32.5 C
Phnom Penh

លោក ហ្សេឡេនស្គី រំលឹក​ថា​ពលរដ្ឋ​ចិន​កំពុង​ចូលរួម​ជួយ​ប្រយុទ្ធ​ទ័ព​រុស្ស៊ី ប្រឆាំង​នឹង​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន បន្ត​រំលឹក​ថា ពលរដ្ឋ​ចិន កំពុង​ចូលរួម​ជួយ​ប្រយុទ្ធ​ទ័ព​រុស្ស៊ី ប្រឆាំង​នឹង​អ៊ុយក្រែន។

ចិន ដែល​តែងតែ​សន្យា​ថា​ខ្លួន​ឈរ​លើ​គោលការណ៍​អព្យាក្រឹត​ក្នុង​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ហើយ​មិន​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន បាន​កំពុង​រង​ការ​ចោទប្រកាន់​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ថា​មហាអំណាច​មួយ​នេះ​មិន​នៅ​ខាង​ជនរងគ្រោះ និង​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​នោះ​ទេ តែ​បែរជា​បន្ត​ជួយ​អ្នក​ឈ្លានពាន​ទៅវិញ។

កាលពី​ពេល​ថ្មីៗ​នេះ លោក ហ្សេឡេនស្គី បាន​ច្រានចោល​សំណើ​របស់​ទីក្រុង​មូស្គូ ដែល​ស្នើ​ឱ្យ​ចិន មាន​តួនាទី​ចូលរួម​ក្នុង​ចម្រុះ​សុឆន្ទៈ​សន្តិសុខ​អឺរ៉ុប។ លោក ហ្សេឡេនស្គី បាន​ហៅ​ប្រទេស​ចិន ថា​ជា​មហាអំណាច​ដែល​មិន​បាន​ជួយ​ស្ដារ​សណ្ដាប់ធ្នាប់​ពិភពលោក​ហើយ ថែមទាំង​ជួយ​ការពារ​ប្រទេស​ដែល​បំពាន​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ទៅវិញ។

ជា​ថ្មី​ទៀត​នេះ គេ​បាន​មើល​ឃើញ​សារ​របស់​លោក ហ្សេឡេនស្គី នៅ​លើ​បណ្ដាញ​សង្គម Instagram របស់​លោក ដោយ​រំលឹក​ពី​ពលរដ្ឋ​ចិន បាន​កំពុង​ជួយ​ទ័ព​រុស្ស៊ី នៅ​សមរភូមិ​វាយ​ដណ្ដើម​ទឹកដី​អ៊ុយក្រែន។

ជាមួយ​គ្នា​នេះ សេចក្តី​រាយការណ៍​ដោយ​សារព័ត៌មាន Aljazeera បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី អះអាង​ថា​ចារកម្ម​អ៊ុយក្រែន បាន​រក​ឃើញ​ជនជាតិ​ចិន ចំនួន ១៥៥​នាក់​កំពុង​ចូលរួម​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី ប្រឆាំង​នឹង​កងកម្លាំង​អ៊ុយក្រែន។ លោក​បន្ថែម​ថា ចំនួន​ពិតប្រាកដ​អាច​មាន​តួលេខ​ខ្ពស់​ជាង​នេះ​ទៀត។

បើ​តាម​លោក ហ្សេឡេនស្គី រុស្ស៊ី​កំពុង​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ជ្រើសរើស​ពលរដ្ឋ​ចិន ដែល​លោក​ថា​មន្ត្រី​ចិន បាន​ដឹង​អំពី​ការ​ប្រមូល​ពលរដ្ឋ​ចិន បំពេញ​បេសកកម្ម​ជា​កងទ័ព​ជួយ​ទ័ព​រុស្ស៊ី។

ទោះជាយ៉ាងណា លោក ហ្សេឡេនស្គី បាន​ចោទ​សួរ​ថា តើ​ក្រុម​ជ្រើសរើស​ពលរដ្ឋ​ចិន ទៅ​ជួយ​កងទ័ព​រុស្ស៊ី ទទួល​បាន​ការ​ណែនាំ​ផ្ទាល់​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដែរ​ឬ​ទេ?

លោក ហ្សេឡេនស្គី សង្កត់​ធ្ងន់​ថា ចិន​កំពុង​ក្លាយ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ទីក្រុង​គៀវ។ បើ​តាម​លោក ហ្សេឡេនស្គី កងទ័ព​អ៊ុយក្រែន កាន់កាប់​ឯកសារ​លម្អិត រួម​ទាំង​ឈ្មោះ និង​លិខិត​ឆ្លងដែន​របស់​មនុស្ស​ទាំង ១៥៥​នាក់​ដែល​កំពុង​ស្ថិត​ក្នុង​សមរភូមិ​ជួយ​ទ័ព​រុស្ស៊ី។

លោក ហ្សេឡេនស្គី ជឿ​ថា មាន​ជនជាតិ​ចិន​ច្រើន​ជាង​នេះ​កំពុង​ចូលរួម​ជួយ​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី ប្រឆាំង​នឹង​កងទ័ព​អ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន អះអាង​ថា កន្លង​មក កងទ័ព​អ៊ុយក្រែន បាន​ចាប់​ខ្លួន​ពលរដ្ឋ​ចិន ចំនួន​ពីរ​នាក់​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី នៅ​លើ​ទឹកដី​អ៊ុយក្រែន។ នេះ​ជា​លើកដំបូង​ដែល​អ៊ុយក្រែន បាន​អះអាង​ជា​ផ្លូវការ​ថា​មាន​ទាហាន​ជនជាតិ​ចិន ចូលរួម​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន។

យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Lin Jian បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការ​អះអាង​ថា​មាន​ពលរដ្ឋ​ចិន​ជាច្រើន​កំពុង​ចូលរួម​ប្រយុទ្ធ​នៅ​អ៊ុយក្រែន គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ។

លោក Lin Jian បាន​បន្ថែម​ថា រដ្ឋាភិបាល​ចិន តែងតែ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ជៀសវាង​ចូល​ទៅ​តំបន់​មាន​ជម្លោះ​ប្រដាប់​អាវុធ និង​កុំ​ចូលរួម​ក្នុង​ជម្លោះ​ណា​មួយ​នៃ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន។

ទីក្រុង​ប៉េកាំង ក៏​កំពុង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​អ៊ុយក្រែន ផង​ដែរ។ ចំពោះ​រុស្ស៊ី វិញ​មិន​បាន​ផ្តល់​ចម្លើយ​ណា​មួយ​ចំពោះ​ការ​លើកឡើង​របស់​លោក ហ្សេឡេនស្គី នោះ​ទេ។

ចិន តែង​បង្ហាញ​ខ្លួន​ថា​ជា​ភាគី​អព្យាក្រឹត​ក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ដោយ​អះអាង​ថា ទីក្រុង​ប៉េកាំង មិន​បាន​ផ្តល់​ជំនួយ​យោធា​ដល់​ភាគី​ណា​មួយ​ដូចជា​សហរដ្ឋ​អាមេរិក និង​ប្រទេស​លោកខាងលិច​នោះ​ទេ។

ទោះជាយ៉ាងណា ទីក្រុង​ប៉េកាំង បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​ការទូត​យ៉ាង​រឹងមាំ​ដល់​រុស្ស៊ី ចាប់តាំងពី​កងទ័ព​រុស្ស៊ី បើក​ទ្វារ​ព្រំដែន​ពេញលេញ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ ហើយ​ក៏​បាន​ផ្តល់​នូវ​ការ​គាំទ្រ​សេដ្ឋកិច្ច​តាមរយៈ​ពាណិជ្ជកម្ម​ថាមពល និង​ទំនិញ​ប្រើប្រាស់​ផង​ដែរ។

បន្ថែម​លើស​ពី​នេះ ចារកម្ម​អ៊ុយក្រែន ថា​ក្រុម​បច្ចេកវិទ្យា​ក្រុមហ៊ុន​ចិន ក៏​បាន​ជួយ​ផលិត​ដ្រូន ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក​ឱ្យ​កងទ័ព​រុស្ស៊ី ដែរ។ ក្នុង​ពេល​ដូច​គ្នា​នេះ មន្ត្រី​អាមេរិក និង​កូរ៉េខាងត្បូង ក៏​បាន​អះអាង​ថា កូរ៉េខាងជើង​នៅតែ​បន្ត​បញ្ជូន​ទ័ព​រាប់​ពាន់​នាក់ និង​ផ្គត់ផ្គង់​គ្រាប់កាំភ្លើង​ធំ​រាប់​លាន​គ្រាប់​ដល់​រុស្ស៊ី ដើម្បី​ជួយ​ពង្រឹង​កម្លាំង​ទ័ព​របស់​ខ្លួន​ដែល​ជួយ​ទ័ព​រុស្ស៊ី នៅ​សមរភូមិ​ប្រឆាំង​នឹង​កងកម្លាំង​ទ័ព​អ៊ុយក្រែន។

ជាមួយ​នឹង​ការ​គាំទ្រ​ផ្នែក​យោធា និង​ការទូត​យ៉ាង​រឹងមាំ​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​អឺរ៉ុប សង្គ្រាម​អ៊ុយក្រែន ក្លាយ​ទៅ​ជា​ការ​ប្រកួតប្រជែង​រវាង​ប្លុក​មហាអំណាច​ធំៗ​លើ​ពិភពលោក។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​បង្ហាញ​ថា ទាហាន​អ៊ុយក្រែន កំពុង​តាម​ចាប់​ពលរដ្ឋ​ចិន ដែល​កំពុង​ចូលរួម​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​របស់​រុស្ស៊ី នៅ​តំបន់ Donetsk។ តាម​របាយការណ៍​ពី​សារព័ត៌មាន Ukrainska Pravda ដោយ​យោង​តាម​កងទ័ព​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ចិន ដែល​ជា​ទាហាន​ជួយ​ទ័ព​រុស្ស៊ី ពួកគាត់​ទទួល​ការ​បណ្តុះបណ្តាល​ហ្វឹកហាត់​នៅ​ក្នុង​តំបន់ Luhansk ដែនដី​អ៊ុយក្រែន ភាគ​ខាងកើត ដែល​កាន់កាប់​ដោយ​រុស្ស៊ី មុន​បញ្ជូន​ទៅ​សមរភូមិ​ជួរមុខ។

តាម​ប្រភព​ដដែល​នេះ ពលរដ្ឋ​ចិន​ជាច្រើន​ដែល​ចូលរួម​ប្រយុទ្ធ មាន​បញ្ហា​ផ្លូវច្បាប់ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស