អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានផ្អាក និងបិទកាស៊ីណូចិន ៤កន្លែង ក្រោយមានការសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បន្ទាប់ពីមានជំនួបពិភាក្សាតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោក Kash Patel នាយកនៃការិយាល័យភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក ស្តីអំពីការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងយុទ្ធនាការបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២ វិច្ឆិកា មន្ត្រីនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានសហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ ចុះផ្អាក និងបិទកាស៊ីណូចិន ៤កន្លែងដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។
ប្រភពដដែលបានឲ្យដឹងថា កាស៊ីណូទាំង ៤កន្លែងដែលសមត្ថកិច្ចបានបង្ក្រាបរួមមាន កាស៊ីណូ ជីនប៉ី គ្រុប របស់ក្រុមហ៊ុន ជីនប៉ី គ្រុប កាស៊ីណូ ជីនប៉ី របស់ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀលអ៊ីស្តេត កាស៊ីណូ ជីស៊ី របស់ក្រុមហ៊ុន ជី.ស៊ី មេឌា និងកាស៊ីណូ ជីនប៉ី ៤ របស់ក្រុមហ៊ុន ជី.ស៊ី មេឌា។
ប្រភពដដែលបានឲ្យដឹងទៀតថា យុទ្ធនាការចុះផ្អាក និងបិទទីតាំងកាស៊ីណូទាំងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលតាមទូរសព្ទជាមួយលោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក ស្ដីពីការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជំរិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ជាពិសេសគឺការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បានប្រកាសមិនអនុញ្ញាតច្បាប់ចំពោះល្បែងផ្សងសំណាងដែលហួសសុពលភាពទៀតនោះឡើយ ព្រោះថារាជរដ្ឋាភិបាលបានចេញគោលនយោបាយហើយ គឺឈប់ចេញអាជ្ញាប័ណ្ណឲ្យតទៅទៀត។
យោងតាមសេចក្តីរាយការណ៍ពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្នុងរយៈពេល ៤ខែចុងក្រោយនៃឆ្នាំ២០២៥ ពីខែមិថុនា ដល់ខែតុលា អាជ្ញាធរមានសមត្ថកិច្ចខ្មែរបានចាប់ខ្លួនជនសង្ស័យប្រមាណជាង ៣៤០០នាក់ ពាក់ព័ន្ធក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធអនឡាញ ហើយមេខ្លោង និងបក្ខពួកសរុប ៧៥នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

