រដ្ឋអាជ្ញាអាមេរិក លាតត្រដាងលុយកខ្វក់រាប់ពាន់លានដុល្លាររបស់ប្រធានក្រុមហ៊ុន Prince Group លោក ចេន ហ្ស៊ី (Chen Zhi) ថាត្រូវបានលាងសម្អាតក្រោមការវិនិយោគតាមរយៈរូបិយប័ណ្ណគ្រីបតូ (Cryptocurrency Investment Fraud Scheme) ដែលមានឈ្មោះថា «Pig Butchering Scams» ដែលប្រែថា «កាប់ជ្រូកឆៅ»។
Pig Butchering Scams នេះ គឺជាក្បួននៃការបោកបញ្ឆោតតាមអនឡាញ ដោយបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមុន ទើបធ្វើការបោកប្រាស់តាមក្រោយ។ វិធីបោកប្រាស់នេះ ក្រុមឧក្រិដ្ឋជនធ្វើឱ្យជនរងគ្រោះស្រឡាញ់ និងជឿទុកចិត្ត បន្ទាប់មក ពួកគេបានបោកឱ្យជនរងគ្រោះវិនិយោគ ឬផ្ញើលុយជាជំហានៗ ប៉ុន្តែនៅពេលដែលជនរងគ្រោះជឿទុកចិត្តហើយនោះ ពួកគេនឹងបោកយកលុយទាំងអស់តែម្តង ឬបង្ខាំងជនរងគ្រោះទុករកលុយឱ្យពួកគេ ជាដើម។
រដ្ឋអាជ្ញាតុលាការសហព័ន្ធអាមេរិកនៅក្រុងញ៉ូវយ៉ក (New York) លោក Joseph Nocella Jr. បានបង្ហាញក្នុងពាក្យបណ្ដឹងដែលបានរឹបអូសទឹកប្រាក់ជាង ១៤ពាន់លានដុល្លាររបស់លោក ចេន ហ្ស៊ី (Chen Zhi) កាលពីថ្ងៃទី១៤ ខែតុលា នេះថា ក្រុមហ៊ុន Prince Group ក្រោមការដឹកនាំរបស់លោក ចេន ហ្ស៊ី ទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរយៈការបោកប្រាស់តាមបណ្តាប្រទេសប្រមាណជា ៣០ នៅជុំវិញពិភពលោក។
ប្រភពដដែល អះអាងថា ចំនួនទឹកប្រាក់ទាំងអស់នេះត្រូវបានមេឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) លាងសម្អាតតាមរយៈប្រភពធំៗចំនួនពីរ ដែលប្រភពទី១ មាន ២២អាសយដ្ឋាន និងប្រភពទី២ មាន ២៧អាសយដ្ឋាន ហើយប្រភពទាំងពីរនេះ ត្រូវក្លែងបន្លំក្នុងការផ្ទេរប្រាក់ទៅអាសយដ្ឋានកណ្តាលរួមមួយ មុននឹងផ្ទេរប្រាក់ទាំងនោះទៅឱ្យលោក ចេន ហ្ស៊ី (Chen Zhi) វិញ។
បន្ទាប់ពីទទួលប្រាក់ដែលបានសម្អាត លោក ចេន ហ្ស៊ី បានផ្ទេរលុយទាំងនោះទៅរក្សាទុកក្នុងកាបូបលុយ (Wallets) ចំនួន ២៥កន្លែងផ្សេងទៀត ដែលត្រូវស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងចំនួន ១៣ទីតាំង ឬ ១៣ចង្កោម (១៣Clusters) ដែលចង្កោមនីមួយៗមានចំនួនកាបូបលុយ (wallet) ចាប់ពី ១កាបូប (១wallet) រហូតដល់ ៧កាបូប (៧wallets)។
ពាក្យបណ្ដឹងដដែលនេះ លើកឡើងថា ក្រុមហ៊ុន Prince Group បានធ្វើប្រតិបត្តិការឆបោកនេះនៅទូទាំងប្រទេសកម្ពុជា ដែលស្ថិតក្រោមផែនការក្លែងបន្លំការវិនិយោគរូបិយប័ណ្ណគ្រីបតូ និងគម្រោងក្លែងបន្លំជាច្រើនផ្សេងទៀតចាប់តាំងពីឆ្នាំ២០១៥ មក ដែលដំណើរការក្នុងនាមជាក្រុមហ៊ុនសាជីវកម្មរបស់កម្ពុជា។
ប្រភពដដែលឲ្យដឹងថា ក្រុមហ៊ុននេះបានធ្វើប្រតិបត្តិការលើការអភិវឌ្ឍអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអ្នកប្រើប្រាស់ ជាដើម ហើយក្រោមគ្រោងការនេះ បានបណ្តាលឱ្យមានការខាតបង់លុយរាប់ពាន់លានដុល្លារដែលកំណត់គោលដៅលើពលរដ្ឋអាមេរិក និងមនុស្សនៅជុំវិញពិភពលោក។
ក្នុងពាក្យបណ្ដឹងនេះ បញ្ជាក់ថា ក្នុងគម្រោងការឆបោកនេះ លោក ចេន ហ្ស៊ី (Chen Zhi) បានប្រើប្រាស់សញ្ជាតិចំនួន៥ រួមមានសញ្ជាតិចិន កម្ពុជា វ៉ានូអាទូ លូសៀ និងសញ្ជាតិស៊ីប (Cyprus) ដោយធ្វើការចល័តការស្នាក់នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី តៃវ៉ាន់ ហុងកុង និងចក្រភពអង់គ្លេស។
ជុំវិញបញ្ហានេះ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ បានអះអាងកាលពីថ្ងៃទី១៦ ខែតុលា នេះថា រយៈពេល ៤ខែចុងក្រោយក្នុងឆ្នាំ២០២៥ នេះ សមត្ថកិច្ចកម្ពុជា បានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ៧៥នាក់ទៅតុលាការ និងបានឃាត់ខ្លួនជនសង្ស័យជាង ៣ពាន់នាក់ (៣៤០០នាក់) ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ប្រតិកម្មតបជុំវិញវិធានការរបស់ក្រសួងយុត្តិធម៌អាមេរិក ដែលបានរកឃើញការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ពាក់ព័ន្ធនឹងអ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅឡើយទេ រហូតដល់ពេលនេះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ដើម្បីសុំការបំភ្លឺពីបញ្ហានេះបាននៅឡើយដែរ រហូតដល់ម៉ោងផ្សាយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

