27.3 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​នឹង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ថៃ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ថៃ ដោយ​ជ្រើសរើស​វិធីសាស្ត្រ​សន្តិភាព​សម្រាប់​ការ​ដោះស្រាយ​ចំពោះ​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​គ្នា ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​កម្លាំង​កងទ័ព​បន្ត​ទៀត។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​តាខ្មៅ ឬ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២៥ នេះ​ថា កម្ពុជា​ថ្លែង​អំណរគុណ​ដល់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ភាគី​ចិន និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ផ្ដួចផ្ដើម​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ព្រមទាំង​តាមដាន​ជាប់​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា និង​ថៃ យ៉ាង​យកចិត្ត​ទុកដាក់​រហូត​មក។

លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​ប្រកាន់​យក​នូវ​អភិក្រម​ចំនួន​៣ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដូចជា ការ​ទប់ស្កាត់​ជម្លោះ​កុំ​ឱ្យ​រីក​រាលដាល ការ​កាត់បន្ថយ​ផល​ប៉ះពាល់ និង​ការ​ស្ដារ​នូវ​ស្ថានការណ៍​ឡើងវិញ​ផង​ដែរ ព្រោះ​សង្គ្រាម​គ្មាន​អ្នក​ឈ្នះ គ្មាន​អ្នក​ចាញ់​ទេ គឺ​មាន​តែ​អ្នក​ស្លាប់​ទាំង​សងខាង។

លោក​បន្ត​ថា ជាជាង​ការ​សួរ​មក​កាន់​រដ្ឋាភិបាល​ថា តើ​កន្លែង​ណា​បាត់ កន្លែង​ណា​បាន មេទ័ព​ខ្មែរ​ណា​ស្លាប់ មេទ័ព​ខ្មែរ​ណា​រស់ ពលរដ្ឋ​ខ្មែរ​ត្រូវ​ទុកចិត្ត​លើ​រឿង​តែ​មួយ​គត់ គឺ​ថា​កងកម្លាំង​កម្ពុជា​បាន​លះបង់​អាយុជីវិត សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ការពារ​ទឹកដី និង​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី ដើម្បី​កុំ​ឱ្យ​មាន​សង្គ្រាម។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ បញ្ជាក់​ថា កម្ពុជា​គ្មាន​បំណង​រំលោភ​លើ​អធិបតេយ្យ ឬ​បូរណភាព​ទឹកដី​របស់​អ្នក​ណា​ទេ ហើយ​ក៏​មិន​ឱ្យ​គេ​រំលោភ​ទឹកដី​កម្ពុជា​ដែរ ប៉ុន្តែ​ការ​ដោះស្រាយ​ត្រូវ​ប្រកាន់​យក​វិធីសាស្ត្រ​សន្តិវិធី សន្តិភាព​តាមរយៈ​យន្តការ​ទ្វេភាគី ឬ​យន្តការ​ផ្លូវ​តុលាការ ជៀសវាង​ប្រើប្រាស់​កម្លាំង​ទ័ព​ច្បាំង​តទល់​គ្នា។

កាលពី​ថ្ងៃទី​១៤ ខែ​តុលា កាសែត South China Morning Post បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក មហាម៉េដ ហាស់សាន (Mohamad Hasan) ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ចន្លោះ​ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៥ នេះ។

ក្រុម​អ្នក​ឃ្លាំមើល ក្រុម​អ្នកវិភាគ ក្រុម​អ្នក​សង្កេតការណ៍ និង​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន លើកឡើង​ថា កិច្ចព្រមព្រៀង​នេះ​គឺជា​ការ​ដោះដូរ​អធិបតេយ្យ​ជាតិ​ខ្មែរ​ជាមួយ​ថៃ ដើម្បី​រក្សា​សន្តិភាព​ក្លែងក្លាយ និង​អំណាច​របស់​អ្នកដឹកនាំ​ខ្មែរ​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត បាន​ចេញ​មក​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា កម្ពុជា​មិន​បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​ណា​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​បាត់បង់​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ស្រប​ច្បាប់​របស់​កម្ពុជា​ឡើយ ទាំង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព ដែល​គ្រោង​ចុះហត្ថលេខា​នៅ​ពេល​ខាងមុខ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស