28 C
Phnom Penh

រដ្ឋាភិបាល​ថៃ ច្រានចោល​ការ​ចោទ​ពី​លោក ហ៊ុន ម៉ាណែត ថា​ថៃ​រំលោភ​យក​ដី​ខ្មែរ ដោយ​ថា​ដី​ទាំងនោះ​ជា​ដី​របស់​គេ​ពី​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ប្រទេស​ថៃ ច្រានចោល​ការ​ចោទប្រកាន់​ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ថា​យោធា​ថៃ កំពុង​កាន់កាប់​ចូល​ជ្រៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ដោយ​ពន្យល់​ថា ការ​រក្សា​កងកម្លាំង និង​ការ​ដាក់​កុងតឺន័រ និង​លួស​បន្លា​នៅ​តំបន់​មាន​ជម្លោះ គឺជា​វិធានការ​សន្តិសុខ​បណ្ដោះអាសន្ន​ស្រប​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ជា​សិទ្ធិ​ការពារ​ខ្លួន យោង​តាម​ច្បាប់​អន្តរជាតិ​តែប៉ុណ្ណោះ។

កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​កងទ័ព​ថៃ ឧត្ដមសេនីយ៍ទោ វិនថៃ សុវ៉ារី នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ ដែល​ឆ្លើយតប​វិញ​ថា ដី​មាន​ជម្លោះ​ដែល​យោធា​ថៃ កំពុង​កាន់កាប់​នោះ គឺជា​ទឹកដី​របស់​ថៃ ពី​មុន ហើយ​ថៃ អនុញ្ញាត​ឱ្យ​ជនជាតិ​ខ្មែរ​ភៀសខ្លួន​បាន​ស្នាក់នៅ​ទីនោះ​កាលពី​សម័យ​មាន​ចម្បាំង​ខាង​ស្រុក​ខ្មែរ គឺជា​ការ​រំលោភ​ចូល​ទឹកដី​ថៃ ដោយ​ខុស​ច្បាប់។

លោក​ថា ជនភៀសខ្លួន​រួម​ទាំង​អតីត​យុទ្ធជន​តស៊ូ​ជាយដែន​ទាំងនោះ ពេល​ចប់​ចម្បាំង​មិន​ត្រឡប់​ទៅ​ស្រុក​វិញ ហើយ​ថែមទាំង​កាន់តែ​ពង្រីក​ភូមិឋាន ដែល​ចូល​យក​ទីកន្លែង​ក្នុង​ទឹកដី​ប្រទេស​ថៃ។

អ្នកនាំពាក្យ​កងទ័ព​ថៃ រូប​នេះ បញ្ជាក់​ថា ភាគី​ថៃ បាន​តវ៉ា​ជាច្រើន​ដង​ហើយ​ថា​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​មិនមែន​ជា​ជនភៀសខ្លួន ឬ​ជន​ផ្លាស់ទី​លំនៅ​ឡើយ ដែល​ការ​វាតទី​លំនៅ​នោះ​ប៉ះពាល់​ដល់​ជីវភាព​ប្រជារាស្ត្រ​ថៃ ព្រោះ​ចូល​ទៅ​ទីនោះ​មិន​បាន។

ភាគី​ថៃ និយាយ​ថា គេ​បាន​ត្រៀម​ខ្លួន​ចូល​ចរចា​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​ហើយ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​ជា​មុន ដូចជា ការ​បន្ថយ​ភាព​តានតឹង​យោធា ការ​ដោះ​មីន និង​រង់ចាំ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​ថៃ ផង​ដែរ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ជម្លោះ​រឿង​ទឹកដី​កម្ពុជា-ថៃ អាច​នឹង​ផ្ទុះ​ឡើងវិញ​ឆាប់ៗ​នៅ​ពេល​ដែល​ថៃ ចាញ់​សង្គ្រាម​ការទូត​ប្រទេស​កម្ពុជា។

លោក​បន្ថែម​ថា ទោះជា​សង្គ្រាម​ត្រូវ​ផ្ទុះ​ឡើងវិញ​ក៏ដោយ ក៏​មេដឹកនាំ​កម្ពុជា​ត្រូវតែ​ជា​មេដឹកនាំ​ខ្លាំង និង​ក្លាហាន ទើប​អាច​ដឹកនាំ​កម្ពុជា​ទៅ​មុខ និង​អាច​ការពារ​ទឹកដី​ពី​សត្រូវ។

លោក​បញ្ជាក់​ថា ពេល​ខ្មែរ​រួបរួម​សាមគ្គី​គ្នា ខ្មែរ​នឹង​ខ្លាំង តែ​បើ​ខ្មែរ​បែកបាក់ ខ្មែរ​នឹង​ខ្សោយ ដូច្នេះ​កម្លាំង​សាមគ្គី​ជាតិ ត្រូវតែ​ប្រមូលផ្ដុំ​ជាបន្ទាន់ តាមរយៈ​ការ​ធ្វើ​សម្បទាន​សន្តិភាព​ផ្ទៃក្នុង​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ ព្រោះ​ថា ថៃ​នឹង​មិន​ព្រម​ចុះចាញ់​ខ្មែរ​ឡើយ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស