27.4 C
Phnom Penh

អ្នកឧកញ៉ា ចេន ហ្ស៊ី និង​បក្ខពួក​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិក​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) និង​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន នៅ​ថ្ងៃ​ទី៧ មករា។

ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​យប់​ថ្ងៃទី​០៧ ខែ​មករា នេះ​ថា លោក ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិក​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) រួម​ទាំង​បក្សពួក​ពីរ​នាក់​ទៀត​ឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និង​ឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​០៦ ខែ​មករា ដើម្បី​បញ្ជូន​ទៅ​ប្រទេស​ចិន។

ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ផ្អែក​តាម​សំណើ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ប្រទេស​ចិន និង​បន្ទាប់ពី​បាន​បើក​ការ​ស្រាវជ្រាវ​អស់​ជាច្រើន​ខែ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

សេចក្ដី​ប្រកាស​ដដែល​បន្ថែម​ថា លោក ចេន ហ្ស៊ី ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​ដក​សញ្ជាតិ​ខ្មែរ ដោយ​ផ្អែក​តាម​ច្បាប់​សញ្ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៥។

លោក ចេន ហ្ស៊ី អាយុ ៣៩​ឆ្នាំ ត្រូវ​បាន​តុលាការ​សហរដ្ឋ​អាមេរិក ចោទប្រកាន់​ពី​បទ​ឃុបឃិត​បោកប្រាស់​ជា​ប្រព័ន្ធ និង​ឃុបឃិត​លាង​លុយ​កខ្វក់។

ក្រសួង​យុត្តិធម៌​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៥ ថា សហរដ្ឋ​អាមេរិក​បាន​រឹបអូស​ទឹកប្រាក់ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Gruop) ខណៈ​លោក ចេន ហ្ស៊ី (Chen Zhi) និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ចំនួន ១១៨ ផ្សេង​ទៀត ក៏​រង​ការ​ចោទប្រកាន់​ថា​បាន​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ក្នុង​អំពើ​ឆបោក​តាម​អនឡាញ​នេះ​ដែរ។

ក្នុង​របាយការណ៍​ក្រសួង​យុត្តិធម៌​អាមេរិក បង្ហាញ​ថា លោក ចេន ហ្ស៊ី គឺជា​មេខ្លោង​ដែល​គ្រប់គ្រង​លើ​បណ្ដាញ​ឧក្រិដ្ឋជន​ជាច្រើន​នាក់ និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត។ បន្ថែម​ពី​នេះ លោក ចេន ហ្ស៊ី ក៏​ជា​ម្ចាស់​ដៃគូ​ភាគហ៊ុន​របស់​ធនាគារ ព្រីនស៍ (Prince Bank Plc) ជាមួយ​លោក គុយ ឆាយ (Guy Chhay) ដែល​ជា​ជនជាតិ​ខ្មែរ​ផង​ដែរ។

ចំណែកឯ​អាជ្ញាធរ​ហុងកុង និង​តៃវ៉ាន់ ក៏បាន​បង្កក​ទ្រព្យសម្បត្តិ​ជាង ៥០០​លាន​ដុល្លារ​ដែល​ជាប់​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដោយ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​អ៊ីនធឺណិត​ឆ្លងដែន​អន្តរជាតិ និង​ជាប់​ពាក់ព័ន្ធ​សកម្មភាព​លាង​លុយ​កខ្វក់។

គួរ​បញ្ជាក់​ថា លោក ចេន ហ្ស៊ី មាន​ដើមកំណើត​ជា​ជនជាតិ​ចិន ដែល​គេ​ស្គាល់​ជា​ម្ចាស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប កំពុង​រកស៊ី​ខាង​វិស័យ​អចលនទ្រព្យ ផ្សារ​ទំនើប ធនាគារ និង​វិស័យ​ជាច្រើន​ទៀត​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៥។ លោក​ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​ចិន ស៊ើបអង្កេត​ក្នុង​បទ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ និង​ការ​លាង​លុយ​កខ្វក់៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស