34.1 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំបែក​សម្បុក​ឧក្រិដ្ឋជន​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​ពួកគេ​មិន​ហ៊ាន​ឆ្លង​ចូល​មក​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​អាច​អនុវត្ត​វិធានការ​ច្បាប់​បំបែក​សម្បុក​ក្រុម​ឧក្រិដ្ឋជន​ឆបោក និង​លាង​លុយ​កខ្វក់​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​លើ​ទឹកដី​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព នោះ​ក្រុម​ឧក្រិដ្ឋជន​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក៏​មិន​ហ៊ាន​ឆ្លង​ចូល​មក​កម្ពុជា​បន្ត​ទៀត​ដែរ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ថា ការ​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​របស់​មេដឹកនាំ​ពិភពលោក និង​មេដឹកនាំ​អាស៊ាន​ពី​ឧក្រិដ្ឋជន​ឆបោក និង​លាង​លុយ​កខ្វក់​ក្នុង​ប្រទេស​ថៃ គឺជា​ការ​សម្រេច​ចិត្ត​របស់​ពួកគេ។

លោក​បន្ត​ថា បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​កម្ពុជា​អាច​អនុវត្ត​ច្បាប់​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ដែល​ហៀរហូរ​មកពី​ប្រទេស​ថៃ ឱ្យ​អស់​ពី​ទឹកដី​របស់​ខ្លួន​បាន​ដែរ​ឬ​ក៏​អត់​ប៉ុណ្ណោះ ដែល​នេះ​ទើប​ជា​រឿង​សំខាន់​សម្រាប់​កម្ពុជា​ត្រូវ​ធ្វើ។

លោក សេក សុជាតិ លើកឡើង​ថា បើ​តាម​ការ​អះអាង​របស់​លោក ហ៊ុន សែន មាន​ន័យ​ថា​កម្ពុជា​បាន​ដឹង​តាំងពី​យូរ​ណាស់​មក​ហើយ​ថា​ក្រុម​ឧក្រិដ្ឋជន​បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​តាម​ច្រក​ព្រំដែន​ទប់ស្កាត់​មិន​បាន ហើយ​នេះ​ក៏​ជា​ករណី​ចាំបាច់​ដែល​រដ្ឋាភិបាល​ត្រូវ​ត្រួតពិនិត្យ​ពី​ការ​អនុវត្ត​តួនាទី​របស់​ពួកគេ​ឡើងវិញ​ដែរ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​វិធានការ​ច្បាប់​លើ​ក្រុម​ឧក្រិដ្ឋជន​ដែល​ត្រូវ​បាន​កំណត់​មុខសញ្ញា​ហូរ​ចូល​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ឱ្យ​បាន​ម៉ឺងម៉ាត់ ខណៈ​ក្រុម​ឧក្រិដ្ឋជន​ដែល​បាន​សម្ងំ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ក៏​ត្រូវ​តែ​បំបែក​សម្បុក​របស់​ពួកគេ​ឱ្យ​អស់​ដូច​គ្នា​ដែរ នោះ​ទើប​អាច​ធានា​ភាព​សុខសាន្ត និង​រក្សា​មុខមាត់​របស់​កម្ពុជា​បាន។

កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា នៅ​ពេលនេះ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាន​សារភាព​ហើយ​តាម​កិច្ចសម្ភាសន៍​មួយ​លើ​ទូរទស្សន៍​ថៃ កាលពី​ថ្ងៃទី​៩ ខែ​កក្កដា ថា​ឧក្រិដ្ឋជន​ធំៗ​ឆបោក​តាម​អនឡាញ​កំពុង​ស្នាក់នៅ​ក្នុង Apartment តម្លៃ​រាប់​ពាន់​លាន​បាត​នៅ​ទីក្រុង​បាងកក និង​ធ្វើ​ដំណើរ​ដោយ​សេរី​ចេញ​ចូល​ប្រទេស​ក្បែរ​ខាង។

លោក ហ៊ុន សែន អះអាង​ថា សព្វថ្ងៃ​នេះ មេ​ឧក្រិដ្ឋជន​ឆបោក​អនឡាញ​នៅ​ពាសពេញ​ប្រទេស​ថៃ ខណៈ​ទីក្រុង​បាងកក គឺជា​សម្បុក​នៃ​ពួក​ឧក្រិដ្ឋជន​ឆបោក​ខុស​ច្បាប់ និង​លាង​លុយ​កខ្វក់។

លោក​បន្ត​ថា ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​បាន​ហៀរ​ចូល​កម្ពុជា​រហូត​មក ព្រោះ​ប្រទេស​ថៃ គឺជា​ច្រក​ផ្លូវ​ឆ្លងកាត់ និង​ជា​ទីតាំង​ដ៏​សំខាន់​មួយ​សម្រាប់​ចែកចាយ​គ្រឿងញៀន​ដ៏​ច្រើន​លើសលប់​ចេញពី​តំបន់​ត្រីកោណ​មាស។

ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​ពិភពលោក និង​មេដឹកនាំ​អាស៊ាន ទទួលស្គាល់​នូវ​ការ​លើកឡើង​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជុំវិញ​រឿង​ឧក្រិដ្ឋជន​ឆបោក​ខុស​ច្បាប់ និង​លាង​លុយ​កខ្វក់​ក្នុង​ប្រទេស​ថៃ នា​ពេលនេះ។

លោក​បន្ថែម​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ របាយការណ៍​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​របស់​អង្គការ​សហប្រជាជាតិ (UNODC) ក៏​បាន​បញ្ជាក់​ថា ការ​ផលិត និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​តំបន់​ត្រីកោណ​ជាប់​ព្រំដែន​រវាង​ប្រទេស​មីយ៉ាន់ម៉ា ឡាវ និង​ថៃ ក៏​បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស