នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់ពិភពលោកមុនពេលចូលរួមកិច្ចប្រជុំលើកដំបូងនៃ «ក្រុមអភិបាលសន្តិភាព» (Board of Peace) នៅឯវិទ្យាស្ថានសន្តិភាព រដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ដោយចោទថា កងកម្លាំងយោធាថៃ កំពុងបន្តចូលកាន់កាប់ទឹកដីប្រទេសកម្ពុជាយ៉ាងជ្រៅ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលជួយផ្សះផ្សាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។
លោក ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ រ៉យទ័រ (Reuters) ក្នុងកិច្ចសម្ភាសន៍ទល់មុខតែពីរនាក់កាលពីថ្ងៃទី១៧ កុម្ភៈ ថា ការចូលកាន់កាប់ជ្រៅក្នុងទឹកដីខ្មែរនៅតាមតំបន់ជាច្រើនពីសំណាក់កងកម្លាំងយោធាថៃ គឺលើសពីការទាមទារជាឯកតោភាគីពីប្រទេសថៃ អំពីខ្សែព្រំដែន ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីប្រទេសកម្ពុជា។
លោកបន្ថែមថា កងកម្លាំងថៃ បានដឹកជញ្ជូនកុងតឺន័រ និងលួសបន្លាដាក់ពង្រាយក្នុងដែនអធិបតេយ្យកម្ពុជា ដែលធ្វើឱ្យប្រជាជនមិនអាចត្រឡប់ទៅផ្ទះវិញបាន។
នាយករដ្ឋមន្ត្រីខ្មែររូបនេះ អះអាងថា ការលើកឡើងរបស់លោកនាពេលនេះមិនមែនជាការចោទប្រកាន់ថៃ ទេ ប៉ុន្តែវាជាសេចក្តីថ្លែងការណ៍នៃការពិតនៅលើទីតាំង ព្រោះកម្ពុជាមិនអាចទទួលយកបានឡើយនូវអ្វីដែលហៅថា «ការរំលោភលើអធិបតេយ្យ ឬការរំលោភលើបូរណភាពទឹកដីខ្លួននោះ»។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ និងដោះស្រាយបញ្ហានេះ គឺការប្រើប្រាស់យន្តការបច្ចេកទេស ដោយផ្អែកលើសន្ធិសញ្ញាកិច្ចព្រមព្រៀងទាំងអស់ដែលភាគីកម្ពុជាមាន។
ប្រភពដដែលរាយការណ៍ថា លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសថៃ អនុញ្ញាតឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់ផ្តើមធ្វើការលើតំបន់ព្រំដែនដែលកំពុងមានវិវាទឡើងវិញ។
កាសែតថៃ The Nation រាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ភួង កេតកែវ នឹងទៅប្រទេសបារាំង ព្រមទាំងប្រទេសស្វីស ផងដែរ ដើម្បីប្រឆាំងនឹងព័ត៌មានបំភាន់ដោយមេដឹកនាំប្រទេសកម្ពុជា។
ប្រភពដដែល អះអាងថា ក្រសួងការបរទេសថៃ បានផ្តល់ព័ត៌មានយ៉ាងលម្អិតអំពីស្ថានការណ៍នៅតាមព្រំដែនថៃ-កម្ពុជា ដោយបញ្ជាក់ថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែននៅតែមានស្ថិរភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជិតពីរខែមកនេះ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កាសែតថៃ ដដែលនេះ បញ្ជាក់ថា អ្នកនាំពាក្យរងនៃក្រសួងការបរទេស លោក Panidone Pachimsawat បានបង្ហាញអំពីបច្ចុប្បន្នភាពអំពីស្ថានការណ៍ព្រំដែន ដោយបញ្ជាក់ថា ប្រជាពលរដ្ឋនៅតំបន់នោះអាចវិលត្រឡប់ទៅបន្តសកម្មភាពប្រចាំថ្ងៃបានវិញហើយ ខណៈដៃគូអន្តរជាតិក៏បានបង្ហាញការគាំទ្រយ៉ាងខ្លាំងដែរចំពោះការរក្សាបទឈប់បាញ់ឱ្យបានយូរអង្វែង និងការវិលត្រឡប់ទៅកាន់តុចរចា៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

