កងទ័ពភូមិន្ទថៃ ចាត់ទុកបទសម្ភាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាមួយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ថាជាការនិយាយប្រឌិត ដែលថាប្រទេសថៃ បានរំលោភច្បាប់អន្តរជាតិ និងប្រើកម្លាំងហួសហេតុក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរនោះ។
កាសែតថៃ The Nation បានរាយការណ៍សម្ដីអ្នកនាំពាក្យកងទ័ពថៃ លោក វិនថៃ សុវារី (Winthai Suvaree) នៅថ្ងៃទី២៣ កុម្ភៈ នេះថា ការលើកឡើងតាមរយៈបណ្ដាញសារព័ត៌មានបរទេសរបស់លោក ហ៊ុន ម៉ាណែត គឺជាការបង្ហាញមតិតែពីភាគីកម្ពុជាប៉ុណ្ណោះ។
លោក វិនថៃ សុវារី ច្រានចោលទាំងស្រុងនូវការចោទប្រកាន់ដែលថាជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានប្រើជាល្បែងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រទេសថៃ កាលពីដើមខែកុម្ភៈ នោះ។ រីឯការចោទប្រកាន់ដែលថាថៃប្រើកម្លាំងហួសហេតុ ដូចជាការប្រើយន្តហោះ F-16 វាយប្រហារលើកម្ពុជា ក៏មិនមែនជាការពិតដែរ ព្រោះថៃ ប្រើវាដើម្បីតែការពារអធិបតេយ្យភាពថៃ ប៉ុណ្ណោះ មិនមែនជាការឆ្លើយតបត្រឹមឧបទ្ទវហេតុណាមួយនោះទេ។ ចំណែកឯការប្រើប្រាស់គ្រាប់បែកចង្កោម ថៃមិនបានប្រើទៅលើមនុស្សឡើយ គឺគ្រាន់តែប្រើទៅលើគ្រឿងបរិក្ខារ យានយន្ត និងសំណង់ប៉ុណ្ណោះ។ ជាងនេះទៀត ថៃមិនមែនជាសមាជិកអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោមនេះទេ ខណៈអាវុធគីមី កងទ័ពថៃ មិនបានប្រើដាច់ខាត។
អ្នកនាំពាក្យកងទ័ពថៃ រូបនេះបដិសេធថា ថៃមិនបានប្រើសំឡេងខ្មោច ឬភ្លេងខ្មោចដើម្បីធ្វើសង្គ្រាមផ្លូវចិត្តទៅលើពលរដ្ឋខ្មែរទេ។ រីឯការអះអាងថាមានពលរដ្ឋខ្មែរជាង ៩ម៉ឺននាក់ (៩៨០០០នាក់) ត្រូវបានផ្លាស់ទីដោយសារជម្លោះនេះ គឺក៏ការបំផ្លើសដែរ។
ប្រភពដដែលបញ្ជាក់ថា តំបន់ជម្លោះទាំងនោះ គឺជាទឹកដីថៃ ខណៈពលរដ្ឋកម្ពុជាដែលបានចូលទៅរស់នៅតាំងពីយូរអង្វែងមកហើយនោះ គឺជាអ្នករំលោភចូលដែនដីថៃ យ៉ាងពិតប្រាកដ ដូច្នេះកម្ពុជាត្រូវតែទទួលខុសត្រូវអំពីបញ្ហានេះ រួមទាំងការវាយប្រហារលើជនស៊ីវិលថៃ ផងដែរ។
ក្នុងរយៈពេលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) ចាប់តាំងពីថ្ងៃទី១៥ កុម្ភៈ មក លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសន៍អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅកាន់សារព័ត៌មានអន្តរជាតិធំៗជាបន្តបន្ទាប់។
ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេស និងថ្ងៃទី១៩ ខែកុម្ភៈ ក៏បានផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Fox News របស់អាមេរិកផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយកាសែតអន្តរជាតិទាំងនេះ លោក ហ៊ុន ម៉ាណែត បានប្រាប់ថា កងកម្លាំងថៃ កំពុងបន្តចូលកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះរៀបរាប់ថា ទាហានថៃ បានព័ទ្ធបិទភូមិពលរដ្ឋខ្មែរជាច្រើនតំបន់ដោយលួសបន្លា និងកុងតឺន័រ ដែលធ្វើឱ្យប្រជាជនស៊ីវិល ៨ម៉ឺននាក់ (៨០០០០នាក់) មិនអាចត្រឡប់ទៅផ្ទះវិញបានទេក្នុងពេលនេះ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការចូលកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជានៅតាមតំបន់ជាច្រើនរបស់កងកម្លាំងថៃ រហូតមកនេះ គឺលើសពីការទាមទារជាឯកតោភាគីរបស់ប្រទេសថៃ អំពីខ្សែព្រំដែន ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា យ៉ាងធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ កាសែតអន្តរជាតិ New York Editorial បានរាយការណ៍កាលពីថ្ងៃទី២០ កុម្ភៈ ដោយដាក់ចំណងជើងថា «តាមការស៊ើបអង្កេតថ្មី គឺរកឃើញថា ថៃរំលោភបំពានលើច្បាប់អន្តរជាតិ»ព្រោះអស់រយៈពេលជាច្រើនខែមកហើយដែលពិភពលោកចាត់ទុកថាជម្លោះរវាងកម្ពុជា និងថៃ ផ្ដើមចេញពីការចោទប្រកាន់គ្នាទៅវិញទៅមក។
ប្រភពដដែលអះអាងថា លទ្ធផលនៃការស៊ើបអង្កេតបង្ហាញថា ថៃបានប្រើប្រាស់កម្លាំងជ្រុលហួសហេតុ ដូចជា ការប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារលើកម្ពុជា រួមទាំងគ្រាប់បែកចង្កោម ដែលជាអាវុធត្រូវបានហាមឃាត់ និងការប្រើប្រាស់នូវសំឡេងខ្មោច និងភ្លេងខ្មោចតម្រង់ទៅកាន់ភូមិខ្មែរ ជាដើម។
សារព័ត៌មានអន្តរជាតិដដែលនេះ បញ្ជាក់ថា សង្គ្រាមនេះក៏ត្រូវបានរកឃើញផងដែរថាជាល្បែងនយោបាយថៃ ដែលត្រូវបានប្រើប្រាស់ជាយុទ្ធសាស្ត្រឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតកាលពីដើមខែកុម្ភៈ កន្លងទៅនេះផងដែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

