28.4 C
Phnom Penh

ស្ថានភាព​បាញ់​គ្រាប់​ផ្លោង​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​និង​ថៃ មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុន​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​ជួប​ប្រជុំ​គ្នា​ពិនិត្យ​ពិភាក្សា​លើ​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ ការ​វាយប្រហារ​គ្នា​ដោយ​បាញ់​គ្រាប់​ផ្លោង​ឆ្លងដែន​ទៅវិញ​ទៅមក បាន​បន្ត​រហូត​ដល់​ថ្ងៃទី​ពីរ​តាំងពី​ព្រលឹម​ស្រាងៗ​ថ្ងៃ​សុក្រ។

អ្នកកាសែត​ពី​ទីភ្នាក់ងារ​ព័ត៌មាន​នានា រាយការណ៍​អំពី​ចំនួន​ជនស៊ីវិល​រង​របួស​កើន​ដល់ ១៦​នាក់ ហើយ​អាជ្ញាធរ​បាន​បន្ត​ជម្លៀស​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​តាម​ខេត្ត​ជាប់​ព្រំដែន​ទាំង​សងខាង​ទៅ​កាន់​ទីជម្រក​សុវត្ថិភាព។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ដាស់តឿន​ទេសចរ​អាមេរិកាំង​ឲ្យ​ប្រុងប្រយ័ត្ន កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មាន​ជម្លោះ។ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប សហព័ន្ធ​រុស្ស៊ី រួម​ទាំង​អង្គការ​សហប្រជាជាតិ បាន​ទទូច​ឲ្យ​ភាគី​ទាំង​សងខាង​ទប់​ចិត្ត​ថ្លើម ទប់​កំហឹង បញ្ឈប់​ការ​វាយប្រហារ​គ្នា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជនស៊ីវិល។

ដំណាល​ពេល​គ្នា​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ត្រៀម​បើក​កិច្ចប្រជុំ​បន្ទាន់​មិន​ចំហ ក្រោម​អធិបតីភាព​ប្រធាន​តាម​វេន ឯកអគ្គរដ្ឋទូត​ប្រទេស​ប៉ាគីស្ថាន Asim Iftikhar Ahmad ស្តីអំពី​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​កក្កដា នា​ម៉ោង ៣​រសៀល តាម​សំណើ​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​យោធា​ថៃ បើក​ការ​វាយប្រហារ​លើ​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​កក្កដា។ យោធា​ថៃ និយាយ​ថា គេ​ឆ្លើយ​តបត​នឹង​ការ​បាញ់​គ្រាប់​ផ្លោង​ពី​ទឹកដី​ខ្មែរ​រឿង​បិទ​ប្រាសាទ​តាមាន់ធំ ដែល​លោក ហ៊ុន ម៉ាណែត ថា​ជា​គំនូស​ក្រហម​ដើរ​កាត់​មិន​បាន។

ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កក្កដា នេះ បាន​ចុះផ្សាយ​ថា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UN) គ្រោង​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​ស្ដីពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​សុក្រ​ម៉ោង ៣​រសៀល ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​លោក Asim Iftikhar Ahmad នៅ​ថ្ងៃទី​២៤ កក្កដា នេះ ដោយ​ស្នើ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាបន្ទាន់ បន្ទាប់ពី​កងកម្លាំង​ប្រដាប់អាវុធ​ថៃ បាន​បើក​ការ​វាយប្រហារ​ដោយ​ចេតនា​លើ​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន រួម​ទាំង​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី និង​តំបន់​មុំ​ប៉ី នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ដដែល​នោះ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​២៥ កក្កដា នេះ​ថា ចាប់តាំងពី​ថ្ងៃទី​២៤ វេលា​ម៉ោង ០៨ និង ៤៦​នាទី​ព្រឹក ភាគី​ថៃ បាន​បើ​ការ​វាយប្រហារ​ដោយ​អាវុធ​ធុន​ធ្ងន់ និង​ប្រើ​យន្តហោះ​ចម្បាំង​ម៉ាក F-16 ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​កម្ពុជា​ផង​ដែរ។ យន្តហោះ​ចម្បាំង​ថៃ ទម្លាក់​គ្រាប់បែក​លើ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ពីរ​កន្លែង ផ្តាច់​ផ្លូវ​ដឹកជញ្ជូន​ទៅ​ប្រាសាទ​ព្រះវិហារ និង​កម្ទេច​ខ្សែកាប​ជិះ​ឆ្លង​ភ្នំ។

ប្រភព​ដដែល​បន្ត​ថា រហូត​ដល់​ថ្ងៃទី​២៥ ខែ​កក្កដា វេលា​ម៉ោង ០៣ និង ២០​នាទី ថៃ​បាន​បើក​ការ​វាយប្រហារ​នៅ​តំបន់​ភ្នំ​ខ្មោច ភ្នំ​តាថាវ និង​ភ្នំ​៣៣៣ (ភ្នំ​បី​សាម​បី) ហើយ​វេលា​នោះ ថៃ​ក៏​បាន​ប្រើ​គ្រាប់បែក​ចង្កោម​វាយប្រហារ​លើ​ទឹកដី​ខ្មែរ​នៅ​តំបន់​ភ្នំ​ខ្មោច​ផង​ដែរ នៅ​វេលា​ម៉ោង ០៥ និង ២៥​នាទី។

លើស​ពី​នេះ នៅ​វេលា​ម៉ោង ០៥ និង ៣០​នាទី ថៃ​បាន​វាយប្រហារ​នៅ​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ខណៈ​វេលា​ម៉ោង ០៥ និង ៤០​នាទី ថៃ​ក៏​បាន​វាយប្រហារ​នៅ​តំបន់​មុំ​៣ បន្ថែម​ទៀត និង​នៅ​ម៉ោង ០៦ និង ៥០​នាទី ថៃ​ក៏​បាន​បាញ់​គ្រាប់បែក​ចង្កោម​លើក​ទី​២ នៅ​ភូមិ​តេជោ ឃុំ​តេជោធម្មជាតិ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។

នៅ​វេលា​ម៉ោង ០៧ និង ០៣​នាទី ថៃ​បាន​បាញ់​ប្រហារ​ចូល​តំបន់​ជាំតែ ហើយ​នៅ​វេលា​ម៉ោង ០៨ និង ០០​នាទី ថៃ​ក៏​បាន​ព្យាយាម​វាយ​ដណ្តើម​យក​ប្រាសាទ​តាក្របី ប៉ុន្តែ​ត្រូវ​កម្លាំង​កងទ័ព​កម្ពុជា​ទប់​ជាប់។

ក្រសួង​ការពារ​ជាតិ អះអាង​ថា កងទ័ព​ថៃ បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដោយ​ខុស​ច្បាប់ ដើម្បី​វាយប្រហារ​មក​លើ​ទឹកដី​កម្ពុជា ដែល​អំពើ​ឈ្លានពាន​ទាំង​កម្រោល និង​គ្មាន​មនុស្សធម៌​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​ឃោរឃៅ និង​អមនុស្សធម៌ និង​បំពាន​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម​នោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​ឱ្យ​មើល​ឃើញ​ថា ថៃ​គ្មាន​ខ្លាចរអា​ចំពោះ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ថែមទៀត។

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ មាន​ទីតាំង​ចំនួន ៧​កន្លែង​ដែល​កងទ័ព​ថៃ បាន​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា ក្នុង​នោះ​ទិស​ទី​១ មាន ៥​ទីតាំង និង​ទិស​ទី​២ មាន​ចំនួន ២​ទីតាំង។

កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ទាហាន​ថៃ បាន​បើក​ការ​បាញ់​ប្រហារ និង​ផ្លោង​គ្រាប់​ចូល​ដី​កម្ពុជា​ចំនួន ៨​ទីតាំង ទាំង​នៅ​សមរភូមិ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ តែ​កងទ័ព​កម្ពុជា​បាន​ឆ្លើយតប​ត្រឡប់​ទៅវិញ​រហូត​អាច​គ្រប់គ្រង​ប្រាសាទ​តាក្របី ប្រាសាទ​តាមាន់ធំ និង​តំបន់​មុំ​បី បាន​ទាំងស្រុង។

ជុំវិញ​បញ្ហា​នេះ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ កក្កដា នេះ​ថា អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Tommy Pigott ទទូច​ឱ្យ​បិទ​បញ្ចប់​ទៅវិញ​ជាបន្ទាន់​នូវ​ការ​ផ្ទុះ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​កម្ពុជា និង​ថៃ រួម​ទាំង​ត្រូវ​បញ្ឈប់​អរិភាព​ទាំងអស់​ជាបន្ទាន់​ផង​ដែរ ដើម្បី​ការពារ​អាយុជីវិត​ជនស៊ីវិល និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ថៃ លោក Nikorndej Balankura នៅ​ថ្ងៃទី​២៥ ខែ​កក្កដា នេះ​ថា សហរដ្ឋ​អាមេរិក ចិន និង​ម៉ាឡេស៊ី​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន បាន​ស្នើ​ជួយ​សម្របសម្រួល​ឱ្យ​មាន​កិច្ច​សន្ទនា​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​ក្រុង​បាងកក ចង់​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​តាម​យន្តការ​ទ្វេភាគី ជាជាង​ទទួលយក​ការ​សម្របសម្រួល​ពី​សហគមន៍​អន្តរជាតិ។

គួរ​រំលឹក​ថា ការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​លើ​មូលដ្ឋាន​ទ័ព​កម្ពុជា និង​ប្រជាជន​ស្លូតត្រង់ គឺជា​ការ​រំលោភ​បំពាន​កិច្ចព្រមព្រៀង​ទិញ-លក់ (end-user agreements ឬ EUA) របស់​អាមេរិក​ទាំងស្រុង ព្រោះ​ថា​រាល់​ការ​កុម្ម៉ង់​ទិញ​គ្រឿង​សព្វាវុធ​ពី​អាមេរិក តែងតែ​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខខណ្ឌ​ជាក់លាក់​ដើម្បី​ការពារ​សិទ្ធិមនុស្ស។ សហរដ្ឋ​អាមេរិក និង​រាជាណាចក្រ​ថៃឡង់ដ៍ ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​តាម​សន្ធិសញ្ញា​តាំងពី​ឆ្នាំ​១៩៥៤។ រដ្ឋាភិបាល​ថៃ ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ F-16A/B ពី​សម្ព័ន្ធមិត្ត​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១០ ក្នុង​តម្លៃ ៧០០​លាន​ដុល្លារ។

លក្ខខណ្ឌ​ទាំងនោះ​មាន​ដូចជា ហាម​មិន​ឲ្យ​ប្រើ​យន្តហោះ F-16 ធ្វើ​ប្រតិបត្តិការ​ដើម្បី​ការ​ឈ្លានពាន និង​ត្រូវ​ប្រាកដ​ថា​ប្រទេស​មាន​ជម្លោះ គឺជា​ក្រុម​ភេរវករ និង​ក្រុម​បះបោរ ប៉ុន្តែ​មុន​បញ្ចេញ​យន្តហោះ​ចម្បាំង F-16 ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​យោធា​អាមេរិកាំង ហើយ​បើ​ប្រទេស​ណា​រំលោភ​លើ​គោលការណ៍ EUA នេះ អាមេរិកាំង​នឹង​បញ្ឈប់​ការ​លក់​អាវុធ​ឱ្យ​រហូត​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​ថែមទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស