28.4 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ ខណៈ​តាម​បណ្ដា​ខេត្ត​អាច​ប្រារព្ធ​តាម​លទ្ធភាព​ជាក់ស្ដែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ ដោយសារ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ប៉ុន្តែ​នៅ​តាម​បណ្តា​ខេត្ត​នានា​អាច​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​តាម​ទំនៀមទម្លាប់​ប្រពៃណី និង​តាម​លទ្ធភាព​ជាក់ស្តែង​របស់​អាជ្ញាធរ និង​ពលរដ្ឋ។

សារាចរ​ស្ដីពី​ការ​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​២៧ ខែ​សីហា កន្លង​ទៅ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣ ខែ​កញ្ញា នេះ។

សារាចរ​ដដែល​នេះ អះអាង​ថា បច្ចុប្បន្ន កម្ពុជា​កំពុង​បន្ត​អនុវត្ត​បទ​ឈប់​បាញ់ ដូច្នេះ​រាជរដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ស្ថានការណ៍​ចំពោះ​មុខ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ភៀស​សឹក និង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​វិលត្រឡប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា វិញ​ជាបន្តបន្ទាប់​នា​ពេលនេះ។

ប្រភព​ដដែល បញ្ជាក់​ថា ទោះ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក ត្រូវ​បាន​ផ្អាក ប៉ុន្តែ​ការ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ និង​និយោជិត​កម្មករ​ចំនួន ៣​ថ្ងៃ គឺ​រក្សា​នៅ​ដដែល។

រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក ឆ្នាំ​២០២៥ ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ខាង​មុខ​នេះ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ-១៩ ចូល​ក្នុង​សហគមន៍ រហូត​ដល់​ឆ្នាំ​២០២២ ត្រូវ​បន្ត​ផ្អាក​ម្តង​ទៀត ដោយសារ​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ចុង​ខែ​វិច្ឆិកា។

យ៉ាងណាក៏ដោយ នៅ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ រដ្ឋាភិបាល​បាន​ប្រកាស​ប្រារព្វ​ពិធីបុណ្យ​នេះ​ឡើងវិញ​ដូច​ធម្មតា ប៉ុន្តែ​ឆ្នាំ​២០២៥ នេះ ត្រូវ​ផ្អាក​សាជាថ្មី ដោយសារ​កម្ពុជា​កំពុង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​ផ្អាក​ពិធីបុណ្យ​នេះ គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​ចូលរួម​កាន់​ទុក្ខ​ដល់​យោធិន​ពលី និង​រំលែក​ទុក្ខ​ដល់​យោធិន​ពិការ និង​របួស រួម​ទាំង​រំលែក​ទុក្ខ​ដល់​ជនភៀសសឹក​ដោយសារ​សង្គ្រាម ៥​ថ្ងៃ​ជាមួយ​ប្រទេស​ថៃ នា​ពេលនេះ​ផង​ដែរ។

ប្រភព​ដដែល បញ្ជាក់​ថា ការ​ផ្អាក​ពិធីបុណ្យ​នេះ ក៏​ដើម្បី​ត្រៀម​ខ្លួន​ពី​ការ​លួច​វាយឆ្មក់​ពី​យោធា​ថៃ ដែរ ព្រោះ​កន្លង​មក កងទ័ព​ថៃ តែង​រក​វិធី​លួច​វាយប្រហារ​លើ​កម្ពុជា​មួយ​លើក​ជា​ពីរ​លើក ដូច្នេះ​ក្នុង​ស្ថានភាព​នេះ កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ​គ្រប់​បែប​យ៉ាង​ពី​ការ​លួច​វាយឆ្មក់​ពី​សំណាក់​សត្រូវ​ឈ្លានពាន​នៅ​តាម​បណ្តោយ​ព្រំដែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស