នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន ម៉ាណែត អះអាងថា កិច្ចចរចាលើបទឈប់បាញ់គ្នា គ្មានលក្ខខណ្ឌឱ្យដកកងទ័ពភាគីណាចេញពីទីតាំងឈរជើងរបស់ខ្លួន ឬដាក់លក្ខខណ្ឌកាត់ទឹកដីចរចាឡើយ ខណៈរដ្ឋាភិបាលប្រទេសកម្ពុជា ក៏មិនមានដាក់បទបញ្ជាឱ្យដកថយកម្លាំងក្រោយពីមានបទឈប់បាញ់គ្នាដែរ។
លោក ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ ខែកញ្ញា នេះ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលកំពុងស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឱ្យបានឆាប់រហ័ស ដើម្បីឧត្ដមប្រយោជន៍ជាតិ និងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅរដ្ឋាភិបាលហាក់ដូចជាស្ងាត់ស្ងៀមក៏ដោយ។
លោកធ្លាប់បានថ្លែងប្រាប់ពលរដ្ឋនៅកន្លែងខ្លះថា ទឹកដីខ្មែរសព្វថ្ងៃរីកធំជាងមុនផង ក្រោមកិច្ចដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ នេះមានន័យថា ផ្ទៃដីនៃប្រទេសកម្ពុជា មិនមែននៅតែ១៨១០៣៥គីឡូម៉ែត្រក្រឡានោះទេ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា មិនមែនទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗបញ្ចេញសារតាមទូរទស្សន៍ ឬបណ្ដាញសង្គមជាប្រចាំ ទើបបង្ហាញថារដ្ឋាភិបាលមិនស្ងៀមស្ងាត់នោះទេ ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ បានផ្សព្វផ្សាយកិច្ចការសំខាន់ៗទៅកាន់ប្រជាពលរដ្ឋជាប្រចាំរហូតមកហើយ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំពោះកិច្ចការចរចារឿងព្រំដែន ភាគីកម្ពុជានៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។
កាលពីមុន រដ្ឋាភិបាលថានឹងប្តឹងប្រទេសថៃឡង់ដ៍ រឿងព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ កញ្ញា នេះថា ដើម្បីបញ្ឈប់ការឈ្លានពានពីថៃ និងដើម្បីឱ្យពលរដ្ឋទុកចិត្តលើការដឹកនាំរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាត្រូវតែប្រញាប់ប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងរឿងព្រំដែន និងប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អំពីការបង្កសង្គ្រាម និងការធ្វើទុក្ខបុកម្នេញដល់ជនស៊ីវិលឱ្យខាងតែបាន។
លោក ម៉ែន ណាត លើកឡើងថា បន្ទាប់ពីប្តឹងថៃ លើករណីទាំងពីរនេះហើយ កម្ពុជាក៏ត្រូវតែខិតខំប្រឹងប្រែងធ្វើកិច្ចការលើវិស័យការទូតឱ្យខ្លាំងក្លាដែរ ដើម្បីជំរុញសហគមន៍អន្តរជាតិឲ្យជួយបញ្ឈប់ការឈ្លានពានពីថៃ តាមយន្តការអាស៊ាន គោលការណ៍អង្គការសហប្រជាជាតិ (UN) យន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងយន្តការកិច្ចព្រមព្រៀងទីក្រុងប៉ារីស (PPA) ជាដើម។
អ្នកឃ្លាំមើលសង្គមរូបនេះ បញ្ជាក់ថា ប្រទេសកម្ពុជាត្រូវតែប្រាប់ថៃ និងអន្តរជាតិថា ថៃត្រូវដកថយពីព្រំដែនខ្មែរ ដែលកំណត់ដោយបង្គោលចំនួន៧៣ ពីសម័យបារាំង តាមផែនទីខ្នាត ១/២០០០០០ នៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយប្រទេសកម្ពុជា ក៏ត្រូវស្នើទៅបារាំង ឲ្យជួយធ្វើអន្តរាគមន៍លើបញ្ហានេះដែរ។
ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ នាពេលនេះ ក្រុមអ្នកវិភាគលើកឡើងថា អស់រយៈពេលជាងមួយខែហើយដែលប្រទេសកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ ប៉ុន្តែពលរដ្ឋខ្មែរមិនទាន់ឃើញវិធានការពីរាជរដ្ឋាភិបាលជាក់លាក់ដែលធ្លាប់អះអាងពីការប្រកាសប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិនៅឡើយទេរហូតដល់ពេលនេះ ក្រៅតែជួបប្រជុំថ្នាក់គណៈកម្មការចម្រុះព្រំដែន និងចង់ឲ្យស្ថានការណ៍ត្រឡប់ទៅប្រក្រតីវិញនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

