លោក ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ប្រកាសថា ចាប់ពីឆ្នាំ២០២៦ តទៅ កម្ពុជានឹងផ្តើមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ប៉ុន្តែត្រូវធ្វើវិសោធនកម្មច្បាប់ជាមុន ដើម្បីធ្វើយ៉ាងណាឲ្យសមស្របនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី៣២ នៃទិវាកងរាជអាវុធហត្ថនៅថ្ងៃទី១៤ កក្កដា នៅក្នុងខេត្តកំពង់ឆ្នាំង ថា វិសោធនកម្មច្បាប់នេះ នឹងត្រូវកែសម្រួលឱ្យសមស្របនឹងស្ថានភាពបច្ចុប្បន្ន ដោយផ្ដោតសំខាន់លើរយៈពេលជាប់កាតព្វកិច្ចរហូតដល់ ២៤ខែ ដើម្បីធានាបាននូវប្រសិទ្ធភាពហ្វឹកហាត់ និងសមត្ថភាពរបស់ទ័ពកាតព្វកិច្ច។
លោកនាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា ច្បាប់នេះនឹងជួយឱ្យកម្ពុជា ធានាបាននូវការបង្កើនបរិមាណកងទ័ព ដែលអាចបំពេញបាននូវចំនួនកងទ័ពនៅតាមបណ្តាអង្គភាព និងបង្កើនប្រសិទ្ធភាពនៃការជ្រើសរើសកងទ័ពអាជីព។ លោកថា លោកពិនិត្យមើលទៅគឺចាំបាច់ត្រូវអនុវត្តច្បាប់កាតព្វកិច្ចនេះ ព្រោះច្បាប់នេះបានធ្វើតាំងពីឆ្នាំ២០០៦ តែមិនទាន់ដល់ពេលអនុវត្ត។
លោកអះអាងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ ក៏អនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាពក្នុងការកោះហៅទ័ពកាតព្វកិច្ចដែលធ្លាប់ទទួលបានការហ្វឹកហ្វឺនរួចជាស្រេច ចូលរួមជាមួយយោធាអាជីពផងដែរ ក្នុងករណីសភាពការណ៍ចាំបាច់សម្រាប់ការពារជាតិ។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី អះអាងថា បើតាមការសង្កេតរបស់លោក ច្បាប់នេះគួរតែមានយូរណាស់មកហើយ ព្រោះប្រទេសជិតខាងតែងតែចិញ្ចឹមចិត្តចង់លេបត្របាក់ទឹកដីកម្ពុជាតាំងពីយូរយារណាស់មកហើយដែរ។ លោកថា ច្បាប់នេះក៏ត្រូវតែអនុវត្តដែរ ដើម្បីពង្រឹងវិស័យកងទ័ព។
ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ឆ្នាំ២០០៦ មាន ៦ជំពូក និង ១៨មាត្រា។ ច្បាប់នេះបានកំណត់ថា ពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុ ១៨ឆ្នាំដល់ ៣០ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធាសម្រាប់រយៈពេល ១៨ខែ។ ចំពោះស្ត្រី ការអនុវត្តច្បាប់នេះ គឺស្ថិតក្រោមគោលការណ៍ស្ម័គ្រចិត្ត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

