អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ទាមទារឱ្យរដ្ឋាភិបាលបដិសេធលិខិតយោធភូមិភាគ៥ ដែលទទួលយកសំណើថៃ ព្រមរុះរើផ្ទះប្រជាពលរដ្ឋខ្មែរ និងប៉ុស្តិ៍នគរបាលច្រកជ័យជម្នះ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាបន្ទាន់ ដើម្បីចៀសវាងការបង្កកំហុសឆ្គងដែលអាចនាំទៅដល់ការបាត់បង់ទឹកដីជាតិខ្មែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ កញ្ញា នេះថា តាមគោលការណ៍ច្បាប់ ការកែសម្រួល និងរុះរើទីតាំងក្នុងចំណុចណាមួយនៅតំបន់ព្រំដែន វាគឺជាសិទ្ធិសម្រេចកម្រិតរដ្ឋាភិបាល ដូច្នេះគ្មានហេតុផលណាដែលមេបញ្ជាការព្រំដែនថ្លើមធំធ្វើការសម្រេចចិត្តតាមបំណងថៃ ដែលកំពុងគឃ្លើនបំពានលើកម្ពុជា នោះទេ។
លោក ម៉ែន ណាត លើកឡើងថា ការកែសម្រួល និងរុះរើទីតាំងក្នុងចំណុចណាមួយនៅតំបន់ព្រំដែន គឺជាភារកិច្ចរបស់រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន និងក្រសួងការពារជាតិ ដោយត្រូវឆ្លងកាត់នីតិវិធីរបស់រដ្ឋសភា ពីព្រោះពាក់ព័ន្ធការកំណត់ព្រំដែនជាតិ ហើយក៏ពាក់ព័ន្ធនឹងការងារបច្ចេកទេស ទាំងការផ្ទៀងផ្ទាត់ផែនទីខ្នាត ១/២០០០០០ អមដោយសន្ធិសញ្ញាបារាំង-សៀម និងប្រវត្តិសាស្ត្រនៃតំបន់ទាំងនោះផងដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ព្រមានថា ការសម្រេចរបស់មេបញ្ជាការភូមិភាគ៥ គឺពាក់ព័ន្ធនឹងអំពើក្បត់ជាតិយ៉ាងធ្ងន់ធ្ងរ ហើយបញ្ហានេះក៏នឹងជាប់ពាក់ព័ន្ធដល់រដ្ឋាភិបាលកម្ពុជា ផងដែរ ប្រសិនបើការសម្រេចនេះធ្វើឡើងដោយខុសនីតិវិធីច្បាប់ និងប្រាសចាកពីផែនទីខ្នាត ១/២០០០០០ រួមទាំងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ នោះ។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០១ នៃយោធភូមិភាគទី៥ វរសេនីយ៍ឯក ចាន់ ប៊ុនឌី បានចេញសេចក្តីជូនដំណឹងមួយដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៦ កញ្ញា នេះ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ភាគីថៃ ថា កម្ពុជាព្រមទទួលយកសំណើរបស់ថៃ ដែលស្នើឱ្យលុបលេណដ្ឋាន និងរុះរើផ្ទះរបស់ប្រជាពលរដ្ឋខ្មែរនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពដដែលអះអាងថា កម្ពុជាយល់ព្រមរុះរើផ្ទះចំនួន ១ខ្នង នៅចំណុចអូរភ្លុកដំរី តាមសំណើរបស់ភាគីថៃ ដែលបានស្នើឱ្យរុះរើផ្ទះចំនួន ២ខ្នងក្នុងកិច្ចប្រជុំថ្នាក់យោធភូមិភាគកាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ។ ជាងនេះទៀត កម្ពុជាក៏នឹងកែសម្រួលលេណដ្ឋានប៉ុស្តិ៍នគរបាលព្រំដែនច្រកជ័យជម្នះ ចំនួន ១ តាមសំណើភាគីថៃ ផងដែរ។ លើសពីនេះ ផ្ទះប្រជាពលរដ្ឋខ្មែរចំនួន ២ខ្នងក្នុងចម្ការកៅស៊ូដែលភាគីថៃ ស្នើរុះរើ កម្ពុជាស្នើទុកជូនគណៈកម្មាធិការចម្រុះវាស់វែងកំណត់ខណ្ឌសីមា (JBC) ធ្វើការដោះស្រាយវិញ។
យោធភូមិភាគទី៥ នៃកម្ពុជា បញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីបំព្រួញទំនាស់រវាងភាគីទាំងពីរ ព្រោះកន្លងមក យោធភូមិភាគទី៥ និងកងបញ្ជាការព្រំដែនចន្ទបុរី-ត្រាត ធ្លាប់មានសម្ព័ន្ធភាព និងទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធគ្រប់ជំនាន់មកហើយ ថែមទាំងធ្លាប់សហការដោះស្រាយបញ្ហាដែលកើតមានដោយសន្តិវិធីថែមទៀត។
ជុំវិញបញ្ហានេះ កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានរាយការណ៍កាលពីថ្ងៃទី២៥ ខែកញ្ញា នេះថា អង្គភាពការពារព្រំដែនយោធភូមិភាគទី៥ របស់កម្ពុជា បានឆ្លើយតបជាផ្លូវការចំពោះសំណើរបស់ក្រុមការងារដែនសមុទ្រខេត្តត្រាត របស់ប្រទេសថៃ ដោយយល់ព្រមរុះរើផ្ទះមួយខ្នង និងកែប្រែលេណដ្ឋាននៅតំបន់ជម្លោះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ដើម្បីសុំការពន្យល់បន្ថែមពីបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

