31.8 C
Phnom Penh

អ្នកវិភាគ​និយាយ​ថា មិត្ត​ដែកថែប ឬ​ស្រោប​ដែក​ចិន ជឿ​ទុកចិត្ត​ទាំងស្រុង​មិន​ទាន់​បាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លើកឡើង​ថា មូលហេតុ​នៃ​ភាព​គឃ្លើន​ពី​ភាគី​ថៃ មក​លើ​ប្រទេស​កម្ពុជា ជុំវិញ​ការ​ឈ្លានពាន​ទឹកដី និង​សង្គ្រាម ៥​ថ្ងៃ គឺ​ដោយសារ​មាន​ការ​គាំទ្រ​ពី​ចិន ព្រោះ​ថា​បើ​ចិន ពិត​ជា​មិត្ត​ល្អ​ដែកថែប​ចំពោះ​កម្ពុជា ដោយ​ស្មោះត្រង់​មែន ចិន​គួរតែ​ផ្អាក​សមយុទ្ធ​ជាមួយ​ថៃ ក្នុង​ពេលនេះ។

អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ កញ្ញា ថា បើ​ចិន ជា​មិត្ត​ល្អ​របស់​កម្ពុជា​មែន ពេលនេះ​ទោះបី​ចិន មាន​ផែនការ​ធ្វើ​សមយុទ្ធ​កងទ័ព​អាកាស​ជាមួយ​ថៃ ពី​មុន​មក​ហើយ​ក៏ដោយ ក៏​ត្រូវតែ​ផ្អាក​សិន​ដែរ ដ្បិត​កម្ពុជា ជា​មិត្ត​គ្រប់​ជ្រុងជ្រោយ​របស់​ចិន ដែល​កំពុងតែ​រងគ្រោះ​ដោយសារតែ​ទ័ព​អាកាស​ថៃ វាយប្រហារ​ដើម្បី​ឈ្លានពាន​ទឹកដី​មិត្ត​ដែកថែប​របស់​ខ្លួន។

លោក កង ឫទ្ធិគិរី លើកឡើង​ថា សមយុទ្ធ​ទ័ព​អាកាស​ថៃ និង​ចិន ក្នុង​ពេលនេះ បង្ហាញ​ឱ្យ​ឃើញ​ថា ចិន​គាំទ្រ​ថៃ មិន​ត្រឹមតែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​យោធា​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​គ្រប់គ្រង​តំបន់​អាស៊ាន​ទាំងមូល​តែម្តង ដែល​នេះ​គឺជា​មូលហេតុ​ពិត ឬ​ជា​ជំងឺ​លាក់​ពុត​របស់​ចិន ចំពោះ​ប្រទេស​កម្ពុជា ដែល​កំពុងតែ​ញាំញី​សន្តិសុខ​របស់​កម្ពុជា នា​ពេលនេះ។

គួរ​រំឭក​ថា មេដឹកនាំ​រាជរដ្ឋាភិបាល​ខ្មែរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​លោក ហ៊ុន សែន ជា​ឪពុក ទាំង​លោក ហ៊ុន ម៉ាណែត ជា​កូន សុទ្ធតែ​និយាយ​ថា រស់​ដោយ​ដង្ហើម​ខ្លួនឯង កុំ​រស់​ដក​ដង្ហើម​នឹង​គេ។

អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម​រូប​នេះ បញ្ជាក់​ថា ពេលនេះ ថៃ​កំពុង​រក​វិធី​គ្រប់​បែប​យ៉ាង​ទាញ​ចិន ចេញពី​កម្ពុជា ដ្បិត​ចិន ជា​ប្រភព​អាវុធ និង​ជំនាញ​បច្ចេកវិទ្យា​ផ្គត់ផ្គង់​កងទ័ព​ប្រទេស​កម្ពុជា រហូត​មក ដូច្នេះ ថ្ងៃ​អនាគត ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ទាំងអស់​អាច​នឹង​ត្រូវ​គូរ​ដោយ​ឈាម​យុទ្ធជន​ខ្មែរ​ដែល​ប្រយុទ្ធ​ជាមួយ​សត្រូវ​ឈ្លានពាន​ទឹកដី​ជាតិ​របស់​ខ្លួន។

កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា សារព័ត៌មាន​រដ្ឋ​ចិន ស៊ិនហួ (Xinhua) បាន​ចុះផ្សាយ​ថា ចិន​និង​ថៃ បាន​កំណត់​ពេល​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​កងទ័ព​ដែនអាកាស​រួម​គ្នា​រហូត​ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ។

ប្រភព​ដដែល បញ្ជាក់​ថា ចិន​នឹង​បញ្ជូន​យន្តហោះ​យោធា​ជាច្រើន​ប្រភេទ និង​កងទ័ព​ការពារ​ដែនអាកាស​ដើម្បី​ចូលរួម​ហ្វឹកហ្វឺន​សមយុទ្ធ​នេះ ក្នុង​នោះ ចិន​ក៏​បាន​បញ្ជូន​យន្តហោះ J10C ដែរ ដើម្បី​សាក​កម្លាំង​យន្តហោះ Gripen ដែល​ថៃ បាន​ទិញ​ពី​ប្រទេស​ស៊ុយអែត ហើយ​ក៏​ជា​យន្តហោះ​ដែល​ថៃ បាន​ប្រើ​វាយប្រហារ​លើ​ប្រទេស​កម្ពុជា ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​កាលពី​ថ្ងៃ​ពុធ ទី​១៧ កញ្ញា ថា ឆ្នាំ​២០២៥ នេះ ថៃ​បាន​ចំណាយ​ថវិកា​ជាតិ​ប្រមាណ ៨៥០០​លាន​ដុល្លា​សម្រាប់​ធ្វើ​ទំនើបកម្ម​យោធា​ដើម្បី​ការពារ​ជាតិ ហើយ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​នេះ ថៃ​ក៏​បាន​ទិញ​ឧបករណ៍​យោធា​ពី​ចិន ប្រមាណ​ជា ៣០ ទៅ ៤០​ភាគរយ​ដែរ។

ឧទាហរណ៍​ជាក់ស្តែង​ថ្មី​មួយ​ទៀត កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា កាសែត The Nation បាន​ចុះផ្សាយ​ថា អគ្គមេបញ្ជាការ​នៃ​កង​នាវាចរណ៍​ថៃ លោក ជីរ៉ាភុល វង់វីត (Jirapol Wongwit) បាន​ចុះហត្ថលេខា​កែសម្រួល​លើ​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ដែល​ថៃ បាន​ចុះ​កុងត្រា​ទិញ​ពី​ចិន ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។ ប្រភព​ដដែល​បញ្ជាក់​ថា ចិន​បាន​សន្យា​បណ្តុះបណ្តាល​នាវិក​សម្រាប់​នាវាមុជទឹក និង​ការ​ថែទាំ រួម​ទាំង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ផង​ដែរ ដើម្បី​ប្រតិបត្តិការ​វា​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព បន្ទាប់ពី​ថៃ បាន​បង់​លុយ​ប្រមាណ​ជា ៦០% ក្នុង​តម្លៃ​សរុប ៣៩០​លាន​ដុល្លារ​អាមេរិក​រួច​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន មិនមែន​ជា​មិត្ត​ចង​ដៃ​ចង​ជើង​មិន​ឱ្យ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​នោះ​ទេ ត្បិត​ទំនាក់ទំនង​អន្តរជាតិ គ្មាន​មិត្ត គ្មាន​សត្រូវ​ឡើយ គឺ​មាន​តែ​ផល​ប្រយោជន៍​ប៉ុណ្ណោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស