29.3 C
Phnom Penh

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ការ​ចែកចាយ​ស្បៀង​មិន​បាន​ត្រឹមត្រូវ នឹង​ធ្វើ​ឱ្យ​កងទ័ព​ជួរមុខ​មិន​ទទួល​បាន​តាម​តម្រូវការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ប្រមូល រួម​ទាំង​ការ​ចែកចាយ​ស្បៀង​មិន​ត្រឹមត្រូវ នឹង​ធ្វើ​ឱ្យ​ស្បៀង​ទាំងនោះ​ខូច ខណៈ​កងទ័ព​ជួរមុខ​ក៏​មិន​ទទួល​បាន​ស្បៀង​តាម​តម្រូវការ​សម្រាប់​ទទួលទាន​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​លើ​ខ្នងភ្នំ​ព្រៃ​ក្រាស់។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ សីហា នេះ​ថា អ្នក​រៀបចំ​បែងចែក និង​អ្នក​ប្រមូល​ស្បៀង​នៅ​សមរភូមិ​ក្រោយ​មិន​មាន​តួនាទី​ត្រឹមតែ​ប្រមូល និង​វេច​ខ្ចប់​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ពន្យល់​ផ្សព្វផ្សាយ​ដល់​អ្នក​បរិច្ចាគ​ស្បៀង​ឲ្យ​យល់ដឹង​ពី​តម្រូវការ​ខុស​គ្នា​របស់​កងទ័ព​ដែរ។

លោក​បន្ត​ថា បើ​មិន​មាន​ការ​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ អាហារ​ខ្លះ​ប្រាកដជា​ខូច​មុន​ពេល​ទៅ​ដល់​សមរភូមិ ក្នុង​នោះ គេ​សង្កេត​ឃើញ​ផង​ដែរ​ថា មាន​សម្ភារៈ និង​ឧបភោគ​ជាច្រើន​សមស្រប​សម្រាប់​តែ​ខ្សែ​ត្រៀម​ជួរ​ក្រោយ​ប៉ុណ្ណោះ រីឯ​អ្នក​ប្រយុទ្ធ​ជួរមុខ​នៅតែ​មិន​បាន​ទទួលទាន​ស្បៀង​ទៅ​តាម​តម្រូវការ​នៅឡើយ។

បណ្ឌិត មាស នី ពន្យល់​ថា កងទ័ព​នៅ​ជួរមុខ​សឹងតែ​គ្មាន​ពេល​ចម្អិន​អាហារ​នោះ​ទេ ពេល​ប្រយុទ្ធ​ជាមួយ​សត្រូវ ព្រោះ​មិន​អាច​ងើប​ចេញពី​លេណដ្ឋាន ប៉ុន្តែ​ពេល​ដែល​ផ្អាក​ប្រយុទ្ធ និង​ត្រូវ​ចម្អិន​អាហារ ពេល​ខ្លះ​អាច​នឹង​គ្មាន​ទឹក​សម្រាប់​ដាំ​បាយ ឬ​មាន​ទឹក​ហើយ​តែ​ចម្អិន​មិន​កើត​ថែមទៀត ដោយសារ​ខ្លាច​មាន​ផ្សែង​ភ្លើង​ដែល​ងាយ​នឹង​ឱ្យ​សត្រូវ​ចាប់​ទីតាំង​បាន។

លោក​បន្ថែម​ថា ដើម្បី​ចៀសវាង​មាន​ផ្សែង​ភ្លើង​ពេល​ចម្អិន​អាហារ ចង្ក្រាន​ហ្គាស៍​តូច​សម្រាប់​កងទ័ព​ជួរមុខ​ប្រហែល​ជា​មាន​ភាព​ចាំបាច់​ក្នុង​កាលៈទេសៈ​នេះ។

អ្នក​សង្កេតការណ៍​រូប​នេះ​បញ្ជាក់​ថា អ្នក​បរិច្ចាគ និង​អ្នក​ប្រមូល​ស្បៀង​សម្រាប់​កងទ័ព​ជួរមុខ​ក្នុង​ពេលនេះ ភាគច្រើន​ជា​យុវជន​ដែល​កើត​ក្រោយ​សម័យ​សង្គ្រាម​កាលពី​មុន ដូច្នេះ​ពួកគេ​មិន​យល់​ច្បាស់​ពី​តម្រូវការ​ចាំបាច់​របស់​កងទ័ព​ជួរមុខ​ជ្រៅជ្រះ​នោះ​ទេ។

លោក​បញ្ជាក់​ថា ការ​ស្តាប់​ពី​តម្រូវការ​ពិត​របស់​វីរ​យុទ្ធជន និង​ការ​ផ្សព្វផ្សាយ​ពី​តម្រូវការ​របស់​ពួកគេ គឺជា​រឿង​សំខាន់​បំផុត​ដើម្បី​ការ​រួបរួម​សាមគ្គី​គ្នា​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ​ឱ្យ​ក្លាយ​ជា​កម្លាំង​ដ៏​រឹងមាំ​ពិតប្រាកដ​ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ។

ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ រយៈពេល ៥​ថ្ងៃ កាលពី​ចុង​ខែ​កក្កដា កន្លង​ទៅ កងទ័ព​ខ្មែរ​ជួរមុខ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ក្រោម​អាវុធ​ធុន​ធ្ងន់ៗ​របស់​ថៃ ដែល​បាន​បាញ់​ស្រោច​លើ​កម្ពុជា ដូចជា យន្តហោះ​ទម្លាក់​គ្រាប់បែក MK-84 ដ្រូន​អត្តឃាត កាំភ្លើង​ត្បាល់ គ្រាប់បែក​ចង្កោម និង​ផ្សែង​ពុល ហើយ​កងទ័ព​ខ្មែរ​នៅតែ​អាច​ការពារ​ទឹកដី​របស់​ខ្លួន​បាន​យ៉ាង​មុតមាំ។

ដោយ​មើល​ឃើញ​ពី​ការ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​យុទ្ធជន​ជួរមុខ​ក្នុង​ការ​ការពារ​ទឹកដី មូលនិធិ និង​ជំនួយ​ដើម្បី​ជួយ​កងទ័ព​ជួរមុខ ត្រូវ​បាន​រៀបចំ​ធ្វើឡើង​នៅ​គ្រប់​ទីកន្លែង មាន​ទាំង​លុយ និង​សម្ភារៈ​ប្រើប្រាស់ រួម​ទាំង​អាហារ​ទទួលទាន​ផង​ដែរ ដែល​កំពុង​ផ្តល់​ទៅ​ឱ្យ​កងទ័ព​ជួរមុខ​ជាបន្តបន្ទាប់​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ កងទ័ព​ជួរមុខ​ខ្លះ​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៦ សីហា នេះ​ថា គ្រឿង​ឧបភោគ​បរិភោគ​ភាគច្រើន​គឺជា​មី​កញ្ចប់។

ប្រភព​ដដែល​បន្ត​ថា ពេល​កងទ័ព​បរិភោគ​មី​កញ្ចប់​ច្រើន​ថ្ងៃ ក៏​បណ្តាល​ទៅ​ជា​ក្តៅ​ខ្លួន និង​ពិបាក​បន្ទោបង់​ទៅវិញ ដូច្នេះ​ការ​ផ្គត់ផ្គង់​ជា​អាហារ​ផ្សេង​ក្រៅពី​មី​កញ្ចប់ ក៏​គួរតែ​ធ្វើ​ឱ្យ​បាន​ច្រើន​ដែរ។

ទាក់ទិន​នឹង​ការ​ផ្តល់​ស្បៀង​ដល់​កងទ័ព​នា​ពេលនេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ក្នុង​ដំណាក់កាល​ផ្អាក​ការ​បាញ់​ជាមួយ​ថៃ កម្ពុជា​មិន​ទាន់​មាន​ស្ថិរភាព​នៅឡើយ​ទេ ដូច្នេះ​រាល់​ជំនួយ​ផ្សេងៗ​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ភៀស​សឹក កងទ័ព​ជួរមុខ យោធិន​ពលី និង​យោធិន​រង​របួស ជាដើម មិន​អាច​មាន​ការ​ធ្វេសប្រហែស​ឡើយ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ជំនួយ​នានា​អាច​បន្ត​ជញ្ជូន​ទៅ​កងទ័ព​ជួរមុខ​បាន ប៉ុន្តែ​មិន​ត្រូវ​ឱ្យ​មាន​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ឬ​មេទ័ព ឬ​មេបញ្ជាការ​ភូមិភាគ​ចូលរួម​ក្នុង​ពិធី​ផ្តល់​ជំនួយ​ទាំងនេះ​ឡើយ ព្រោះ​យោធា​ថៃ កំពុង​រង់ចាំ​ឆ្មក់​វាយប្រហារ​លើ​អ្នក​ទាំងនោះ​គ្រប់​ពេល​ទាំងអស់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស