33.8 C
Phnom Penh

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ថា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ការ​ធ្វើ​ច្បាប់​ដក​ហូត​សញ្ជាតិ​ខ្មែរ​ពី​កំណើត ពោល​គឺ​ជន​កើត​លើ​ទឹកដី​ខ្មែរ ជា​ការ​បំពាន​ច្បាប់​អន្តរជាតិ តាម​ការ​ពន្យល់​ពី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ពីព្រោះ​វា​បង្ក​ឲ្យ​មាន​មនុស្ស​លោក​គ្មាន​អត្តសញ្ញាណ​ភាព​ជា​ជាតិ​សាសន៍​ណា​មួយ​ពិតប្រាកដ គ្មាន​ទឹកដី​រស់នៅ (stateless) គ្មាន​សិទ្ធិ​រស់នៅ សិទ្ធិ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល​សុខភាព សិទ្ធិ​ចុះឈ្មោះ​កូនចៅ រៀន​សូត្រ សិទ្ធិ​ទទួល​បាន​ប្រយោជន៍​សាធារណៈ​ដូច​ជាតិ​សាសន៍​ដទៃ ពោល​គឺជា​អំពើ​ប្រកាន់​ជាតិ​សាសន៍​លើ​ជាតិ​សាសន៍​ខ្មែរ។

គេ​រក​ឃើញ​ថា អំពើ និង​ទង្វើ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យក​រាជាធិបតេយ្យ​ជា​ខែល បំពាន​មាត្រា​១៥ នៃ​សេចក្តី​ប្រកាស​សកល​ស្តីអំពី​សិទ្ធិមនុស្ស អនុសញ្ញា​ឆ្នាំ​១៩៦១ ស្តីអំពី​ការ​កាត់បន្ថយ​ភាព​គ្មាន​ទឹកដី​រស់នៅ​ជា​មនុស្ស​ជាតិ (1961 Convention on the Reduction of Statelessness) កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីអំពី​សិទ្ធិ​ស៊ីវិល និង​នយោបាយ ហៅ​កាត់​ថា ICCPR ដែល​ចូល​ជា​ធរមាន​បញ្ញត្តិ​នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​១៩៧៦ ហើយ​និង​អនុសញ្ញា​ស្តីអំពី​ការ​ហាមប្រាម​ការ​ប្រកាន់​រើសអើង​ពូជសាសន៍​គ្រប់​ទ្រង់ទ្រាយ ដែល​ចូល​ជា​ធរមាន​បញ្ញត្តិ​នៅ​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​១៩៦៩។

តាម​ការ​តាមដាន​ស្ថានការណ៍​នយោបាយ​ស្រុក​ខ្មែរ​ពី​សំណាក់​មជ្ឈដ្ឋាន​បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន អ្នក​ខ្លះ​សួរ​ថា ហេតុ​អ្វី​លោក ហ៊ុន សែន ប្រញាប់ប្រញាល់​កែ​រដ្ឋធម្មនុញ្ញ​ធ្វើ​ច្បាប់​ដកហូត​សញ្ជាតិ​ខ្មែរ​ពី​កំណើត​លើ​ពលរដ្ឋ​ខ្មែរ​កើត​លើ​ទឹកដី​ខ្មែរ​ពី​ដូនតា ជា​មាតុភូមិ​របស់​ខ្លួន មាន​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និយាយ និង​សរសេរ​អក្សរ​ភាសា​ខ្មែរ​ពី​កំណើត។

ព្រឹត្តិការណ៍​នេះ កើតឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយពី​មេដឹកនាំ​បក្ស​ជំទាស់​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដោះ​អាវ​បក្ស ពាក់​អាវ​ជាតិ ទៅ​សាមគ្គី​ជាមួយ​លោក ហ៊ុន សែន រឿង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃឡង់ដ៍ តែ​លោក ហ៊ុន សែន អត់​អើពើ​នឹង​លោក។

បន្ទាប់​មក លោក​ថា​លោក​នឹង​ទៅ​បង្កើត​រណសិរ្ស​ជាតិ​តស៊ូ​មួយ​ពី​ខាង​ប្រទេស​ថៃឡង់ដ៍ ហើយ​ថែមទាំង​បន្ទាប់​មក​ថ្លែង​ថា លោក ហ៊ុន សែន ខឹង​នឹង​ថៃ ព្រោះ​អាជ្ញាធរ​ថៃ ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឧក្រិដ្ឋកម្ម​តាម​តំបន់​ព្រំដែន ដែល​ផ្តាច់​បណ្ដាញ​រក​ផល​ប្រយោជន៍​ឲ្យ​លោក ហ៊ុន សែន ទៅវិញ មិនមែន​ជា​រឿង​វិវាទ​ព្រំដែន ថៃ​ឈ្លានពាន​អ្វី​នោះ​ទេ។

យ៉ាងណាមិញ សម្រាប់​ពលរដ្ឋ​ជា​ជាតិ​សាសន៍​ខ្មែរ​ពី​កំណើត មើល​ឃើញ​លោក ហ៊ុន សែន និង​បក្ខពួក​កាន់តែ​ក្បត់​ផល​ប្រយោជន៍​ខ្មែរ​ខ្លាំង​ឡើង ដែល​អាច​ឈាន​ដល់​ការ​បំបាត់​ពូជពង្ស​ខ្មែរ​ម្ចាស់​ទឹកដី តែ​បញ្ចូល​បរទេស​មក​រស់​លើ​ទឹកដី​ខ្មែរ ទាញ​ផល​ពី​ធនធាន​ធម្មជាតិ​ខ្មែរ មាន​ជនជាតិ​យៀកណាម ចិន ជាដើម។ ជនបរទេស​មាន​ប្រាក់កាស​ថា​មក​រកស៊ី​ស្រុក​ខ្មែរ បែរ​ជា​ទិញ​សញ្ជាតិ​ខ្មែរ​ទៅ​ប្រព្រឹត្ត​សកម្មភាព​ឧក្រិដ្ឋ។ រីឯ​ពលរដ្ឋ​ខ្មែរ​ដែល​មើល​ឃើញ​ស្រុក​ទេស សង្គម​ជាតិ​ខ្លួន​សម្បូរ​ឧក្រិដ្ឋកម្ម ស្អុយ​ឈ្មោះ​លើ​ឆាក​អន្តរជាតិ និយាយ​រិះគន់​ត្រូវ​បាត់​សញ្ជាតិ​ពី​កំណើត​របស់​ខ្លួន ក្លាយ​ជា​ជន​អនាថា​គ្មាន​អត្តសញ្ញាណ​ភាព​ក្រោម​អំណាច​រដ្ឋាភិបាល​សម្ដី​ខ្មែរ​សែ​បរទេស៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស