26.3 C
Phnom Penh

នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើ​មិត្ត​ដែកថែប​ឱ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ស្នើ​មិត្ត​ចិន ឱ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មិន​ទាន់​ដាច់ស្រេច​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដោយ​សន្តិវិធី តាមរយៈ​ការ​ប្រើប្រាស់​យន្តការ​ព្រំដែន​ដែល​មាន​ស្រាប់ គឺ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ (JBC) ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ និង​ច្បាប់​អន្តរជាតិ។

លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ កញ្ញា ថា លោក​បាន​ស្នើ​មិត្ត​ចិន ឱ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មិន​ទាន់​ដាច់ស្រេច​រវាង​ខ្មែរ និង​ថៃ ដោយ​ជៀសវាង​ការ​ប្រើប្រាស់​កម្លាំង​យោធា ជាពិសេស​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ បញ្ជាក់​ថា ទាំង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​ផ្នែក​សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន លោក វ៉ាង ហ៊ូនិង សុទ្ធតែ​បាន​ប្រកាស​គាំទ្រ​ប្រទេស​កម្ពុជា ដោយ​ឥត​ងាករេ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា កាន់តែ​ស៊ីជម្រៅ​ថែមទៀត។ ប្រទេស​ចិន ក៏​បាន​ប្រកាស​គាំទ្រ​ដល់​បទ​ឈប់​បាញ់​គ្នា​រវាង​កងទ័ព​ខ្មែរ និង​កងទ័ព​ថៃ ក៏ដូចជា​ការ​គាំទ្រ​ដល់​មុខនាទី​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការ​សម្របសម្រួល​បទ​ឈប់​បាញ់​គ្នា និង​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ឆាប់​វិលត្រឡប់​ទៅ​រក​ប្រក្រតីភាព​វិញ ព្រមទាំង​ប្ដេជ្ញា​តាមដាន និង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ។

កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​បូក​បន្ថែម បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​៣០ ខែ​សីហា ដល់​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ធានជីង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​ការ​ចូលរួម​ពី​មេដឹកនាំ ២៥​ប្រទេស ដូចជា រុស្ស៊ី ឥណ្ឌា ម៉ាឡេស៊ី ឡាវ វៀតណាម រួម​ទាំង​កម្ពុជា ផង​ដែរ ប៉ុន្តែ​មិន​មាន​វត្តមាន​មេដឹកនាំ​ប្រទេស​ថៃ ឡើយ។ អង្គការ​សហប្រតិបត្តិការ​សៀងហៃ ហៅ​កាត់​ថា SCO មាន​ប្រទេស​សមាជិក​១០ ប្រទេស​ដៃគូ​សន្ទនា​១៤ ប្រទេស​សង្កេតការណ៍​២ និង​ប្រទេស​ជា​ភ្ញៀវ​៤។

ជុំវិញ​កិច្ចប្រជុំ​នេះ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១ កញ្ញា ថា ក្នុង​ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ប្ដេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​ទ្វេភាគី​កំណត់​ក្នុង​ឆ្នាំ​២០២៣ ហៅថា​យុទ្ធសាស្ត្រ​ឆកោណ។ គោលនយោបាយ​ចំណង​មិត្តភាព​ទ្វេភាគី​ដែល​ហៅ​ដោយ​ខ្លី​មាន​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​លម្ហ​ផ្លូវ​អង្ករ​មច្ឆា។ សហប្រតិបត្តិការ​ឈរ​លើ​គោលនយោបាយ​ឆកោណ គឺ​៖

  1. នយោបាយ​ជួយ​គ្នា​ទៅវិញ​ទៅមក​លើ​ផលប្រយោជន៍​ស្នូល​រៀង​ខ្លួន;
  2. សមត្ថភាព​ផលិតកម្ម ឧស្សាហកម្ម និង​រោងចក្រ;
  3. កសិកម្ម ពង្រីក​ការ​បណ្ដាក់ទុន​ខាង​កសិកម្ម និង​ពាណិជ្ជកម្ម;
  4. ពង្រីក​កិច្ចសហការ​ខាង​វិស័យ​ថាមពល;
  5. ពង្រឹង​សន្តិសុខ ធ្វើ​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ online scams;
  6. វប្បធម៌ និង​ការផ្លាស់ប្ដូរ​រវាង​មនុស្ស និង​មនុស្ស​ទៅវិញ​ទៅមក​ខាង​ទេសចរ យុវជន និង​សារព័ត៌មាន។

ប្រភព​ដដែល​បញ្ជាក់​ថា លោក ស៊ី ជីនពីង ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការ​កសាង​ឡើងវិញ និង​ការ​ស្ដារ​ជីវភាព​សហគមន៍​ដែល​រង​ប៉ះពាល់​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ​ថែមទៀត។

កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥ សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចូលរួម​សង្កេតការណ៍​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (Extraordinary GBC Meeting) ដែល​ត្រូវ​បាន​សម្របសម្រួល​ដោយ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​ពី​សហរដ្ឋ​អាមេរិក ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ក្នុង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស