32.4 C
Phnom Penh

ក្រុម​អ្នក​ច្បាប់​អំពាវនាវ​ឱ្យ​មេដឹកនាំ​កម្ពុជា​សម្រុះសម្រួល​ជាមួយ​លោក កឹម សុខា ដើម្បី​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេន អំពាវនាវ​ឱ្យ​មេដឹកនាំ​កម្ពុជា ទាំង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត សម្រុះសម្រួល​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ដែល​បរទេស​កំពុង​ឈ្លានពាន​ទឹកដី​ខ្មែរ​ក្នុង​ពេលនេះ។

លោក ចាន់ ចេន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ កញ្ញា នេះ​ថា លោក កឹម សុខា ត្រូវ​បាន​កាត់ទោស​ពី​បទ​ក្បត់​ជាតិ ដោយ​គប់គិត​គ្នា​ជាមួយ​រដ្ឋ​បរទេស និង​ភ្នាក់ងារ​បរទេស ដែល​ក្នុង​នោះ​ក៏​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក​បន្ត​ថា ក្នុង​ពេលនេះ មេដឹកនាំ​កម្ពុជា​កំពុង​លើក​តម្កើង​លោក​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដោយសារតែ​ប្រធានាធិបតី​រូប​នេះ​បាន​ជួយ​អន្តរាគមន៍​ឲ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ដូច្នេះ​លោក កឹម សុខា ក៏​មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​បន្ត​ទៀត​ដែរ ដែល​ថា​អាមេរិក​ជា​មេខ្លោង​នៅ​ពីក្រោយ​នោះ។ លោក​ថា ពលរដ្ឋ​ខ្មែរ សហគមន៍​អន្តរជាតិ យល់​ឃើញ​ថា ការ​ចោទប្រកាន់​នេះ​ស្ថិត​ក្រោម​ហេតុផល​នយោបាយ ជាជាង​ការ​អនុវត្ត​ច្បាប់។

អ្នក​ច្បាប់​រូប​នេះ​បញ្ជាក់​ថា កន្លង​មក សហ​មេធាវី​ការពារ​ក្តី រួម​ទាំង​លោក កឹម សុខា ផង បាន​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​គាត់​តាមរយៈ​សវនាការ​ជាច្រើន​លើក​ច្រើនសា​តាំងពី​សាលាដំបូង រហូត​ដល់​សាលា​ឧទ្ធរណ៍ ប៉ុន្តែ​អស់​រយៈពេល ៨​ឆ្នាំ​មក​ហើយ​យុត្តិធម៌​សម្រាប់​លោក កឹម សុខា សហការី និង​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នកគាំទ្រ ហាក់​នៅ​ឆ្ងាយ​ដូច​ជើងមេឃ មើល​មិន​ឃើញ​កោះ​ត្រើយ​ឡើយ។

កាលពី​យប់​ថ្ងៃទី​០២ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវ​បាន​កងកម្លាំង​ចម្រុះ​សម្រុក​ចូល​ចាប់​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​ទាំង​មាន​អភ័យឯកសិទ្ធិ​សភា បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ទាំង​យប់ តាម​បញ្ជា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​បាន​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ។

ជុំវិញ​បញ្ហា​នេះ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ កញ្ញា នេះ​ថា ០៨​ឆ្នាំ​ហើយ​ដែល​លោក កឹម សុខា ត្រូវ​បាត់បង់​នូវ​សេរីភាព​ដោយ​ការ​ចោទប្រកាន់​មួលបង្កាច់​ដែល​មាន​ចរិត​នយោបាយ និង​ការ​កាត់ទោស​ទាំង​អយុត្តិធម៌។

លោក មុត ចន្ថា លើកឡើង​ថា សហរដ្ឋ​អាមេរិក​ត្រូវ​បាន​តំណាង​អយ្យការ និង​ក្រុម​មេធាវី​រដ្ឋាភិបាល ចោទប្រកាន់​ថា​ជា​មេខ្លោង​នៅ​ពីក្រោយ​លោក កឹម សុខា ក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ និង​រៀបចំ​ផែនការ ដើម្បី​ធ្វើ​បដិវត្តន៍​ដែល​បង្ក​ឱ្យ​មាន​ភាព​ប្រទូសរ៉ាយ ឬ​ការ​ឈ្លានពាន​ប្រទេស​កម្ពុជា។

លោក មុត ចន្ថា លើក​ជា​សំណួរ​ថា តើ​សាធារណជន​ជាតិ និង​អន្តរជាតិ បាន​ឃើញ​សហរដ្ឋ​អាមេរិក​ចូល​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន​កម្ពុជា​ដូច​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ និង​ក្រុម​មេធាវី​រដ្ឋាភិបាល​ដែរ​ឬ​ទេ ប៉ុន្តែ​គេ​បែរជា​ឃើញ​ប្រទេស​ថៃ កំពុង​ឈ្លានពាន​កម្ពុជា​ក្នុង​ពេលនេះ​ទៅវិញ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​កំណត់​ឲ្យ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ថែមទៀត ពី​បទ​ក្បត់​ជាតិ ដោយ​គប់គិត​ជាមួយ​សហរដ្ឋ​អាមេរិក៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស