28.4 C
Phnom Penh

លោក កឹម សុខា ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​យោធិន​ពលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​តុលាការ​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​គេហដ្ឋាន​ជា​លើកដំបូង​ដើម្បី​ឱ្យ​លោក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរជន​ពលី​ការពារ​ទឹកដី​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ថៃ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់​រួបរួម​គ្នា​កាន់តែ​រឹងមាំ ដើម្បី​ការពារ​ប្រទេស​ឲ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។

លោក កឹម សុខា បាន​លើកឡើង​នៅ​ក្នុង​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ​យោធិន​ពលី​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​៣១ កក្កដា នេះ​ថា ក្នុង​ពេលនេះ​គឺ​មិន​សំដៅ​ដល់​គណបក្ស​ណា​មួយ​ទេ គឺ​សំដៅ​ដល់​ជាតិ​ខ្មែរ​ទាំងអស់​គ្នា ព្រោះ​ពេល​មាន​ការ​ឈ្លានពាន​ពី​បរទេស ខ្មែរ​គ្រប់​រូប​ត្រូវតែ​រួម​សាមគ្គី​គ្នា​ការពារ​ទឹកដី​របស់​ខ្លួន។

លោក​ត្អូញត្អែរ​ថា ប្រទេស​កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ឈ្លានពាន​រាប់​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​មិន​គួរ​ណា​ដល់​សម័យ​ទំនើប​បែប​នេះ​ហើយ ប្រទេស​ថៃ នៅតែ​បន្ត​ឈ្លានពាន​កម្ពុជា​ទៀត​នោះ​ទេ។

លោក កឹម សុខា សម្ដែង​នូវ​មោទនភាព​ចំពោះ​វីរជន​កងទ័ព​ដែល​ហ៊ាន​បូជា​អាយុជីវិត​ដើម្បី​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង និង​សម្ដែង​មោទនភាព​ចំពោះ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​រួម​ចិត្ត​រួម​ថ្លើម​ជួយ​ទៅ​ដល់​យោធិន​នៅ​សមរភូមិ​ជួរមុខ ដើម្បី​យក​ជ័យជម្នះ​លើ​សត្រូវ​ឈ្លានពាន​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ទៅ​កាន់​គ្រួសារ​យោធិន​ពលី​ថា ប្តី​របស់​ពួកគេ ឪពុក​របស់​ពួកគេ គឺជា​សាច់ និង​ជា​ឈាម​របស់​លោក ដូច្នេះ​ពេល​ដែល​ពួកគេ​ទាំងអស់​គ្នា​ឈឺចាប់ លោក​ក៏​ឈឺចាប់​ដូច​គ្នា​ដែរ ខណៈ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឈឺចាប់ ព្រមទាំង​ចងចាំ​នូវ​វីរភាព​នៃ​ការ​លះបង់​ដ៏​ធំធេង​របស់​យោធិន​ពលី​ទាំងនេះ​គ្មាន​ពេល​ភ្លេច​ឡើយ។

ការ​បង្ហាញ​វត្តមាន​នៅ​ទី​សាធារណៈ​ជា​លើកដំបូង​ក្រោយពី​តុលាការ​កាត់ទោស​ពី​បទ​ក្បត់​ជាតិ ដោយ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ តាំងពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ មក លោក កឹម សុខា ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល ២​ឆ្នាំ ៤​ខែ ២៧​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក កឹម សុខា បាន​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរជន​ពលី សព​វរសេនីយ៍ត្រី សៀង សាត នៅ​ភូមិ​ស្រែប្រាំង ឃុំ​តាប្រុក ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម និង​បន្ត​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរជន​ពលី​សព​ព្រឹន្ទបាលទោ ឆៃ រ័ត្ន នៅ​ភូមិ​ក្តុលកណ្តាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ផង​ដែរ។

ដោយឡែក​នៅ​ថ្ងៃទី​១ ខែ​សីហា លោក​នឹង​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរជន​ពលី​សព​ព្រឹន្ទបាលទោ រិន វាសនា នៅ​ភូមិ​ត្រពាំងត្រាច ឃុំ​ដំណាក់អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ហើយ​នឹង​បន្ត​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរជន​ពលី​សព​នាយចំណង់ ហៅ ម៉ៅ ស៊ា នៅ​ភូមិ​ព្រៃជួរ ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថែមទៀត។

នាយចំណង់ មាន​ន័យ​ថា ជា​ទាហាន​ដែល​បម្រុង​នឹង​ឡើង​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ត្រី ឬ​ស័ក្តិ​មួយ។ ស័ក្តិ​នេះ​ស្ថិត​ក្នុង​ចន្លោះ​ព្រឹន្ទបាលឯក និង​អនុសេនីយ៍ត្រី។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ចាប់ផ្តើម​បើក​ឱ្យ​មាន​សេរីភាព​របស់​លោក កឹម សុខា ក្នុង​រង្វង់​ដែន​សមត្ថកិច្ច​របស់​តុលាការ ក៏​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ​ខ្មែរ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស