ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ មករា នេះថា រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែរក្សាជំហរប្រើពាក្យ «ថៃឈ្លានកម្ពុជាបន្តទៀតទេ» គឺត្រូវតែប្រញាប់ប្តឹងប្រទេសថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ថែមទៀត ដើម្បីបង្ហាញអន្តរជាតិឱ្យដឹងកាន់តែច្បាស់ជុំវិញអំពើឈ្លានពានរបស់ថៃ នោះ។
លោក ម៉ែន ណាត បញ្ជាក់ថា កម្ពុជាក៏ត្រូវបន្តយន្តការការទូតឲ្យបានខ្លាំងក្លាបន្ថែមទៀតដែរ ដើម្បីដាក់សម្ពាធថៃ ឲ្យទទួលខុសត្រូវចំពោះអំពើឈ្លានពានទៅលើប្រទេសកម្ពុជា និងតម្រូវឱ្យពួកគេត្រូវតែប្រញាប់ដកកងទ័ពចេញទឹកដីកម្ពុជា ដែលកំពុងកាន់កាប់ដោយខុសច្បាប់ក្រោយសង្គ្រាមឈ្លានពានកាលពីពេលថ្មីៗនេះផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ត្រឡប់មកប្រើពាក្យ «ថៃឈ្លានពានកម្ពុជា» វិញ បន្ទាប់ពីរងការរិះគន់របស់ប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញសេចក្តីថ្លែងការណ៍ពិសេសជុំវិញសង្គ្រាមកម្ពុជា-ថៃ អស់រយៈពេល ២១ថ្ងៃកន្លងទៅ ស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានា និងការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកឡើងវិញ ក្រោយរងការបំផ្លាញដោយសារសង្គ្រាមរវាងកម្ពុជា-ថៃ កន្លងទៅនោះ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះ បានរៀបរាប់ពីផលប៉ះពាល់លើជីវភាពប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសេវាសាធារណៈ ដោយសារសង្គ្រាម រួមទាំងការស្ដារឡើងវិញនូវជីវភាពរបស់ពលរដ្ឋដែលរងគ្រោះពីបញ្ហានេះប៉ុណ្ណោះ។
ជុំវិញសេចក្តីថ្លែងសារពិសេសនេះ លោក ហ៊ុន ម៉ាណែត គ្រាន់តែប្រើពាក្យថា «ផលប៉ះពាល់ទាំងនេះបានកើតឡើងពីជម្លោះព្រំដែនប៉ុណ្ណោះ» ប៉ុន្តែគាត់មិនបានប្រើពាក្យថា «ផលប៉ះពាល់ទាំងនេះបានកើតឡើងពីការឈ្លានពានរបស់ថៃ» ឡើយ។
យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត បានប្រើពាក្យ «ថៃឈ្លានពានលើកម្ពុជា» វិញ ក្នុងសេចក្តីប្រកាសរបស់ខ្លួនស្ដីពីជំហររបស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីរងការរិះគន់ពីប្រជាពលរដ្ឋជាបន្តបន្ទាប់មកនោះ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះ សរសេរថា ក្នុងគ្រាដ៏លំបាកដែលប្រទេសកម្ពុជាបានទទួលរងនូវសង្គ្រាមឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដី លោកពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំរវាងខ្មែរ និងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិ និងប្រជាជនផងដែរ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិ ជាមួយនឹងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរនៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិឱ្យបានរឹងមាំទៅថ្ងៃមុខ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានលើកឡើងថា ថៃបានយកវិធីឈ្លានពានកម្ពុជាកាលពីជិត ១០០ឆ្នាំមុន មកប្រើដើម្បីឈ្លានពានកម្ពុជាម្តងទៀតនៅឆ្នាំ២០២៥ នេះ។
យ៉ាងណាមិញ លោក Casey Barnett មិនបានដឹង ឬមិនចង់និយាយអំពីប្រវត្តិសាស្ត្រខ្មែររយៈកាល ១៨៦ឆ្នាំ ពីឆ្នាំ១៨៤០ ដែលកងទ័ពសៀមជួយស្តេចខ្មែរ ព្រះអង្គ ឌួង ដេញទ័ពអាណ្ណាមនៃព្រះចៅ មិញ ម៉ាង ចេញពីទឹកដីខ្មែរ ដែលកាន់កាប់ខេត្តពោធិ៍សាត់ និងព្យាយាមបានជួយស្តេចខ្មែរដណ្តើមដែនដីកម្ពុជាក្រោមមកវិញ ប៉ុន្តែបរាជ័យដោយសារស្តេចអង្គ ចន្ទ ចូលដៃជាមួយស្តេច មិញ ម៉ាង នោះទេ។
ចំណែកឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអះអាងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ថា ប្រទេសថៃ គឺជាអ្នកឈ្លានពានកម្ពុជា ព្រោះថៃជាអ្នកចាប់ផ្តើមជម្លោះព្រំដែនសាជាថ្មីជាមួយកម្ពុជាមុននោះ ក៏កំពុងត្រូវសហគមន៍អន្តរជាតិ រួមទាំងពលរដ្ឋអាមេរិកាំង រិះគន់ចំអកឡកឡឺយចំពោះការប្រើកម្លាំងទ័ពទៅឈ្លានពាន ត្រួតត្រា កាន់កាប់ប្រទេសវេណេហ្ស៊ុយអេឡា ជាប្រទេសសមាជិកអង្គការសហប្រជាជាតិយ៉ាងខ្លាំងក្លាដែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

