នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថា កិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត របស់ថៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃចន្ទនេះ ទទួលបានលទ្ធផលជាវិជ្ជមាន។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ សីហា នេះថា លោកសូមស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត របស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះ។
ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ សីហា នេះថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៥ ខែសីហា នេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល CG (Coordination Group)។
ប្រភពដដែលអះអាងថា ការបង្កើតក្រុមការងារសម្របសម្រួល CG នេះ គឺដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ផងដែរ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នាបន្តទៀត។
ជាងនេះទៀត ភាគីទាំងពីរក៏បានពិចារណាអំពីលទ្ធភាពក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន Township Bo par Cormitted (TBC) ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជនផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ប្រភពដដែលបន្តថា ក្នុងអំឡុងពេលអន្តរកាលមុនការបង្កើតក្រុមការងារសម្របសម្រួល (CG) និងគណៈកម្មាធិការមូលដ្ឋានព្រំដែន (TBC) មេបញ្ជាការថ្នាក់មូលដ្ឋានរបស់ភាគីទាំងពីរ នឹងជួបគ្នាជារៀងរាល់សប្តាហ៍ ឬតាមពេលវេលាសមស្រប ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្លួន។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវសារសំខាន់ក្នុងការដោះមីន មនុស្សធម៌ និងកិច្ចសហការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀតផងដែរ។
ជុំវិញបញ្ហានេះ សារព័ត៌មាន ខៅស៊ុត (Khaosod) របស់ថៃ ចុះផ្សាយនៅថ្ងៃទី២៥ សីហា នេះថា មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Phladklang) បានប្រកាសឲ្យកងទ័ពថៃ សងសឹកភ្លាមៗ ប្រសិនបើទាហានកម្ពុជា រំលោភលើអធិបតេយ្យភាពរបស់ខ្លួន ឬដាក់គ្រាប់មីន ជាដើម ខណៈរូបលោកក៏ត្រៀមខ្លួនដោះស្រាយជាមួយលោក ហ៊ុន សែន ដែលកំពុកកាន់តំណែងជាប្រមុខរដ្ឋស្តីទីនាពេលនេះដែរ។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៥ សីហា នេះដែរថា រដ្ឋសភាជាតិកម្ពុជា នៅថ្ងៃចន្ទនេះ បានស្នើសុំភាគីថៃ គោរពបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន។
លោថា ការស្នើសុំបែបនេះ គឺមានខ្លឹមសារប្រហាក់ប្រហែលគ្នានឹងការស្នើឱ្យយោធាថៃ ឈ្លានពានកម្ពុជាប្រកបដោយវិជ្ជាជីវៈ ស្របពេលដែលអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា សូត្រអំពីសំណើឱ្យមានបទឈប់បាញ់នេះមួយថ្ងៃ ៣ដង ទាំងគ្មានប្រសិទ្ធភាពផងនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

