សហរដ្ឋអាមេរិក សរសើរប្រទេសកម្ពុជា ថាជាដៃគូល្អប្រកបដោយវិជ្ជាជីវៈចំពោះកិច្ចសហការក្នុងការចាប់ខ្លួនឧក្រិដ្ឋជនគេចច្បាប់ ដែលពាក់ព័ន្ធបទឧក្រិដ្ឋមួយចំនួន បន្ទាប់ពីប្រទេសទាំងពីរបានសហការគ្នាចាប់បញ្ជូនខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ ទៅកាន់សហរដ្ឋអាមេរិកវិញដោយជោគជ័យ។
តាមរយៈការផ្សាយក្នុងទំព័រហ្វេសប៊ុកស្ថានទូតនៅថ្ងៃទី៩ កុម្ភៈ នេះ ភ្នាក់ងារមានសមត្ថកិច្ចពិសេសពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស (OCI) ប្រចាំស្ថានទូតអាមេរិកាំងនៅប្រទេសកម្ពុជា បានធ្វើសហប្រតិបត្តិការនាំខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកាំងម្នាក់ដែលត្រូវបានស្វែងរកចាប់ខ្លួននៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋមួយចំនួន ដូចជា កាន់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀត រួមទាំងពាក់ព័ន្ធនឹងគ្រឿងញៀនផងដែរ។
ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ថា ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត បានរកឃើញទីតាំងស្នាក់នៅបុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរខ្មែរ ដើម្បីសម្របសម្រួលការចាប់ខ្លួន និងនិរទេសចេញពីប្រទេសកម្ពុជា ខណៈពិរុទ្ធជនដែលត្រូវបានចាប់ខ្លួននោះ ត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកវិញដោយជោគជ័យ ក្រោមការគ្រប់គ្រងនៃភ្នាក់ងារតម្រួតតុលាការពិសេស ហៅថា U.S. Marshals Service Deputies ដែលមានភារកិច្ចនាំខ្លួនឧក្រិដ្ឋជនរត់គេចច្បាប់។
ក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយចំណាត់ការបង្ក្រាបឧក្រិដ្ឋកម្មតាមអនឡាញ កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦ នេះថា កម្ពុជាប្ដេជ្ញាបោសសម្អាតបទល្មើសអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ព្រោះកម្ពុជាបានក្លាយជាប្រទេសរងគ្រោះពីបទល្មើសមួយនេះជាយូរមកហើយ។
ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញផ្សាយសេចក្តីរាយការណ៍របស់ខ្លួននៅថ្ងៃទី៩ កុម្ភៈ នេះថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍បានបណ្តេញជនជាតិចិន ជាង ៣០០នាក់ (៣១២នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឱ្យចាកចេញពីប្រទេសកម្ពុជា។
របាយការណ៍ដដែល បង្ហាញថា ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ មក កម្ពុជាបានបណ្តេញឧក្រិដ្ឋជនពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញជាង ៤ពាន់នាក់ហើយ (៤០១៥នាក់) ក្នុងនោះ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក៏មានជនជាតិអាមេរិកផងដែរ ដែលត្រូវបានបណ្តេញចេញពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
គេមិនទាន់សន្មតឲ្យច្បាស់ទេថា តើអាជ្ញាធរមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈពិតប្រាកដបោសសំអាតអំពើឧក្រិដ្ឋទាំងនេះឲ្យអស់មែន ឬក៏ត្រឹមតែមួយរយៈដែលមានសម្ពាធពីរដ្ឋាភិបាលបរទេស ជាពិសេសសហរដ្ឋអាមេរិក៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

