31.8 C
Phnom Penh

កម្ពុជា គ្រោង​ប្តូរ​ឈ្មោះ​ផ្លូវជាតិ​លេខ​៤ ទៅ​ជា​ឈ្មោះ Donald Trump ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ការ​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The European ចុះផ្សាយ​កាលពី​ថ្ងៃទី​២៩ សីហា បាន​ឱ្យ​ដឹង​ថា កម្ពុជា​កំពុង​ពិចារណា​កែប្រែ​ឈ្មោះ​ផ្លូវ Highway មួយ​ខ្សែ​របស់​ខ្លួន ដោយ​ប្តូរ​ទៅ​ជា​ឈ្មោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ វិញ។

គោលបំណង​របស់​កម្ពុជា គឺជា​ការគោរព និង​ផ្តល់​កិត្តិយស​ដល់​តួនាទី​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​សម្របសម្រួល​ដែល​នាំ​មក​នូវ​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ។

ការ​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​ពិភាក្សា​បន្ទាប់ពី​លោក ត្រាំ បាន​ចូល​ខ្លួន​អន្តរាគមន៍​សហការ​ជាមួយ​អង្គការ​អន្តរជាតិ ដើម្បី​នាំ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ក្នុង​សំណុំរឿង​វិវាទ​ព្រំដែន​កម្ពុជា-ថៃ កាលពី​ចុង​ខែ​កក្កដា កន្លង​ទៅ។

ការ​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​របស់​លោក ត្រាំ ក្នុង​ការ​បញ្ចប់​ស្ថានភាព​តានតឹង បាន​ធ្វើ​ឱ្យ​លោក ត្រាំ ក្លាយ​ជា​បុគ្គល​មួយ​រូប​ដែល​ត្រូវ​បាន​គោរព​កោតសរសើរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​ប្រជាជន​ជាច្រើន​នៅ​ប្រទេស​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​បាន​បញ្ជាក់​ថា ការ​ផ្លាស់ប្ដូរ​ឈ្មោះ​ផ្លូវជាតិ​លេខ​៤ អាច​ក្លាយ​ជា​រូប​សញ្ញា​នៃ “សន្តិភាព​ថ្មី” និង​ជា​ការ​ទទួលស្គាល់​ដល់​តួនាទី​អន្តរជាតិ​នៃ​សហរដ្ឋ​អាមេរិក។

គំនិត​ក្នុង​ការ​ប្តូរ​ឈ្មោះ Highway ផ្លូវជាតិ​លេខ​៤ ទៅ​ជា Trump Highway ត្រូវ​បាន​បង្ហាញ​ដំបូង​ដោយ​អ្នកកាសែត​កម្ពុជា​ដ៏​ល្បី​ឈ្មោះ​មួយ​រូប គឺ​លោក សយ សុភាព ដែល​ជា​ប្រធាន​ស្ថាប័ន​សារព័ត៌មាន​ដើម​អម្ពិល។ លោក សយ សុភាព បាន​លើក​គំនិត​នេះ​ដំបូង​គេ​បង្អស់​ក្នុង​ការ Live Video មួយ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាលពី​ដើម​ខែ​សីហា ហើយ​ត្រូវ​បាន​លោក Gary Franchi អ្នក​ឆ្លើយឆ្លង​សារព័ត៌មាន​ប្រចាំ​សេតវិមាន​របស់​ក្រុមហ៊ុន Next News Network ដកស្រង់​យក​មក​ចុះផ្សាយ។

នៅ​ក្នុង​វីដេអូ​មួយ​ក្រោយ​មក​ទៀត​ដែល​លោក Alfaro បាន​សម្ភាស​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅ​រាជធានី​ភ្នំពេញ ពេល​នោះ​ឈ្មោះ​របស់​លោក សយ សុភាព ត្រូវ​បាន​គេ​លើក​មក​និយាយ​ដោយ​ផ្ទាល់ ដោយ​ពិពណ៌នា​ថា លោក​ជា​អ្នក​បង្កើត​សំណើ​នេះ ទោះបីជា​គាត់​មិន​បាន​បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក៏ដោយ។

ក្នុង​អំឡុង​នៃ​ការ​សន្ទនា​នោះ លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ច្បាស់​ចំពោះ​គំនិត​យោបល់​របស់​លោក សយ សុភាព ដែល​បញ្ជាក់​ថា​គំនិត​នេះ​មិនមែន​ស្ថិត​នៅ​ក្នុង​ភាព​ចចាមអារ៉ាម​ទេ ប៉ុន្តែ​ចាប់ផ្តើម​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​កំណត់ត្រា​ផ្លូវការ​រួច​ទៅ​ហើយ។

លោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​លោក Michael Alfaro ថា គាត់​ជឿជាក់​ថា​គំនិត​នៃ​ការ​ដាក់​ឈ្មោះ​ផ្លូវជាតិ​លេខ​៤ តាម​ឈ្មោះ​ប្រធានាធិបតី Donald Trump នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។

លោក ស៊ុន ចាន់ថុល បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​ក្នុង​ប្រទេស។ ដូច្នេះ​លោក សយ សុភាព នឹង​ជំរុញ​ឲ្យ​មាន​រឿង​នោះ ហើយ​សង្ឃឹម​ថា​នឹង​សម្រេច​បាន​ឆាប់ៗ។ ចលនា​នៅ​ក្នុង​ប្រទេស នឹង​ឃើញ​ការ​គាំទ្រ​ច្រើន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប៉ុន្តែ​វា​នឹង​ត្រូវ​ឆ្លងកាត់​ការ​យល់ព្រម​ពី​នាយករដ្ឋមន្ត្រី​ជា​មុន​សិន។»

ប្រសិនបើ​ការផ្លាស់ប្ដូរ​ឈ្មោះ​ត្រូវ​បាន​អនុម័ត កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​ដែល​ដាក់​ឈ្មោះ​ផ្លូវជាតិ​របស់​ខ្លួន​តាម​ឈ្មោះ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

ផ្លូវ​ដែល​ត្រូវ​ពិចារណា​នោះ គឺ​ផ្លូវជាតិ​លេខ​៤ ដែល​មាន​ប្រវែង​ប្រមាណ ២៣០​គីឡូម៉ែត្រ ដោយ​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​នឹង​កំពង់ផែ​ព្រះសីហនុ។ ផ្លូវ​នេះ​ត្រូវ​បាន​សាងសង់​ដំបូង​ក្នុង​ចន្លោះ​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦៩ ដោយ​មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន កំពុង​ប្រកួត​ប្រជែង​អំណាច​នយោបាយ និង​យោធា​ជាមួយ​ទីក្រុង​មូស្គូ និង​ទីក្រុង​ប៉េកាំង ក្នុង​សង្គ្រាម​ត្រជាក់។

មក​ដល់​សព្វថ្ងៃ​នេះ ផ្លូវជាតិ​លេខ​៤ នៅតែ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា ដោយ​ភ្ជាប់​រាជធានី​ទៅ​កំពង់ផែ​ទឹក​ជ្រៅ​នៃ​ផែ​សមុទ្រ​ប្រទេស​កម្ពុជា នៅ​ក្រុង​ព្រះសីហនុ ដែល​ក្លាយ​ជា​ខ្សែជីវិត​សេដ្ឋកិច្ច​របស់​ប្រទេស​ដ៏​សំខាន់​បំផុត។

គំនិត​ប្តូរ​ឈ្មោះ​ផ្លូវជាតិ​ដ៏​សំខាន់​មួយ​នេះ ត្រូវ​បាន​ពិចារណា​ថា​ជា​ផ្នែក​មួយ​នៃ​ចលនា​ដ៏​ទូលំទូលាយ​ក្នុង​ការ​ដឹងគុណ និង​កោតសរសើរ​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែល​ទើប​ចូល​កាន់​តំណែង​កាលពី​ឆ្នាំ​២០២៣ បាន​ផ្ញើ​លិខិត​ផ្លូវការ​ទៅ​កាន់​គណៈកម្មាធិការ​ណូបែល​នៃ​ប្រទេស​ន័រវែស ដោយ​ស្នើសុំ​តែងតាំង​លោក ត្រាំ សម្រាប់​រង្វាន់​សន្តិភាព​ឆ្នាំ​២០២៥។ ក្នុង​លិខិត​ចុះ​ថ្ងៃទី​៧ សីហា លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ការគោរព​ចំពោះ “ភាព​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ” របស់​លោក ត្រាំ ដែល​ជួយ​បញ្ចប់​វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។

ការ​ប៉ះទង្គិច​បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​២៤ ខែ​កក្កដា ជុំវិញ​ប្រាសាទ​តាមាន់ធំ ដែល​ជា​សំណង់​បុរាណ​របស់​ខ្មែរ មាន​ទីតាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។ ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​ថា​ប្រាសាទ និង​តំបន់​ព្រំដែន​មួយ​ចំនួន​ជា​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​ស្ថានការណ៍​បាន​ឆ្ពោះ​ទៅ​រក​ការវាយប្រហារ​គ្នា​ដោយ​ប្រដាប់​អាវុធ​យ៉ាង​ហិង្សា។

ក្នុង​សង្គ្រាម​ព្រំដែន​កម្ពុជា-ថៃ រយៈពេល ៥​ថ្ងៃ កងទ័ព​អាកាស​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 ដើម្បី​វាយប្រហារ​លើ​ទីតាំង​យោធា​កម្ពុជា បណ្ដាល​ឲ្យ​គ្រាប់បែក​ធ្លាក់​លើ​ខ្នងភ្នំ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​យូណេស្កូ។

អំឡុង​ការ​ប៉ះទង្គិច បាន​បង្ក​ឱ្យ​មាន​ជនស៊ីវិល រួម​ទាំង​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​ស្លាប់​រាប់​សិប​នាក់។ ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន ត្រូវ​បាន​បោះបង់​ចោល ដោយសារ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​រត់​ភៀសខ្លួន ដែល​បណ្តាល​ឱ្យ​មាន​ជនភៀសខ្លួន​កើន​ឡើង​រាប់​ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​រស់នៅ​ក្នុង​ជំរំ​បណ្ដោះអាសន្ន។

ទន្ទឹម​នឹង​ភាព​ភ័យខ្លាច​នៃ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ចេះ​តែ​មាន​រៀង​រាល់​ថ្ងៃ ព្រោះ​ថៃ នៅតែ​មាន​សមភាព​បំពាន​ព្រំដែន​កម្ពុជា តែ​មិន​បង្ក​ការ​ផ្ទុះ​អាវុធ​នោះ​ទេ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចូល​មក​អន្តរាគមន៍​ផ្ទាល់ ដោយ​មាន​កិច្ច​គាំទ្រ​ពី​ក្រសួង​ការបរទេស​អាមេរិក។ លោក​បាន​ទូរសព្ទ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ ដោយ​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​មាន​ការ​អត់ធ្មត់។ បន្ទាប់​មក លោក ត្រាំ បាន​រៀបចំ​វេទិកា​បន្ទាន់ ដែល​នាំ​ឲ្យ​មេដឹកនាំ​កម្ពុជា-ថៃ យល់ព្រម​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដោយ​មាន​អ្នក​សង្កេតការណ៍​មកពី​សមាគម​ប្រជាជាតិ​អាស៊ាន ត្រួតពិនិត្យ។

បទ​ឈប់​បាញ់​ត្រូវ​បាន​អនុវត្ត​ដោយ​កម្លាំង​ទ័ព​នៃ​ភាគី​ទាំង​ពីរ ត្រូវ​បញ្ឈប់​សកម្មភាព និង​ត្រូវ​បន្ថយ​ភាព​តានតឹង។ លោក ត្រាំ បាន​ប្រកាស​ថា នេះ​ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​សន្តិភាព ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា បាន​ពោល​ពាក្យ​សរសើរ​លោក​ថា​ជា​បុរស​ដែល​បាន​ជួយ​ទប់ស្កាត់​តំបន់​មិន​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​កាន់តែ​ធំ និង​ធ្ងន់ធ្ងរ​ជាង​នេះ។

សម្រាប់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ការ​អំពាវនាវ​ឲ្យ​កម្ពុជា​ងាក​ទៅ​រក​សហរដ្ឋ​អាមេរិក បាន​កើតឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​យល់​ឃើញ​អំពី​ការ​អន្តរាគមន៍​របស់​លោក ត្រាំ ទាន់​ពេលវេលា​នៃ​ការ​ពន្លត់​ភ្លើង​សង្គ្រាម។

ប្រសិនបើ​កម្ពុជា អនុម័ត​ផ្លូវជាតិ​លេខ​៤ ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ មែន វា​អាច​នឹង​ក្លាយ​ជា​ផ្លូវ​អន្តរជាតិ​ដ៏​ល្បី​ឈ្មោះ​ដែល​មាន​ឈ្មោះ​ថា Trump Highway ហើយ​វា​នឹង​ក្លាយ​ជា​និម្មិត​សញ្ញា​ដ៏​ច្បាស់លាស់ បង្ហាញ​ពី​ការ​តបស្នង​សងគុណ​ដែល​ប្រទេស​តូច​មួយ​នៅ​អាស៊ីអាគ្នេយ៍ ឱ្យ​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​បទ​អន្តរាគមន៍​របស់​ប្រធានាធិបតី​អាមេរិក​ទី​៤៧ ដោយ​ចាត់ទុក​ជា​អ្នក​បង្កើត​សន្តិភាព និង​ជា​អ្នក​ការពារ​អាយុជីវិត​មនុស្ស​រាប់​ពាន់​នាក់​ដែល​រួច​ផុត​ពី​សង្គ្រាម​ព្រំដែន។

កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៥ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ផ្ញើ​សារ​លិខិត​ថ្លែង​អំណរគុណ​ជូន​ចំពោះ​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ជា​ការ​ឆ្លើយតប​ចំពោះ​លោក ហ៊ុន ម៉ាណែត ដែល​បាន​ស្នើ​តែងតាំង​រូបលោក​ជា​បេក្ខជន​សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព។

លិខិត​របស់​លោក ត្រាំ មាន​ខ្លឹមសារ​ដើម​ដូចនេះ​ថា៖ «ខ្ញុំ​មាន​កិត្តិយស​ក្រៃលែង​ដែល​បាន​សន្ទនា​ជាមួយ​ឯកឧត្តម ដើម្បី​រួម​ចំណែក​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ថៃ។ ប្រទេស​កម្ពុជា មាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​យូរអង្វែង និង​សម្បូណ៌​បែប។ ខ្ញុំ​ជឿជាក់​ថា​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​មួយ​រូប​ដែល​ផ្តល់​តម្លៃ​លើ​ជីវិត​មនុស្ស និង​ស្រឡាញ់​សន្តិភាព។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​បាន​បញ្ចប់​នូវ​សោកនាដកម្ម​នៃ​ជម្លោះ​ប្រដាប់​អាវុធ និង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់។ ចាប់ពី​ពេលនេះ​តទៅ យើង​អាច​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជាមួយ​គ្នា​លើ​ការ​កសាង​វិបុលភាព​សម្រាប់​ប្រជាជាតិ​ដ៏​អស្ចារ្យ​របស់​យើង​ទាំង​ពីរ។»

កាល​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើ​លិខិត​ផ្លូវការ​ទៅ​កាន់​គណៈកម្មាធិការ​ណូបែល​ន័រវែស ដើម្បី​គាំទ្រ និង​តែងតាំង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព។ លោក ហ៊ុន ម៉ាណែត យល់​ឃើញ​ថា លោក ដូណាល់ ត្រាំ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ជា​ប្រវត្តិសាស្ត្រ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ពិសេស​ការស្វែងរក​សន្តិភាព​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​នាំ​ឱ្យ​សង្គ្រាម​ព្រំដែន​កម្ពុជា-ថៃ ៥​ថ្ងៃ​ត្រូវ​បាន​ពន្លត់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស