39 C
Phnom Penh

រុស្ស៊ី កម្ពុជា និង​ចិន ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រទេស​អាក្រក់​ជាងគេ​ដាក់​គោលដៅ​វាយប្រហារ​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​បញ្ចេញ​របាយការណ៍​អំពី​សន្ទស្សន៍​របស់​ខ្លួន ដោយ​រក​ឃើញ ២៥​ប្រទេស​ដែល​ដាក់​គោលដៅ​វាយប្រហារ​ទៅ​លើ​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស។

ក្នុង​ប្រទេស​ទាំង ២៥ នេះ ប្រទេស​ចំនួន​៣ ជាប់​ជា​ប្រទេស​អាក្រក់​ជាងគេ​ដែល​ដាក់​កម្លាំង​សម្ងាត់​តាម​វាយប្រហារ​អ្នក​ប្រឆាំង​ដែល​រត់​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ក្រៅ​ប្រទេស។ ប្រទេស​ទាំង ៣ នេះ​មាន​កម្ពុជា រុស្ស៊ី និង​ប្រទេស​ចិន ហើយ​ក្រៅពី​នេះ ប្រទេស ២​ទៀត​គឺ​ប្រទេស​ភូមា និង​ប្រទេស​តួមេនគីស្ថាន។

សន្ទស្សន៍​របាយការណ៍​របស់​អង្គការ Freedom House ប្រចាំ​ឆ្នាំ​២០២៣ ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Guardian កាលពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ។

លោក Michael Abramowitz ប្រធាន​អង្គការ Freedom House និយាយ​ថា ប្រទេស​ដែល​ភាគច្រើន​មាន​មេដឹកនាំ​ផ្ដាច់ការ តែងតែ​បញ្ជូន​កម្លាំង​សម្ងាត់​តាម​ប្រមាញ់ និង​វាយប្រហារ​អ្នក​រិះគន់​ដែល​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

លោក​បន្ត​ថា ប្រទេស​ទាំងនេះ​វាយ​បង្ក្រាប​អ្នក​រិះគន់​ក្រោម​លេស​ថា ការពារ​អធិបតេយ្យភាព និង​សន្តិសុខ​របស់​ប្រទេស ប៉ុន្តែ​ជា​ការ​បង្ក្រាប​ដើម្បី​ពង្រឹង​អំណាច​របស់​មេដឹកនាំ​ប្រទេស។

លោក​ទាមទារ​ឱ្យ​ប្រទេស​ទាំងអស់​នេះ​ត្រូវ​ទម្លាក់​ចោល​វិធានការ​បែប​នេះ ហើយ​ត្រូវ​ធ្វើ​ឱ្យ​មាន​ប្រជាធិបតេយ្យ និង​ការ​ឱ្យ​តម្លៃ​សិទ្ធិ​សេរីភាព និង​សិទ្ធិមនុស្ស​ឡើងវិញ។

បើ​តាម Freedom House ប្រទេស​ដែល​មាន​សន្ទស្សន៍​វាយតម្លៃ​សិទ្ធិ​សេរីភាព​ដ៏​អាក្រក់ ៥​ប្រទេស​នេះ គឺជា​ការ​មក​ជំនួស​ប្រទេស Cuba, Congo, El Salvador, Sierra Leone និង Yemen ដែល​មាន​ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​អាក្រក់​កាលពី​ឆ្នាំ​ទៅ​មិញ។

មាន​ប្រទេស​យ៉ាងតិច ៤៥​ប្រទេស​ទៀត​ដែល​កំពុង​ចាប់ផ្ដើម​ប្រព្រឹត្ត​ដូច​ប្រទេស​ទាំង ២៥ នេះ ដែល​កំណត់​មុខសញ្ញា​អ្នកកាសែត អ្នក​រិះគន់ ជា​ក្រុម​ត្រូវ​បង្ក្រាប និង​បំបិទ​សំឡេង ហើយ​ធ្វើ​ទុក្ខ​ទារុណកម្ម​ដោយ​បង្ខំ​ឱ្យ​រត់​ទៅ​នៅ​ប្រទេស​ខាង​ក្រៅ។

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អង្គការ Freedom House បាន​ឱ្យ​ដឹង​ថា ការ​ធ្វើ​ទារុណកម្ម​ខាង​រាងកាយ​មាន​ទាំង​ការ​ឃុំ​ខ្លួន ការ​និរទេស​ខ្លួន​ដោយ​បង្ខំ គឺជា​រឿង​ធម្មតា​របស់​ប្រទេស​ផ្ដាច់ការ​ទាំងនេះ។

កាលពី​មុន របប​ក្រុង​មូស្គូ បាន​បញ្ជា​ទៅ​កម្លាំង​សម្ងាត់​របស់​ខ្លួន​ឲ្យ​តាម​វាយ​បង្ក្រាប​ក្រុម​ប្រឆាំង​ដល់​ក្រៅ​ប្រទេស​នៅ​លើ​ទឹកដី​នៃ​ប្រទេស Armenia, Georgia, Kazakhstan និង Kyrgyzstan ដែល​យ៉ាងតិច​មាន ១៨​ករណី​បាន​កើត​ឡើង។

ចំណែក​រដ្ឋាភិបាល​កម្ពុជា​ជា​ប្រទេស​លំដាប់​ទី​២ បន្ទាប់ពី​ប្រទេស​រុស្ស៊ី បាន​បញ្ជូន​កម្លាំង​សម្ងាត់​ទៅ​វាយ​បង្ក្រាប​ក្រុម​ប្រឆាំង​ដល់​ប្រទេស​ថៃ ហើយ​យ៉ាងតិច​កើត​មាន ១៥​ករណី និង ៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

ដោយឡែក​របប​ផ្ដាច់ការ​នៅ​អ៊ីរ៉ង់ បាន​បញ្ជូន​ប៉ូលិស​សម្ងាត់​តាម​ស៊ើបអង្កេត តាម​គំរាមកំហែង​នៅ​បណ្ដា​ប្រទេស​ជិតខាង។

រវាង​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២៣ អង្គការ Freedom House បាន​កត់ត្រា​ឃើញ​ថា ការ​ធ្វើ​ទារុណកម្ម​លើ​រាងកាយ​មាន​ចំនួន ១០៣៤​ករណី ដែល​ប្រទេស​ចំនួន ៤៤ បាន​ប្រព្រឹត្ត​បែប​នេះ​ទៅ​លើ​អ្នក​ប្រឆាំង​ដែល​និរទេស​ខ្លួន​ប្រហែល​ជា ១០០​ប្រទេស។ សម្រាប់​ឆ្នាំ​២០២៣ ចិន​ជា​ប្រទេស​ទី​៣ បន្ទាប់ពី​កម្ពុជា ដែល​ប្រព្រឹត្ត​ការ​វាយប្រហារ​លើ​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស។

Yana Gorokhovskaia ជា​នាយក​ស្រាវជ្រាវ​នៃ​អង្គការ Freedom House បាន​និយាយ​ថា វា​ច្បាស់​ណាស់​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្ដាច់ការ​ទាំងនោះ មិន​បាន​គិត​អំពី​អធិបតេយ្យភាព​នៃ​ប្រទេស​ដែល​ក្រុម​ប្រឆាំង​រត់​ទៅ​ជ្រកកោន​នោះ​ទេ គឺ​មេដឹកនាំ​ប្រទេស​នោះ​តែងតែ​ប្រើ​មធ្យោបាយ​សម្ងាត់ ដោយ​ការ​លួច​វាយ​បង្ក្រាប​ទៅ​លើ​ជន​រងគ្រោះ​ដែល​ជា​មុខសញ្ញា​តាម​ប្រមាញ់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស