28.7 C
Phnom Penh

ការ​បោះឆ្នោត​នៅ​រុស្ស៊ី៖ លោក ពូទីន ត្រូវ​បាន​កំណត់​ថា​ជា​អ្នក​ឈ្នះ​រួច​ទៅ​ហើយ ព្រោះ​គ្មាន​គូប្រកួត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ ទោះបីជា​លោក វ៉្លាឌីមៀរ ពូទីន ឈ្នះ​ឆ្នោត​មួយ​អាណត្តិ​ថ្មី​ទៀត​ក៏ដោយ ព្រោះ​គូប្រកួត​ដែល​មាន​ថាមពល មាន​ប្រជាប្រិយភាព ត្រូវ​បាន​រដ្ឋ​អំណាច​របស់​លោក ពូទីន កម្ចាត់​អស់​ហើយ។

មេ​បក្ស​ប្រឆាំង​មួយ​ដ៏​ល្បី គឺ​លោក អាឡេចហ្សេ ណាវាលនី ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ពន្ធនាគារ ដែល​ក្រុម​ប្រឆាំង និង​ក្រុម​បស្ចិម​ប្រទេស​ចោទ​ថា​ជា​ការ​សម្លាប់​ដោយ​រដ្ឋអំណាច​របស់​វិមាន​ក្រឹមឡាំង ព្រោះ​អ្នក​នយោបាយ​រូប​នេះ​មិន​ត្រូវ​បាន​គេ​ទុក​ជីវិត​ឱ្យ​រស់​ឡើយ។

មាន​អ្នក​នយោបាយ​ជាច្រើន​រូប មាន​ទាំង​ស្ត្រី​ផង ដែល​ស្នើ​ចុះឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ត្រូវ​ស្ថាប័ន​ជាតិ​បោះឆ្នោត​របស់​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ បាន​ឃារឃាំង​អ្នក​នយោបាយ​ទាំងនោះ ក្រោម​ហេតុផល​ថា ពុំ​មាន​លក្ខណៈ​សម្បត្តិ​ត្រឹមត្រូវ និង​អ្នក​ខ្លះ​មាន​ជាប់​ពិរុទ្ធភាព។ ក្រៅពី​នេះ មាន​បេក្ខជន​ខ្លះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត ដែល​អ្នក​នយោបាយ​នោះ​គ្មាន​ឈ្មោះ​បោះ​សំឡេង គឺ​ពុំ​មាន​ការ​គាំទ្រ​ច្រើន​នោះ​ទេ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន CNBC ធ្វើការ​វិភាគ​ថា ការ​បោះឆ្នោត​នៅ​រុស្ស៊ី ដែល​ត្រូវ​កំណត់​ឱ្យ​លោក ពូទីន កាន់​អំណាច ៦​ឆ្នាំ​ទៅ​មុខ​ទៀត​នេះ ជា​ការ​បោះឆ្នោត​គ្រាន់តែ​បង្គ្រប់​ទម្រង់​ប្រជាធិបតេយ្យ​ក្លែងក្លាយ​តែប៉ុណ្ណោះ ហើយ​ដល់​ខែ​មីនា ឆ្នាំ​២០៣០ នឹង​បោះឆ្នោត​បែបនេះ​បន្ត​ទៀត។

ការ​បោះឆ្នោត​ជា​ការ​កំណត់​គោលដៅ​ទៅ​រក​ជ័យជម្នះ​លើ​ប្រទេស​អ៊ុយក្រែន

អ្នក​សង្កេតការណ៍​ចាត់ទុក​ថា​លោក ពូទីន ពិត​ណាស់​ត្រូវតែ​ឈ្នះ​ការ​បោះឆ្នោត ព្រោះ​គូប្រកួត​ដែល​មាន​ប្រជាប្រិយភាព​ត្រូវ​បាន​កម្ចាត់​ចោល​អស់​ហើយ។

ការ​បោះឆ្នោត​នេះ​ដូចជា​ការ​ដាក់​កំហិត​ឱ្យ​ប្រជាជន​រុស្ស៊ី ត្រូវតែ​ទទួលយក​លោក ពូទីន ដឹកនាំ​ប្រទេស ៦​ឆ្នាំ​ទៅ​មុខ​ទៀត ហើយ​កំណត់​គោលដៅ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន បន្ដ​ទៀត ដែល​ពេលនេះ​វា​ចូល​ដល់​ឆ្នាំ​ទី​៣ ហើយ។ ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ វា​ខុស​ប្លែក​ត្រង់​ថា ប្រជាជន​រុស្ស៊ី ស្ថិត​ក្នុង​អារម្មណ៍​ថា តើ​ការ​បោះឆ្នោត​ដើម្បី​បន្ត​សង្គ្រាម ឬ​ដើម្បី​សន្តិភាព។

នៅ​ទីក្រុង​មូស្គូ ឯណោះ​វិញ អាជ្ញាធរ​បាន​ព្រមាន​ប្រឆាំង​ចំពោះ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​អំឡុង​ការ​បោះឆ្នោត បន្ទាប់ពី​មាន​ការ​អំពាវនាវ​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ពូទីន នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ពី​សំណាក់​គណបក្ស​ប្រឆាំង។ វិមាន​ក្រឹមឡាំង បាន​និយាយ​ថា ការ​បោះឆ្នោត​នេះ​នឹង​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ប្រជាជន​រុស្ស៊ី ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ការ​បោះឆ្នោត​ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ទឹកដី​អ៊ុយក្រែន ដែល​កងទ័ព​រុស្ស៊ី កំពុង​គ្រប់គ្រង​ផង​ដែរ។

នៅ​ខណៈ​នេះ កងទ័ព​អ៊ុយក្រែន ត្រូវ​បាន​រាយការណ៍​មក​ថា បាន​បង្កើន​ការ​វាយប្រហារ​លើ​តំបន់​ព្រំដែន​រុស្ស៊ី។ ចំណែកឯ​កងកម្លាំង​ឆ្មាំ​ជាតិ​រុស្ស៊ី បាន​និង​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ Kursk និង Belgorod នៅ​ក្នុង​ការ​ប៉ះទង្គិច​ចុងក្រោយ​បំផុត​នៅ​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន។ កងកម្លាំង​ឆ្មាំ​ជាតិ​រុស្ស៊ី គឺជា​ក្រុម​ដែល​ប្រកាស​ខ្លួន​ឈរ​នៅ​ខាង​អ៊ុយក្រែន។ ក្រុម​នេះ​ត្រូវ​បាន​រាយការណ៍​មក​ថា បាន​វាយ​ឆ្មក់​កាន់កាប់​ភូមិ​យ៉ាងតិច​បាន​ភូមិ​មួយ​នៅ​តំបន់ Belgorod ស្ថិត​ខាង​ក្នុង​ទឹកដី​រុស្ស៊ី ដែល​ជាប់​ព្រំដែន​អ៊ុយក្រែន។

ប៉ុន្តែ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters វិញ អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយក្រែន ឧត្ដមសេនីយ៍ Oleksandr Syrsky បាន​និយាយ​ថា ស្ថានភាព​នៅ​លើ​សមរភូមិ​នៅតែ​លំបាក​សម្រាប់​កងទ័ព​អ៊ុយក្រែន ដែល​លោក​ថា កងកម្លាំង​រុស្ស៊ី ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​វាយលុក​ចូល​ជ្រៅ​ទៅ​ក្នុង​ខ្សែបន្ទាត់​របស់​កងទ័ព​អ៊ុយក្រែន នៅ​ក្នុង​តំបន់ Donetsk ភាគ​ខាងកើត។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កងកម្លាំង​របស់​អ៊ុយក្រែន កំពុង​ឈរជើង​ការពារ​នៅ​ជួរ​មុខ​ចម្ងាយ ១០០០​គីឡូម៉ែត្រ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង បន្ទាប់ពី​ទីក្រុង​មូស្គូ វាយ​ពង្រីក​ទឹកដី​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ។

លោក Oleksandr Syrsky បន្ត​ថា លោក​បាន​ទៅ​ដល់​អង្គភាព​របស់​កងវរសេនាតូច​ចំនួន​ពីរ ខណៈ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ​ឡើង ហើយ​មាន​ការ​គំរាមកំហែង​ពី​សត្រូវ​ដែល​វាយលុក​ចូល​ជ្រៅ​ទៅ​ក្នុង​ទីតាំង​របស់​ទ័ព​អ៊ុយក្រែន។

លោក​អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយក្រែន បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង Telegram ថា ជាទូទៅ ស្ថានការណ៍​ប្រតិបត្តិការ​នៅ​សមរភូមិ​ជួរ​មុខ​ភាគ​ខាងកើត នៅតែ​មាន​ភាព​លំបាក ដែល​សត្រូវ​នៅតែ​បន្ត​ប្រតិបត្តិការ​វាយលុក​ក្នុង​តំបន់​ជាច្រើន​នៃ​តំបន់ Donetsk ខណៈ​កងទ័ព​អ៊ុយក្រែន កំពុង​រង់ចាំ​គ្រាប់កាំភ្លើង​របស់​ក្រុម​បស្ចិម​ប្រទេស។

ទោះជា​យ៉ាងណា ក្រុម​បស្ចិម​ប្រទេស​ដែល​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​រុស្ស៊ី ក្នុង​បរិបទ​នៃ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន នៅតែ​ព្រមាន​ថា ទោះជា​លោក ពូទីន ឈោង​ចាប់​យក​អំណាច ៦​ឆ្នាំ​ទៀត​ក៏ដោយ គឺ​គេ​មិន​ត្រូវ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី និង​លោក ពូទីន ឈ្នះ​សង្គ្រាម​ដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស