មេដឹកនាំប្រទេសកម្ពុជា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមេដឹកនាំប្រទេសថៃឡង់ដ៍ នាយករដ្ឋមន្ត្រីស្តីទី លោក ភូមិថាំ វេឆៈយៈឆៃ បានយល់ព្រមជាមួយគ្នាក្នុងជំនួបស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះព្រំដែនដោយកម្លាំងប្រដាប់អាវុធរវាងគ្នានឹងគ្នា នារាជធានីប៊ុត្រាជ័យៈ ប្រទេសម៉ាឡេស៊ី នៅថ្ងៃចន្ទ។
យោងតាមទីភ្នាក់ងារព័ត៌មាននានា ភាគីទាំងពីរបានព្រមព្រៀងគ្នាតាមសំណើប្រធានាធិបតីសហរដ្ឋ អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មេដឹកនាំចិន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយទទួលយកសំណូមពរឈប់បាញ់គ្នាជាបន្ទាន់ និងឥតលក្ខខណ្ឌ នៅវេលាម៉ោង ២៤ ឬកណ្តាលអាធ្រាត្រថ្ងៃចន្ទ ម៉ោងនៅប្រទេសទាំងពីរ។
ក្នុងជំនួបកំពូលនៅឯនិវេសនដ្ឋាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី នោះ មានការចូលរួមស្តាប់ជាសាក្សីពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។
តាមសេចក្តីរាយការណ៍ពីបណ្ដាញផ្សាយព័ត៌មានអង់គ្លេស ប៊ីប៊ីស៊ី (BBC) មេបញ្ជាការកងទ័ពទាំងសងខាង នឹងជួបសំណេះសំណាលគ្នានៅម៉ោង ៧ព្រឹកថ្ងៃអង្គារ។ បន្ទាប់មក ភាគីទាំងពីរព្រមព្រៀងគ្នាថានឹងគ្រោងជួបប្រជុំសេនានុព័ន្ធយោធានៃប្រទេសសមាជិកអាស៊ាននៅថ្ងៃទី៤ ខែសីហា ខាងមុខ។ ភាគីទាំងសងខាងធ្វើសន្និសីទកាសែត ដោយសម្ដែងក្តីសង្ឃឹមថា បទឈប់បាញ់គ្នានឹងនៅឋិតថេររហូត ហើយអះអាងថាកិច្ចចរចានេះធ្វើឡើងដោយសុទ្ធចិត្ត ថ្វីត្បិតតែភាគីម្ខាងៗនៅមានក្តីសង្ស័យខ្លះៗទៅវិញទៅមកក្តី។
នៅឯសមរភូមិ សារព័ត៌មានមួយចំនួនរាយការណ៍ថា នៅមានការបាញ់គ្នាខ្លះក្នុងកម្រិតតិចតួច មុនមានបញ្ជាឲ្យគោរពបទឈប់បាញ់គ្នានៅកណ្តាលអាធ្រាត្រថ្ងៃចន្ទ។
ការស្វះស្វែងរកផ្លូវចរចាបញ្ចប់ជម្លោះប្រដាប់អាវុធនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ព្រមានថា លោកនឹងមិនចរចារឿងពន្ធទំនិញនាំចូលពីប្រទេសរៀងខ្លួនទៅសហរដ្ឋអាមេរិកទេ បើនៅតែបន្តប្រយុទ្ធគ្នាមិនឈប់នោះ។
ការបាញ់គ្រាប់ផ្លោង និងទម្លាក់គ្រាប់បែកដាក់គ្នាទៅវិញទៅមករយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បានបណ្តាលឲ្យមានជនភៀសសឹកជម្លៀសចេញពីភូមិស្រុកទាំងសងខាងព្រំដែនខ្មែរ-ថៃ រហូតដល់ជិត ៣សែននាក់ និងបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជិត ៤០នាក់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

