27.4 C
Phnom Penh

ម្ចាស់​ពាន​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ មិន​អាច​ទទួល​ពាន​ដោយ​ផ្ទាល់ ប៉ុន្តែ​កូនស្រី​ជា​អ្នក​ទទួល​ជំនួស​ម្ដាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី Maria Corina Machado ទៅ​ដល់​ប្រទេស​ន័រវែស ដើម្បី​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព ទោះ​មាន​បម្រាប​ធ្វើ​ដំណើរ​របស់​អាជ្ញាធរ​វេណេហ្ស៊ុយអេឡា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន USA TODAY នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥។

យ៉ាងណា មេដឹកនាំ​គណបក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា អ្នកស្រី Machado ដែល​បាន​ទៅ​ដល់​ប្រទេស​ន័រវែស ប៉ុន្មាន​ម៉ោង​ក្រោយ​ពិធី​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព​ត្រូវ​បាន​ទទួល​ដោយ​កូនស្រី​របស់​អ្នកស្រី គឺ​នាង Ana Corina Sosa។ អ្នកស្រី Machado ចំណាយ​ពេល​ជាង ១​ឆ្នាំ​រស់នៅ​លាក់​ខ្លួន​ជាមួយ​ការ​ហាមឃាត់​ធ្វើ​ដំណើរ​ដោយ​អាជ្ញាធរ​វេណេហ្ស៊ុយអេឡា។

គណៈកម្មាធិការ​ណូបែល​ន័រវែស បាន​ប្រកាស​ពី​ការ​មក​ដល់​របស់​លោកស្រី Machado ដោយ​បញ្ជាក់​ថា មុន​មក​ដល់​ទីក្រុង Oslo អ្នកស្រី​សឹងតែ​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះ​អ្នកស្រី​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​ទៅ​កាន់​ប្រទេស​ជិតខាង ដើម្បី​ឡើង​ជិះ​យន្តហោះ​ប្រទេស​នោះ​ទៅ​ន័រវែស ដោយ​រដ្ឋអំណាច​លោក ម៉ាឌូរ៉ូ បង្ខំ​ឱ្យ​អ្នកស្រី​ជិះ​ទូក​ឆ្លងកាត់​មហាសមុទ្រ​ការីបៀន ដោយ​មាន​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ទៅ​កាន់​ប្រទេស​ដែន​កោះ Curaçao ទើប​រក​មធ្យោបាយ​ចេញពី​ដែន​កោះ​នោះ​ទៀត ប៉ុន្តែ​មាន​ការ​ជួយ​ពី​សហរដ្ឋ​អាមេរិក។

លោក Kristian Berg Harpviken នាយក​វិទ្យាស្ថាន​ណូបែល​សន្តិភាព ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​នៃ NRK ប្រទេស​ន័រវែស ថា នៅ​ពេល​ពិធី​ប្រគល់​ពាន​ណូបែល​កំពុង​ប្រព្រឹត្ត​ទៅ អ្នកស្រី Machado មិន​ទាន់​មក​ដល់​ន័រវែស ទេ ហើយ​កូន​អ្នកស្រី គឺ​នាង Ana Corina Sosa ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឡើង​មក​ទទួល​ពាន​នេះ​ជំនួស​ម្ដាយ។ តែ​បណ្ដាញ​ផ្សាយ​ព័ត៌មាន USA TODAY ថា​អ្នកស្រី​បាន​ទៅ​ដល់​ប្រទេស​ន័រវែស នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១០ ធ្នូ។

លោក Harpviken នាយក​វិទ្យាស្ថាន​ណូបែល​សន្តិភាព អះអាង​ថា រដ្ឋអំណាច​លោក ម៉ាឌូរ៉ូ ហាម​អ្នកស្រី​ចាកចេញ​ពី​ប្រទេស តែ​អ្នកស្រី​ទៅ​ដល់​ន័រវែស ដោយ​សុវត្ថិភាព ក្រោយពី​អ្នកស្រី​ប្រថុយ​គ្រោះថ្នាក់​ខ្លាំង​ណាស់។

ទៅ​ដល់​ទីក្រុង Oslo អ្នកគាំទ្រ និង​មេដឹកនាំ​ប្រទេស​មួយ​ចំនួន រីករាយ​វត្តមាន​របស់​អ្នកស្រី Machado។ អ្នកស្រី Machado លើក​ដៃ​គ្រវី​ទៅ​កាន់​អ្នកគាំទ្រ​យ៉ាង​ច្រើន​នាក់​នៅ​ក្រៅ​បរិវេណ​សណ្ឋាគារ​មួយ​នៅ​ក្រុង Oslo។

អ្នកគាំទ្រ​ស្រែក​សួរ​អ្នកស្រី​ថា តើ​ត្រឡប់​ទៅ​វេណេហ្ស៊ុយអេឡា វិញ​ទេ? អ្នកស្រី​ឆ្លើយ​ថា ត្រូវតែ​ត្រឡប់​ទៅ​វិញ។ អ្នកគាំទ្រ​ស្រែក​ទៅ​រក​ឈ្មោះ​អ្នកស្រី​ថា “Maria! Maria!” ហើយ “Freedom! Freedom!”។ ជាមួយ​គ្នា​នេះ មនុស្ស​ជាច្រើន​ច្រៀង​បទ​គោរព​ទង់ជាតិ​ប្រទេស​វេណេហ្ស៊ុយអេឡា។

អ្នកស្រី Machado អាយុ ៥៨​ឆ្នាំ ត្រូវ​បាន​រដ្ឋាភិបាល​ប្រធានាធិបតី លោក Nicolas Maduro ហាម​មិន​ឱ្យ​ចាកចេញ​ពី​វេណេហ្ស៊ុយអេឡា ចាប់តាំងពី​ឆ្នាំ​២០១៤។

ពានរង្វាន់​ត្រូវ​បាន​គណៈកម្មាធិការ​ណូបែល​ន័រវែស ផ្តល់​ជូន​អ្នកស្រី Machado សម្រាប់​ការ​តស៊ូ​ប្រឆាំង​នឹង​អ្វី​ដែល​អង្គការ​ពានរង្វាន់​នេះ​ហៅថា​ប្រឆាំង​របប​ផ្ដាច់ការ​ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព អ្នក​ទទួល​ពាន​មិន​អាច​បង្ហាញ​វត្តមាន​ក្នុង​ពិធី​ប្រគល់​ជ័យលាភី​នៅ​ក្រុង Oslo ប្រទេស​ន័រវែស។

ជាក់ស្ដែង អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​កាលពី​ឆ្នាំ​១៩៩១ ក៏​មិន​មាន​វត្តមាន​ដែរ រួម​ជាមួយ​សកម្មជន​សិទ្ធិមនុស្ស​ចិន លីវ ស៊ាវបូ កាលពី​ក្នុង​ឆ្នាំ​២០១០ សកម្មជន​សិទ្ធិមនុស្ស​ជាតិ​បេឡារុស Ales Bialiatski ក្នុង​ឆ្នាំ​២០២២ និង​សកម្មជន​សិទ្ធិមនុស្ស​អ៊ីរ៉ង់ Narges Mohammadi ក្នុង​ឆ្នាំ​២០២៣ ជាដើម មិន​មាន​វត្តមាន​ដែរ។ ពួកគាត់​សុទ្ធសឹងតែ​ជា​ជ័យលាភី​ណូបែល​ដែល​មិន​អាច​មក​ទទួល​ពានរង្វាន់​ដោយ​ផ្ទាល់ ព្រោះ​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ។

ចំពោះ​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ អ្នកស្រី Machado ទោះជា​មិន​ជាប់​ឃុំឃាំង​ទេ ប៉ុន្តែ​អ្នកស្រី​មិន​អាច​ធ្វើ​ដំណើរ​មក​ទាន់​កម្មវិធី។

នៅ​ពេល​អញ្ជើញ​មក​ដល់​ក្រុង Oslo នៅ​ល្ងាច​ថ្ងៃទី​១០ ធ្នូ គណៈកម្មាធិការ​ណូបែល​ប្រកាស​ថា​អាច​នឹង​ធ្វើ​ពិធី​ជាមួយ​អ្នកស្រី Machado ដែល​អ្នក​មុខ​អ្នកការ និង​មាន​ទាំង​ប្រធានាធិបតី នាយករដ្ឋមន្ត្រី ចូលរួម​មក​ជួប​នឹង​អ្នកស្រី​ផង​ដែរ។

ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព​ជា​ផ្លូវការ ប្រធាន​គណៈកម្មការ​ណូបែល​បាន​ប្រកាស​ជំរុញ​ឱ្យ​លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា គោរព​លទ្ធផល​ឆ្នោត និង​ចុះចេញ​ពី​តំណែង​ដែល​ជន​ផ្ដាច់ការ​ម្នាក់​នេះ​បាន​កាន់កាប់​តាំងពី​ឆ្នាំ​២០១៣ មក ដោយ​ការ​លួច​បន្លំ​ការ​បោះឆ្នោត និង​ចាប់​ដាក់​គុក​អ្នកនយោបាយ​ដែល​ចេញ​មុខ​ខ្លាំង​ប្រកួត​នឹង​គាត់។

នៅ​ក្នុង​សុន្ទរកថា​ដែល​អាន​ដោយ​កូនស្រី​របស់​អ្នកស្រី Machado នាង Ana Corina Sosa បាន​បរិហារ​របប​កាន់​អំណាច​នៅ​វេណេហ្ស៊ុយអេឡា ដោយ​ហៅ​លោក នីកូឡាស ម៉ាឌូរ៉ូ ជា​មេដឹកនាំ​រដ្ឋ​ភេរវកម្ម​គ្រឿងញៀន ដែល​មាន​គោលដៅ​បិទ​ខ្ទប់​ឆន្ទៈ​ពលរដ្ឋ និង​ជា​របប​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ តាមរយៈ​ទង្វើ​ចាប់​ខ្លួន ធ្វើ​ទារុណកម្ម និង​តាម​ប្រមាញ់​សកម្មជន​បក្ស​ប្រឆាំង។

សម្រាប់​អ្នកស្រី Machado ជ័យលាភី​នេះ​បាន​សន្យា​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ហើយ​សន្យា​ត្រឡប់​ទៅ​មាតុភូមិ​កំណើត​អ្នកស្រី​វិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស