អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ជំទាស់នឹងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលឈប់ប្រើពាក្យ «ថៃឈ្លានពានប្រទេសកម្ពុជា» ពេលដែលថៃ បានទម្លាក់គ្រាប់បែកចូលជ្រៅក្នុងទឹកដីខ្មែរ និងកំពុងកាន់កាប់តំបន់មួយចំនួនដោយខុសច្បាប់អន្តរជាតិក្នុងទឹកដីកម្ពុជា ជុំវិញសង្គ្រាមទាំងពីរលើកកន្លងទៅថ្មីៗនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១២ មករា នេះថា លោកយល់ស្របជាមួយទស្សនៈពលរដ្ឋដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ប្រើពាក្យ «ថៃឈ្លានពានកម្ពុជា» បន្តទៀត ព្រោះយោធាថៃ កំពុងឈរជើងនៅតំបន់មួយចំនួនក្នុងទឹកដីកម្ពុជា និងបានទម្លាក់គ្រាប់បែកចូលក្នុងទឹកដីខ្មែរយ៉ាងជ្រៅដោយខុសច្បាប់ជុំវិញសង្គ្រាមលើប្រទេសកម្ពុជា ទាំងពីរលើកមកនេះ។
លោក ម៉ែន ណាត ផ្តល់យោបល់ថា បើរាជរដ្ឋាភិបាលកម្ពុជា មិនចង់ប្រើពាក្យ «ថៃឈ្លានពានកម្ពុជា» ដោយបារម្ភខ្លាចពិបាកឡើងតុចរចាជាមួយថៃ ក៏បានដែរ ប៉ុន្តែរដ្ឋាភិបាលមិនត្រូវមើលរំលងគ្រប់ចំណុចលម្អិតសំខាន់ៗដែលត្រូវប្រមូលភស្តុតាង និងត្រូវធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពយោធាថៃ រំលោភច្បាប់អន្តរជាតិដែលកំពុងឈរជើងនៅតំបន់ខ្លះក្នុងទឹកដីខ្មែរ និងបានវាយប្រហារចូលទឹកដីខ្មែរយ៉ាងជ្រៅនាពេលកន្លងមកនោះទេ។
អ្នកឃ្លាំមើលសង្គមរូបនេះអះអាងថា រាល់ព័ស្តុតាង និងសេចក្តីរាយការណ៍ទាំងអស់ ប្រទេសកម្ពុជាត្រូវតែបញ្ជូនទៅតាមគោលដៅនៃដៃគូអន្តរជាតិនានា ព្រមទាំងភ្ជាប់ជាមួយពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ផងដែរ។
លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្រើយន្តការមួយចំនួនជុំវិញសង្គ្រាមឈ្លានពានរបស់ថៃ លើកម្ពុជា ដូចជា បន្តយន្តការការទូតក្នុងកម្រិតខ្ពស់បំផុតដើម្បីដាក់សម្ពាធថៃ និងបន្តយន្តការប្តឹងរដ្ឋាភិបាលថៃ ព្រមទាំងមេយោធាថៃ ជាដាច់ខាត។
ជាងនេះទៀត កម្ពុជាក៏ត្រូវត្រៀមលក្ខណៈប្រើសិទ្ធិស្វ័យការពារខ្លួនគ្រប់កាលៈទេសៈផងដែរ ក្នុងករណីថៃ នៅតែគឃ្លើនប្រើកម្លាំងបំពានលើប្រទេសកម្ពុជា បន្តទៀតនោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចេញសេចក្តីថ្លែងការណ៍ពិសេសក្រោយសង្គ្រាមកម្ពុជា-ថៃ ត្រូវបានផ្អាកជាបណ្ដោះអាសន្ននាពេលនេះ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសេចក្តីថ្លែងការណ៍ពិសេសជុំវិញសង្គ្រាមកម្ពុជា-ថៃ អស់រយៈពេល ២១ថ្ងៃកន្លងទៅ ស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានា និងការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកឡើងវិញ ក្រោយរងការបំផ្លាញដោយសារសង្គ្រាមរវាងកម្ពុជា-ថៃ កន្លងទៅនោះ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះ បានរៀបរាប់ពីផលប៉ះពាល់លើជីវភាពប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសេវាសាធារណៈដោយសារសង្គ្រាម រួមទាំងការស្ដារឡើងវិញនូវជីវភាពរបស់ពលរដ្ឋដែលរងគ្រោះពីបញ្ហានេះប៉ុណ្ណោះ។
ក្នុងសេចក្តីថ្លែងសារពិសេសនេះ លោក ហ៊ុន ម៉ាណែត គ្រាន់តែប្រើពាក្យថា «ផលប៉ះពាល់ទាំងនេះបានកើតឡើងពីជម្លោះព្រំដែនប៉ុណ្ណោះ» ប៉ុន្តែគាត់មិនបានប្រើពាក្យថា «ផលប៉ះពាល់ទាំងនេះបានកើតឡើងពីការឈ្លានពានរបស់ថៃ ឡើយ»។
ទាក់ទងនឹងការប្រើពាក្យពេចន៍ក្នុងនយោបាយ និងការទូត ភាគីក្នុងជម្លោះរមែងរកពាក្យប្រើឲ្យមានប្រៀបលើគូសត្រូវរបស់ខ្លួនដូចគ្នា ប៉ុន្តែក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងនាមជាហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិដូចគ្នា ប្រទេសនីមួយៗត្រូវនិយាយអ្វីផ្អែកតាមអត្ថន័យភាសា និងតាមមាត្រាច្បាប់អន្តរជាតិ ទាក់ទិននឹងការធ្វើសង្គ្រាម គឺច្បាប់ស្តីអំពីលក្ខខណ្ឌនៃសង្គ្រាមជំពូក១ មាត្រា២(៤) ទាក់ទងនឹងពាក្យ «ឈ្លានពាន និងច្បាប់អន្តរជាតិស្តីអំពីច្បាប់មនុស្សធម៌អន្តរជាតិ»។
អ្នកជំនាញច្បាប់អន្តរជាតិខាងជម្លោះប្រដាប់អាវុធ ទាំងស៊ីវិល ទាំងនាយទាហាន បកស្រាយនិយមន័យនៃពាក្យ «ឈ្លានពាន» ជានាម តាមភាសាអង់គ្លេស invasion និងបារាំង invasion ដែលមានន័យដោយសង្ខេបសឹងតែស្មើនឹងពាក្យខ្មែរថា «ការប្រើកម្លាំងប្រដាប់អាវុធលុកលុយ ទន្ទ្រានវាតទីក្នុងចេតនាយកទឹកដី ធនធានធម្មជាតិគ្រប់គ្រងកាន់កាប់គ្មានការយល់ព្រម ឬអញ្ជើញពីភាគីមួយទៀត»។ ក្នុងករណីខ្លះ បើការឈ្លានពានបែបនេះ និយមន័យក្នុងសេចក្តីសម្រេចចិត្តមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លេខ៣៣១៤ ចាត់ទុកការឈ្លានពានជាអំពើបៀតបៀន ពារពាន យាយី aggression បង្កការឈឺចាប់។
ក្នុងករណីជម្លោះតាមព្រំដែនរវាងខ្មែរ និងថៃ ក្រៅតែពីពលរដ្ឋខ្មែរខឹងសម្បានឹងថៃ ប្រទេសជាមិត្តនឹងខ្មែរមិនបានប្រើពាក្យ «ឈ្លានពាន» ទេ ពីព្រោះជាជម្លោះប្រដាប់អាវុធរវាងភាគីពីរ ចោទគ្នាទៅវិញទៅមក បាញ់ផ្លោងដាក់គ្នាទៅវិញទៅមក។ ភាគីថៃ គេថាសកម្មភាពរបស់គេអនុលោមតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ (អ.ស.ប)។ ចំណែកឯដែនដីថៃកាន់កាប់ ថៃនិយាយថាជាទឹកដីក្នុងដែនអធិបតេយ្យនៃប្រទេសថៃឡង់ដ៍។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានអះអាងថា ប្រទេសថៃ បានបង្កសង្គ្រាមរំលោភបំពានយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជា នៅតាមបណ្ដោយព្រំដែនក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។ លោក ហ៊ុន សែន ប្រើពាក្យ «រំលោភបំពាន» ចំពោះប្រទេសថៃឡង់ដ៍ ដែលមានន័យស្មើនឹងពាក្យអង់គ្លេស violation និងបារាំង violation។
ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក៏បានអះអាងថា ថៃបានឈ្លានពានកម្ពុជា ព្រោះថៃ គឺជាអ្នកចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជា មុន។
យ៉ាងណាក៏ដោយ កាសែតថៃ ខៅស៊ុត ស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក អនុធីន ឆានវីរៈគុល កាលពីដើមខែមករា ឆ្នាំ២០២៦ នេះថា សកម្មភាពរបស់យោធា គឺគ្រាន់តែដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះ។
បែបនេះក្តី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ថា យោធាថៃ បានឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ចំនួន ១៤តំបន់ ក្នុងខេត្តចំនួន ៤ រួមមានខេត្តបន្ទាយមានជ័យ ៣តំបន់ ខេត្តពោធិ៍សាត់ ២តំបន់ ខេត្តព្រះវិហារ ៣តំបន់ និងខេត្តឧត្ដរមានជ័យ ៦តំបន់ផងដែរ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា អំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបើកការវាយលើទីតាំងជាច្រើនដោយគិតទុកមុន និងជាប្រព័ន្ធមកលើទឹកដីកម្ពុជា ដើម្បីទន្ទ្រាន កាន់កាប់ និងឈរជើងលើទីតាំងទាំងនេះដោយខុសទៅនឹងច្បាប់អន្តរជាតិ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

