34.1 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ចំពោះ​ការ​គំរាម​របស់​ភាគី​ថៃ ដែល​ប៉ុនប៉ង​បិទ​ប្រសាទ​តាមាន់ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ជូន​កំណត់​ទូត​ទៅ​ភាគី​ថៃ និង​ចេញ​សេចក្តី​ថ្លែងការណ៍ រួម​ទាំង​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ជុំវិញ​ការ​គំរាម​របស់​ភាគី​ថៃ ដែល​ប៉ុនប៉ង​បិទ​ប្រាសាទ​តាមាន់ធំ​ដោយ​ឯកតោភាគី បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​ប្រាសាទ​នេះ​កាន់តែ​ច្រើន​នោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ កក្កដា នេះ​ថា ដើម្បី​ដាក់​សម្ពាធ​ទៅ​កាន់​រដ្ឋាភិបាល​ថៃ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ជូនដំណឹង​ទៅ​អាស៊ាន (ASEAN) និង​ស្នើ​កោះ​ប្រជុំ​រំឭក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ស្ដីពី​ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​កម្ពុជា ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ មក​លើ​ខ្លួន​នា​ពេលនេះ។ ជាង​នេះ​ទៀត កម្ពុជា​ក៏​ត្រូវ​ជូនដំណឹង​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ផង​ដែរ ស្រប​ពេល​ដែល​ខ្លួន​កំពុង​បន្ត​យន្តការ​ច្បាប់​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ (ICJ) នោះ។

លោក ម៉ែន ណាត លើកឡើង​ថា ភាគី​ថៃ កំពុង​ដើរតួ​ធ្វើ​ជា​ម្ចាស់​ប្រាសាទ​តាមាន់ធំ ដោយ​ចាត់ទុក​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​លេង​ប្រាសាទ​នេះ គ្រាន់តែ​ជា​ភ្ញៀវ​ទេសចរ ដែល​ទង្វើ​នេះ​គឺជា​ភាព​គឃ្លើន​របស់​ថៃ ក្នុង​ការ​ឈ្លានពាន​កម្ពុជា និង​ចង់​បាន​ប្រាសាទ​របស់​ខ្មែរ​ដោយ​គ្មាន​ការ​អៀនខ្មាស។

អ្នក​សង្កេតការណ៍​រូប​នេះ បញ្ជាក់​ថា ចំពោះ​ការ​ដែល​ថៃ បាន​សាងសង់​ផ្លូវ​នៅ​ក្នុង​តំបន់​ជម្លោះ​មុំ​បី និង​ជីក​លេណដ្ឋាន​កងទ័ព​ក្បែរ​ប្រាសាទ​តាមាន់ធំ គឺជា​ភស្តុតាង​យ៉ាង​ច្បាស់​ពី​ការ​រំលោភ​ឈ្លានពាន​របស់​ថៃ លើ​ទឹកដី​កម្ពុជា ដែល​ទង្វើ​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

នៅ​ថ្ងៃទី​២២ កក្កដា នេះ កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​មេបញ្ជាការ​ភូមិភាគ​២ របស់​ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ដែល​បាន​ព្រមាន​បិទ​ប្រាសាទ​តាមាន់ធំ​រយៈពេល ៧​ថ្ងៃ ដោយ​ចោទ​កម្ពុជា​ថា​មិន​អាច​គ្រប់គ្រង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​លេង​ប្រាសាទ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ។

ជាង​នេះ​ទៀត នាយករដ្ឋមន្ត្រី​ស្តីទី​របស់​ថៃ លោក ភូមិថាំ វិឆាយ៉ាឆៃ (Phumtham Wechayachai) ក៏​បាន​ព្រមាន​កាលពី​ថ្ង​ចន្ទ​ដើម​សប្តាហ៍​នេះ​ដែរ​ថា ប៉ូលិស​ថៃ ចំនួន​ពីរ​ក្រុម​ដែល​បំពាក់​ឧបករណ៍​បង្ក្រាប​កុប្បកម្ម បាន​ដាក់​ពង្រាយ​នៅ​តាម​ប្រាសាទ​តាមាន់ធំ​រួច​ជា​ស្រេច ដើម្បី​ការពារ និង​គ្រប់គ្រង​អាកប្បកិរិយា​មិន​សមរម្យ ដែល​អាច​កើតមាន​ពី​ភ្ញៀវ​ទេសចរ​ខ្មែរ​ដែល​ចូល​ទៅ​លេង​ប្រាសាទ​នោះ។

ប្រាសាទ​តាមាន់ធំ គឺជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​បី​ផ្សេង​ទៀត ដូចជា តំបន់​មុំ​បី ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ប្តឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ (ICJ) ប៉ុន្តែ​រហូត​ដល់​ពេលនេះ គេ​មិន​ទាន់​ឃើញ​ពាក្យបណ្ដឹង​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តឹង​ថៃ នៅឡើយ​ទេ។

ជុំវិញ​សំណុំរឿង​ប្តឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​តំបន់​ទាំង ៤ នេះ ពលរដ្ឋ​ខ្មែរ​សង្ស័យ​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​កុហក​ពួកគេ ព្រោះ​ភាគី​ថៃ នៅតែ​បន្ត​ឈ្លានពាន​ដោយ​មិន​ញញើត ខណៈ​រដ្ឋាភិបាល​ខ្មែរ​មិន​មាន​វិធានការ​ណា​មួយ​ទប់ស្កាត់​ការ​ឈ្លានពាន​ទាំងនោះ​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស