ្យ​រុស្ស៊ី បាត់បង់​ទ្រព្យសម្បត្តិ​យោធា​ដ៏​មហាសាល​ក្នុង​ទំហំ​សាច់ប្រាក់​ជាង ៧​ពាន់​លាន​ដុល្លារ​អាមេរិក។

ការ​វាយប្រហារ​របស់​កងទ័ព​ដ្រូន​អ៊ុយក្រែន កាលពី​ខែ​មុន​នេះ​ទៅ​លើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី ធ្វើឡើង​ក្នុង​គម្រោង​ប្រតិបត្តិការ​សំណាញ់​ពីងពាង ដែល​កម្លាំង​ចារកម្ម​អ៊ុយក្រែន បាន​លួចលាក់​ដ្រូន​ទាំងនោះ​តាម​រថយន្ត​ឈ្នួល ដោយ​រថយន្ត​នោះ​បើកបរ​ពាសពេញ​ប្រទេស​រុស្ស៊ី ហើយ​វាយប្រហារ​លើ​គោលដៅ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី ដែល​កំណត់​ទុក​ជា​មុន។

វា​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដែល​ប្រទេស​អ៊ុយក្រែន ជា​ជនរងគ្រោះ បាន​វាយលុក​យ៉ាង​ជោគជ័យ​ក្នុង​ប្រតិបត្តិការ​សំណាញ់​ពីងពាង​កម្ទេច​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​មហាអំណាច​រុស្ស៊ី។ ចំពោះ​មុខ​ដ៏​អាម៉ាស់​នេះ វិមាន​ក្រឹមឡាំង ប្រកាស​សងសឹក​ដ៏​ធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ជាមួយ​នឹង​ការ​ព្រមាន​បាញ់​កម្ទេច​រដ្ឋធានី​គៀវ ឱ្យ​ទៅ​ជា​ផេះ​ដោយ​អាវុធ​ដ៏​កំណាច​បំផុត​ដែល​គេ​អាច​គិត​ថា​លោក ពូទីន អាច​នឹង​បាញ់​លើ​ប្រទេស​អ៊ុយក្រែន ដោយ​អាវុធ​នុយក្លេអ៊ែរ ដែល​គ្រាប់​នុយក្លេអ៊ែរ​ប្រភេទ​តាក់ទិច គឺជា​អាវុធ​អាច​ភ្ជាប់​ជាមួយ​នឹង​គ្រាប់​មីស៊ីល​ផ្លោង​ទ្វីប ICBM ព្រោះ​ថា​វិមាន​ក្រឹមឡាំង ច្រឡោត​ខឹង​ខ្លាំង​ណាស់​នៅ​ពេល​នោះ។

រឿង​នេះ សូម្បី​ចារកម្ម​ពួក​បស្ចិម​ប្រទេស ក៏​គិត​ថា​រុស្ស៊ី អាច​នឹង​បាញ់​គ្រាប់​នុយក្លេអ៊ែរ​ដើម្បី​បន្សាប​ភាព​ខ្លាំង​របស់​អ៊ុយក្រែន និង​ពួក​បស្ចិម​ប្រទេស។ តែ​ទីបំផុត រុស្ស៊ី បាន​ត្រឹម​បាញ់​មីស៊ីល​បាលីស្ទិក និង​ដ្រូន​រាប់​រយ​គ្រឿង​ទៅ​លើ​រដ្ឋធានី​គៀវ ហើយ​សូម្បី​មីស៊ីល​អន្តរទ្វីប ICBM ក៏​រុស្ស៊ី មិន​បាន​បាញ់​លើ​អ៊ុយក្រែន ដែរ។

ចំពោះ​ហេតុផល​មួយ​ទៀត ទីក្រុង​មូស្គូ អាច​គិត​ថា បើ​រុស្ស៊ី បាញ់​នុយក្លេអ៊ែរ​តាក់ទិច​ត្រឹម​តែ​មួយ​គ្រាប់ ក៏​មិន​អាច​ធ្វើ​ឱ្យ​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ចុះចាញ់​ដែរ។ តែ​ផ្ទុយទៅវិញ បែរជា​ពួក​កងទ័ព​ណាតូ​ហក់​ចូល​ជួយ​អ៊ុយក្រែន វា​នឹង​អន្តរាយ​ដល់​ទីក្រុង​មូស្គូ យ៉ាង​លឿន​បំផុត។

តែ​កត្តា​មួយ​ទៀត ព្រោះតែ​ចិន ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ប្រឆាំង​នឹង​ការ​កើន​ឡើង​នូវ​សកម្មភាព​អាវុធ​នុយក្លេអ៊ែរ ដែល​ទីក្រុង​ប៉េកាំង ប្រឆាំង​ដាច់ខាត​ការ​វាយប្រហារ​ណា​មួយ​ដោយ​អាវុធ​ប្រល័យ​លោក​ដ៏​កំណាច​នេះ។ យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ទប់ស្កាត់​រុស្ស៊ី គឺ​អ៊ុយក្រែន មិន​ខ្លាច​រុស្ស៊ី ទោះបីជា​បើក​ការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ទៅ​លើ​អ៊ុយក្រែន ក៏ដោយ។

ដូច​នេះ​ហើយ រុស្ស៊ី​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ក្នុង​ការ​បន្ត​អូស​បន្លាយ​សង្គ្រាម​រយៈពេល​វែង​ជាមួយ​អ៊ុយក្រែន ដោយ​ជឿជាក់​ថា ការ​វាយប្រហារ​ដោយ​ការ​ប្រើប្រាស់​មីស៊ីល ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ខ្លួន អាច​បំបាក់​ស្មារតី​របស់​កងទ័ព​អ៊ុយក្រែន បាន ក្នុង​សង្គ្រាម​ច្រើន​ខែ​ទៅ​មុខ​ទៀត។

តើ​លក្ខខណ្ឌ​អ្វី​ខ្លះ​ដែល​រុស្ស៊ី អាច​ឈាន​ទៅ​រក​ការ​ផ្ទុះ​អាវុធ​នុយក្លេអ៊ែរ?

ទោះបីជា​លោក ពូទីន កំពុង​បង្កើន​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អ៊ុយក្រែន ក៏ដោយ ក៏​គេ​នៅតែ​មិន​យល់​ថា​លោក ពូទីន នឹង​ឈាន​ទៅ​រក​ការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។ គេ​ថា​លោក ពូទីន គ្រាន់តែ​ចង់​បង្ហាញ​ប្រាប់​ទៅ​កាន់​ពិភពលោក​ថា ប្រទេស​របស់​លោក​ជា​មហាអំណាច​នុយក្លេអ៊ែរ ដែល​គ្រាន់តែ​ជា​ការ​គំរាមកំហែង​ទៅ​ដល់​ពួក​ប្រទេស​លោកខាងលិច​កុំ​ឱ្យ​លូក​ដៃ​លើក​ទ័ព​ចូល​អន្តរាគមន៍​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី ប្រឆាំង​នឹង​អ៊ុយក្រែន។ កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ពូទីន បាន​កែប្រែ​គោលការណ៍​អាវុធ​នុយក្លេអ៊ែរ​រុស្ស៊ី ដោយ​បន្ថែម​លក្ខខណ្ឌ​ថ្មី​ចំនួន ៣ សម្រាប់​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដែល​មាន​ដូចជា៖

  • លក្ខខណ្ឌ​ទី​១ ប្រសិនបើ​ប្រទេស​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដូចជា អ៊ុយក្រែន វាយប្រហារ​ទៅ​លើ​រុស្ស៊ី ប៉ុន្តែ​មាន​ការ​គាំទ្រ​ពី​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ដូច​រុស្ស៊ី ដូចជា​សហរដ្ឋ​អាមេរិក បារាំង និង​អង់គ្លេស នោះ​រុស្ស៊ី​នឹង​ចាត់ទុក​ថា​សន្តិសុខ​រុស្ស៊ី ធ្លាក់​ក្នុង​ស្ថាន​គ្រោះថ្នាក់ ព្រោះ​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ចាប់ផ្ដើម​ចូល​ធ្វើ​អន្តរាគមន៍​ផ្ទាល់​ដោយ​លើក​ទ័ព​ជួយ​អ៊ុយក្រែន។
  • លក្ខខណ្ឌ​ទី​២ រុស្ស៊ី​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​បង្ការ​ទុក​ជា​មុន ដើម្បី​ជា​ការ​ទប់ស្កាត់ ប្រសិនបើ​រុស្ស៊ី ទទួល​បាន​ព័ត៌មាន​អាច​ជឿ​ទុកចិត្ត​បាន​អំពី​ការ​វាយប្រហារ​តាម​អាកាស ឬ​អាកាស និង​តំបន់​សមុទ្រ​វាយ​ចូល​ប្រទេស​រុស្ស៊ី ដែល​ជា​កម្លាំង​របស់​ប្រទេស​មាន​គ្រាប់​នុយក្លេអ៊ែរ។
  • លក្ខខណ្ឌ​ទី​៣ រុស្ស៊ី​ប្រកាស​ថា ករណី​ដែល​សត្រូវ​ប្រើ​អាវុធ​ធ្ងន់ធ្ងរ បង្កើត​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យ​របស់​រុស្ស៊ី នោះ​រុស្ស៊ី អាច​ពិចារណា​ប្រើ​អាវុធ​នុយក្លេអ៊ែរ។

ទោះបីជា​រុស្ស៊ី បាន​កែប្រែ​គោលការណ៍​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ឆ្នាំ​២០២៤ នេះ​ក៏ដោយ ក៏​លោក ពូទីន នៅតែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​លោក​នឹង​មិន​ជ្រើសរើស​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​បើក​ការ​វាយប្រហារ​ទៅ​លើ​សត្រូវ​ណា​មួយ​នោះ​ឡើយ។ ជាក់ស្តែង ការ​កែប្រែ​នូវ​គោល​លទ្ធិ​នេះ​បាន​ផ្តល់​នូវ​ច្រក​ចេញ ឬ​ជម្រើស​ដល់​លោក ពូទីន ដើម្បី​ជៀសវាង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ឬ​ក៏​ត្រូវ​ប្រើ​អាវុធ​ប្រល័យ​លោក​ដ៏​កំណាច​នេះ បើ​ចាំបាច់។

ជំនួស​ឲ្យ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ លោក ពូទីន កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ធម្មតា គឺ​វាយប្រហារ​ដោយ​បាញ់​បង្ហោះ​ដ្រូន និង​មីស៊ីល​ច្រើន​សន្ធឹកសន្ធាប់​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ជា​រៀងរាល់​ថ្ងៃ ដើម្បី​បំបាក់​ស្មារតី​ប្រជាជន​អ៊ុយក្រែន និង​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស