លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា កម្ពុជាកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជា ចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។
លោក ហ៊ុន ម៉ាណែត បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃ លើកិច្ចការនេះ។
ប្រភពដដែលអះអាងថា រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យក្រសួងការបរទេសតាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។
លោក ហ៊ុន ម៉ាណែត លើកឡើងថា រដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ ដើម្បីជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង ១៨រូបត្រឡប់មកកម្ពុជាវិញ។
ដើមឡើយ ភាគីថៃ យល់ព្រមប្រគល់កងកម្លាំងទាំង ២០នាក់មកឱ្យកម្ពុជា វិញ នៅក្នុងថ្ងៃទី៣១ ខែកក្កដា តែបែរជាប្រកាសពន្យារពេលក្រោមហេតុផលការរៀបចំនីតិវិធីបញ្ជូនមិនទាន់បញ្ចប់។ បន្ទាប់មកទៀត នៅយប់ថ្ងៃទី៣១ ខែកក្កដា យោធាថៃ ប្តូរការសម្រេចចិត្តដោយសម្រេចបញ្ជូនកម្លាំងកម្ពុជាតែ ២រូបប៉ុណ្ណោះមកវិញនៅព្រឹកថ្ងៃទី១ ខែសីហា ហើយនៅសល់ ១៨រូបទៀត ថានឹងបញ្ជូនមកពេលក្រោយ ដោយមិនមានកំណត់ពេលជាក់លាក់វិញ។
យោងតាមលោក ច័ន្ទ សុភ័ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានអះអាងថា ហេតុការណ៍នេះបានកើតឡើងដោយទាហានថៃ បានហៅទាហានខ្មែរឲ្យមកថតរូបអនុស្សាវរីយ៍ជាមួយគ្នា តែភ្លាមៗនោះ ទាហានថៃ បានបញ្ជាឲ្យក្រុមខ្លួនដែលលាក់ខ្លួននៅក្នុងព្រៃ យកកាំភ្លើងភ្ជង់ និងចាប់ខ្លួនកងកម្លាំងរបស់លោកចំនួន ២០នាក់ តែមានម្នាក់បានរត់រួច ហើយ ២នាក់ទំនងត្រូវបានថៃ បាញ់សម្លាប់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

