ក្រសួងមហាផ្ទៃ ព្រមានថា នៅទូទាំងប្រទេសកម្ពុជា មានខេត្តចំនួន៦ កំពុងកើនឡើងនូវបទល្មើសផ្សេងៗ ជាពិសេសអំពើឧក្រិដ្ឋ ខណៈការបង្ក្រាបរយៈពេល ៩ខែក្នុងឆ្នាំនេះមានប្រសិទ្ធភាពខ្ពស់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បង្ហាញរបាយការណ៍នៅថ្ងៃទី៣០ តុលា នេះថា រយៈពេល ៩ខែក្នុងឆ្នាំ២០២៥ នេះ នៅទូទាំងប្រទេសកម្ពុជា មានបទល្មើសឧក្រិដ្ឋកើតឡើងជិត ៥០០ករណី (៤៧៥ករណី) ខណៈបទល្មើសជាង ១ពាន់ករណីផ្សេងទៀត (១៦៧៧ករណី) គឺជាបទល្មើសមជ្ឈិមដែលគិតជាសរុប គឺមានចំនួនជាង ២ពាន់ករណី (២១៥២ករណី)។
ប្រភពដដែល អះអាងថា បទល្មើសដែលបានកើតឡើងទាំងជាង ២ពាន់ករណីនេះ មានជនរងគ្រោះជាង ២ពាន់នាក់ផងដែរ (២៣៨៧នាក់) ខណៈអ្នកស្លាប់មានចំនួនជាង ១០០នាក់ (១៥៦នាក់) និងអ្នករងរបួសមានចំនួនជិត ៧០០នាក់ (៦៨២នាក់) ប៉ុន្តែមានការថយចុះជាង ៤០០ករណី (៤៥០ករណី) បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សមត្ថកិច្ចចុះបង្ក្រាបបានចំនួន ២០៧១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានជាង ៣ពាន់នាក់ (៣២៩៦នាក់) ដែលក្នុងនោះបានរកឃើញអ្នកផ្ទុកសារធាតុញៀនជិត ១ពាន់នាក់ (៩៩៣នាក់) និងបានដកហូតកាំភ្លើងវែងខ្លីចំនួន ៤២ដើម គ្រាប់បែក ១គ្រាប់ អាវុធកែច្នៃ ១១ដើម កាំបិត និងដាវ ៦៧ដើម រថយន្ត ៦៤គ្រឿង ម៉ូតូ ២៥៧គ្រឿង និងឧបករណ៍មួយចំនួនទៀតផងដែរ។
កាលពីថ្ងៃទី១៣ ខែតុលា សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ក៏បានស្នើចេញសេចក្តីសម្រេចចិត្តជាច្បាប់លេខ H.R 5490 ក្នុងគោលបំណងដាក់ប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅ និងស្នើដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលគ្រាក់ៗ និងឧកញ៉ាខ្មែរមួយចំនួន រួមទាំងក្រុមហ៊ុនខ្មែរសហការជាមួយចិន ជាច្រើនទៀតផងដែរ។
ក្នុងសេចក្តីព្រាងច្បាប់នេះ បានកំណត់មុខសញ្ញាដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា និងឧកញ៉ាខ្មែរមួយចំនួន ដូចជា លោក នេត សារឿន ឧកញ៉ា ហ៊ុន តូ ឧកញ៉ា កុក អាន ឧកញ៉ា ចេន ហ្ស៊ី លោក ឌី វិជ្ជា លោក គួច ចំរើន មេឧក្រិដ្ឋជនឈ្មោះ យ៉ាន ណារ៉ុង លោក យឹម ល័ក្ខ និងមនុស្សជាង ៣០នាក់ផ្សេងទៀត ដែលភាគច្រើនជាឧក្រិដ្ឋជនជនជាតិចិន។
ពាក់ព័ន្ធនឹងបញ្ហានេះ វិទ្យាស្ថានស្រាវជ្រាវនៅសហរដ្ឋអាមេរិក (Humanity Research Consultancy) បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះថា ប្រទេសកម្ពុជាបានក្លាយជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកសកលដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនជនជាតិចិន សព្វថ្ងៃនេះ។
យោងតាមការចុះផ្សាយក្នុងសារព័ត៌មាន The Diplomat នៅថ្ងៃទី៣០ ខែតុលា នេះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រមុខ បានដឹងច្បាស់អំពីការបង្កើតមណ្ឌលសកម្មភាពប្រតិបត្តិការឆបោកតាមប្រព័ន្ធអន្តរបណ្ដាញ cyberscam operation centers ដោយឧក្រិដ្ឋករជនជាតិចិន តាំងពីឆ្នាំ២០២២។ ក្នុងឆ្នាំនោះ អង្គការសង្គមស៊ីវិលចំនួន ៣៥ បានសរសេរលិខិតសុំឲ្យរាជរដ្ឋាភិបាលបង្ក្រាបរបរឧក្រិដ្ឋកម្មទាំងនេះ។ អ្នកកាសែតក៏បានរាយការណ៍អំពីបញ្ហាហ្នឹង ហើយអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានប្ដេជ្ញាថានឹងបង្ក្រាបឲ្យចប់អស់នៅមុនដាច់ឆ្នាំនោះដែរ ប៉ុន្តែអ្នកកាសែតណានិយាយរឿងហ្នឹង អាជ្ញាធរតាមប្រមាញ់ចាប់ដាក់គុក ឬសម្លុតសម្លាប់។
ស្ថានទូត ៥ប្រទេសនៅស្រុកខ្មែរក៏បានសរសេរសារការទូតព្រមានអំពីបញ្ហានេះដែរ គឺស្ថានទូតឥណ្ឌូនេស៊ី យៀកណាម ថៃឡង់ដ៍ ប៉ាគីស្ថាន និងចិនប្រជាមានិត។ លោក ហ៊ុន សែន មិនបានអើពើរឿងហ្នឹងទេ។ អ្នកស៊ើបការណ៍អន្តរជាតិនិយាយថា មុខរបរដែលនាំចំណូលហូរចូលដូចទឹកនេះ មានជាប់ជំពាក់នឹងអ្នកមានអំណាច៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

