មានសេចក្តីរាយការណ៍ក្នុងសារព័ត៌មានបរទេសជាច្រើននៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ នេះ និយាយថាជនរងគ្រោះរាប់ពាន់នាក់បាននាំគ្នាប្រញាប់ប្រញាល់ចាកចេញពីមណ្ឌលឆបោកអូស្មាច់ ខេត្តឧត្ដរមានជ័យ សំដៅសម្រុកចូលទៅរាជធានីភ្នំពេញ ដើម្បីស្វែងរកជំនួយពីស្ថានទូតរៀងៗខ្លួន ឬអង្គការមនុស្សធម៌នានា ដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ។
ទស្សនាវដី្ត The Diplomat សរសេរថា ចំនួនមនុស្សដែលអាជ្ញាធរខ្មែរបានបង្ក្រាប ឬជួយសង្គ្រោះមកទល់ពេលនេះមានប្រមាណតែ ២០% នៃចំនួនរាប់សែននាក់ធ្វើការក្នុងមុខរបរឧក្រិដ្ឋនេះ។ រដ្ឋអំណាចចិន បានប្រកាសអំពីការលើកលែងទោសដល់ថ្ងៃទី១៥ ខែកុម្ភៈ ដល់នរណាចេញមុខសារភាព បើពុំដូច្នោះទេ អាជ្ញាធរចិន នឹងប្រើវិធីកណ្ដាប់ដៃដែកផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើស។
មានខ្លះគ្មានជម្រក ដេកតាមចិញ្ចើមថ្នល់ក៏មាន អង្គការមនុស្សធម៌តែមួយគត់ឈ្មោះ Caritas មិនអាចទទួលជនរងគ្រោះដ៏ច្រើនសន្ធឹកសន្ធាប់នោះបាន។
ក្នុងពេលជាមួយគ្នានេះ ក្រសួងយុត្តិធម៌ អះអាងថា សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ បន្ទាប់ពីមានការឯកភាពពីភាគីពាក់ព័ន្ធតាមបញ្ជានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយអំពីកិច្ចប្រជុំស្ដីពីការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” កាលពីថ្ងៃទី១១ ខែកុម្ភៈ នេះថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅថ្ងៃមុខ។
ប្រភពដដែលអះអាងថា ស្ថាប័នពាក់ព័ន្ធទាំងនោះ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអង្គភាពនគរបាលយុត្តិធម៌ ហើយជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើសេចក្តីព្រាងច្បាប់ស្ដីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នេះ។
ក្រសួងយុត្តិធម៌ បញ្ជាក់ថា ច្បាប់ស្ដីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នេះ នឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តិមួយដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។
ទស្សនាវដី្ត The Diplomat សរសេរថា ការបង្ហាញកិច្ចប្រឹងប្រែងបង្ក្រាប បោសសំអាតសកម្មភាពអាជីវកម្មឆបោកក្នុងស្រុកខ្មែរនេះ ធ្វើឡើងដោយសារប្រទេសជាច្រើន រួមទាំងមហាអំណាចសហរដ្ឋអាមេរិក និងចិន ផង ដាក់សម្ពាធលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ។
ក្រសួងយុត្តិធម៌ គូសបញ្ជាក់ថា ការរៀបចំច្បាប់នេះឡើងក៏ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមកដែរ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានប្រកាសអះអាងថានឹងអនុវត្តវិធានការបោសសំអាតបទល្មើសអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីផ្ដាច់ដង្ហើមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបន្លំជ្រកក្រោមស្លាកអាជីវកម្មផ្សេងៗ កុំឲ្យមាននៅក្នុងទឹកដីខ្មែរបន្តទៀត។
ក្រសួងមហាផ្ទៃ ព្រមានអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ប្រសិនបើជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបន្តមាននៅក្នុងមូលដ្ឋានដែលពួកគេកំពុងគ្រប់គ្រង ព្រោះពេលនេះ គឺជាដំណាក់កាលដែលត្រូវផ្ដាច់ដង្ហើមក្រុមឆបោកតាមអនឡាញឱ្យអស់ ដើម្បីលុបបំបាត់ការភាន់ច្រឡំរបស់អន្តរជាតិចំពោះកម្ពុជាបន្តទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ធ្លាប់ស្នើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គស្នងការនគរបាលជាតិ លោក ស ថេត និងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ផងដែរ។
ជាងនេះទៀត ក៏បានស្នើឱ្យបើកការស៊ើបអង្កេតលើអភិបាលខេត្តកណ្តាល លោក គួច ចំរើន និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌថែមទៀត ជុំវិញការប្រព្រឹត្តអំពើពុករលួយ និងការលួចលាក់ទុកឧក្រិដ្ឋជនអនឡាញដែលសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា រហូតមកនោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីអំឡុងខែតុលា ឆ្នាំ២០២៥ រដ្ឋសភាសហរដ្ឋអាមេរិក បានធ្វើសេចក្តីសម្រេចចិត្តព្រាងច្បាប់លេខ H.R 5490 ក្នុងគោលបំណងដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីខ្មៅ និងស្នើដាក់ទណ្ឌកម្មលើមន្ត្រីរាជរដ្ឋាភិបាលធំៗ និងឧកញ៉ាខ្មែរមួយចំនួន រួមទាំងក្រុមហ៊ុនខ្មែរសហការជាមួយចិន ជាច្រើនទៀតផងដែរ ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ។
ក្នុងសេចក្តីព្រាងច្បាប់នេះ បានកំណត់មុខសញ្ញាលើមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា និងឧកញ៉ាខ្មែរមួយចំនួន ដូចជា លោក នេត សារឿន ឧកញ៉ា ហ៊ុន តូ ឧកញ៉ា កុក អាន លោក ចេន ហ្ស៊ី លោក ឌី វិជ្ជា លោក គួច ចំរើន មេឧក្រិដ្ឋជនឈ្មោះ យ៉ាន ណារ៉ុង លោក យឹម លក្ខណ៍ និងមនុស្សជាច្រើនទៀតផងដែរ។
ប្រមាណមួយថ្ងៃពីរថ្ងៃក្រោយដឹងថាក្រុមគ្រួសារលោក នេត សាវឿន មានឈ្មោះក្នុងបញ្ជីខ្មៅអាមេរិកាំង កូនស្រីរបស់លោក នេត សាវឿន ម្នាក់ បានដកប្រាក់ប្រមាណ ៤លានដុល្លារពីធនាគារអាមេរិកាំងមួយនៅក្រុងញូវយ៉ក។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានហាមចេញទិដ្ឋាការ ឬវីសាដល់គ្រួសារលោក នេត សាវឿន ចាប់ពីឆ្នាំ២០១៧៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

