28.4 C
Phnom Penh

ខ្លឹមសារ ៣​ចំណុច​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពី​រាជធានី​ប៊ុត្រាជ័យៈ៖ មេដឹកនាំ​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​គ្នា​អនុវត្ត​បទ​ឈប់​បាញ់​ដោយ​គ្មាន​លក្ខខណ្ឌ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ម៉ាឡេស៊ី និង​សហការ​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក និង​ចូលរួម​ដោយ​ប្រទេស​ចិន។

យោង​តាម​ការ​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ប្រធាន​ប្ដូរ​វេន​អាស៊ាន លោក​នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ប្រកាស​នៅ​ក្រោយ​កិច្ចប្រជុំ​ថា បទ​ឈប់​បាញ់​គ្នា​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ពាក់កណ្ដាល​យប់​ថ្ងៃទី​២៨ កក្កដា គឺ​នៅ​ម៉ោង ២៤:០០ ដែល​នេះ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​ដើម្បី​បន្ធូរបន្ថយ​ជម្លោះ និង​ស្ដារ​ឡើងវិញ​នៃ​សន្តិភាព និង​សន្តិសុខ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​និយាយ​ទូរសព្ទ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ លោក ភូមិថាំ វេឆៈយៈឆៃ (Phumtham Wechayachai)។

ក្នុង​កិច្ចសន្ទនា​តាម​ទូរសព្ទ​នោះ លោក ដូណាល់ ត្រាំ បាន​ព្រមាន​ថា ភាគី​ទាំង​ពីរ កម្ពុជា-ថៃ ត្រូវ​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់ បើ​កម្ពុជា និង​ថៃ ចង់​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក បាន​ដំឡើង​ពន្ធ​លើ​កម្ពុជា និង​ថៃ ចំនួន ៣៦% ដូច​គ្នា ហើយ​កម្ពុជា និង​ថៃ កំពុង​ព្យាយាម​សុំ​ចរចា​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ចុះ​អត្រាពន្ធ​នេះ​បន្ថែម​ទៀត។

ក្រោយពី​ជំនួប​ចរចា ផ្ដល់​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​មួយ​បាន​ធ្វើ​ឡើង​ដោយ​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។ លោក អាន់វ៉ា បាន​ហៅ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ គឺជា​គន្លឹះ​នៃ​ការ​ស្ដារ​សន្តិភាព​តាម​ព្រំដែន​កម្ពុជា-ថៃ ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន។

លោក អាន់វ៉ា បាន​ថ្លែង​អរគុណ​ដែល​មេដឹកនាំ​កម្ពុជា និង​ថៃ បង្ហាញ​ឆន្ទៈ​ដូច​គ្នា​ទៅ​រក​បទ​ឈប់​បាញ់។ ជាមួយ​គ្នា​នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ផង​ដែរ។

សេចក្ដី​ដើម​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ៊ុន ម៉ាណែត មាន​ខ្លឹមសារ​ដូចនេះ​ថា នេះ​ជា​លទ្ធផល​ដ៏​ត្រចះត្រចង់​ដែល​ភាគី​ទាំង​ពីរ កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​លើ​បទ​ឈប់​បាញ់ ហើយ​បាន​នាំមក​នូវ​កិច្ចព្រមព្រៀង ៣​ចំណុច៖

  1. បទ​ឈប់​បាញ់​បន្ទាន់ ឥត​លក្ខខណ្ឌ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​វេលា​ម៉ោង ២៤:០០ ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។
  2. ភាគី​ទាំង​ពីរ រៀបចំ​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​ថ្នាក់​មេបញ្ជាការ​យោធភូមិភាគ គឺ​ភាគី​ថៃ យោធភូមិភាគ​ទី​១ និង​ទី​២ និង​ភាគី​កម្ពុជា យោធភូមិភាគ​ទី​៤ និង​ទី​៥ ជួប​គ្នា​នៅ​វេលា​ម៉ោង ៧​ព្រឹក នា​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥ និង​បន្ត​រៀបចំ​កិច្ចប្រជុំ​ជាមួយ​បណ្តា​សេនានុព័ន្ធ និង​សេនានុព័ន្ធ​យោធា (defense Attaché) ដឹកនាំ​ដោយ​ប្រធាន​អាស៊ាន បើ​មាន​ការ​ឯកភាព​ពី​ភាគី​ទាំង​ពីរ។
  3. រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC កម្ពុជា-ថៃ នៅ​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២៥ ដែល​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សារ​របស់​លោក ហ៊ុន ម៉ាណែត ក៏​ថ្លែង​អរគុណ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​បាន​ផ្ដួចផ្ដើម​គំនិត​សម្របសម្រួល​ឱ្យ​មាន​កិច្ចប្រជុំ និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ លោក​ក៏​អរគុណ​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ដំណើរការ​ចរចា​រក​ការ​ឈប់​បាញ់ ដើម្បី​កសាង​សន្តិភាព​តាមរយៈ​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​សហ​អ្នក​រៀបចំ​នៃ​ជំនួប​ថ្ងៃ​នេះ។

លោក ហ៊ុន ម៉ាណែត ក៏​បាន​អរគុណ​ដល់​រដ្ឋាភិបាល​ចិន ដែល​តែងតែ​គាំទ្រ​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​ស្វែងរក​ការ​ឈប់​បាញ់ និង​ចូលរួម​យ៉ាង​សកម្ម​គាំទ្រ​ដល់​ជំនួប​ពិសេស​នេះ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia លោក ហ៊ុន ម៉ាណែត សង្ឃឹម​ថា​ស្ថានភាព​ទៅ​រក​បទ​ឈប់​បាញ់​នេះ នឹង​ធ្វើ​ឱ្យ​ភាគី​ទាំង​ពីរ កម្ពុជា-ថៃ ស្ដារ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ឡើងវិញ ហើយ​ស្ថិរភាព​តាម​ព្រំដែន​នឹង​ស្ដារ​ឡើងវិញ ជាមួយ​នឹង​កិច្ចពិភាក្សា​ទ្វេភាគី​ក៏​អាច​វិល​ទៅ​រក​ប្រក្រតី​វិញ​ដែរ។

បើ​តាម​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ពើប​ប្រយុទ្ធ​គ្នា​រយៈពេល ៥​ថ្ងៃ​នេះ ប្រជាជន​កម្ពុជា ៣០​ម៉ឺន​នាក់​បាន​ក្លាយ​ជា​ជនភៀសខ្លួន។

ជាមួយ​គ្នា​នេះ បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែ​កក្កដា នេះ បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​មួយ​រវាង​កម្ពុជា និង​ថៃ ជាមួយ​ការ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​ចំនួន​អ្នក​ស្លាប់ និង​ផល​ប៉ះពាល់​ផ្នែក​មនុស្សធម៌​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​បញ្ឈប់​អរិភាព​នឹង​គ្នា ហើយ​ត្រឡប់​ទៅ​រក​កិច្ចសន្ទនា​ដើម្បី​បង្ការ​ជម្លោះ និង​ការ​បំផ្លិចបំផ្លាញ​កើតឡើង​នៅ​ពេល​អនាគត។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ទទូច​ថា ភាគី​ទាំង​ពីរ កម្ពុជា-ថៃ ត្រូវ​ប្រកាន់​យក​ភាព​អត់ធ្មត់​ជា​អតិបរមា និង​ទទួលយក​បទ​ឈប់​បាញ់​ជាបន្ទាន់។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន ដើម្បី​សម្របសម្រួល និង​នាំ​ភាគី​ទាំង​ពីរ​ទៅ​រក​តុ​ចរចា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស