តុលាការសម្រេចបន្តសវនាការប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី៩ មេសា បន្ថែមទៀត ដែលជាវេនមេធាវីបក្សប្រឆាំងធ្វើសេចក្តីសន្និដ្ឋានវិញម្តង ខណៈចុងបញ្ចប់នៃសវនាការនេះ លោក កឹម សុខា ក៏នឹងថ្លែងសារចុងក្រោយទៅកាន់អង្គសវនាការផងដែរ។
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃពុធនេះ បានបន្តសវនាការលើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ក្នុងសំណុំរឿងប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រយៈពេល ១ថ្ងៃពេញ ក្នុងនោះ សវនាការពេលព្រឹក ព្រះរាជអាជ្ញាបានស្នើឲ្យអង្គជំនុំជម្រះដាក់ទោសទណ្ឌឱ្យកាន់តែធ្ងន់ ស្នើបញ្ឈប់ការឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ ដោយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារវិញ និងដកហូតសិទ្ធិនយោបាយរបស់គាត់ថែមទៀត។
ចំណែកពេលរសៀល តំណាងមេធាវីរាជរដ្ឋាភិបាល បានធ្វើការសន្និដ្ឋានចំនួន ៣ចំណុច គឺ៖
- ទី១ ស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា ទុកជាអសារបង់
- ទី២ ស្នើឱ្យផ្ដន្ទាទោសឱ្យកាន់តែធ្ងន់ធ្ងរ
- និងទី៣ ស្នើឱ្យសងសំណងខូចខាត មាត្រា២១ មាត្រា២២ មាត្រា២៣ និងមាត្រា២៦ នៃក្រមព្រហ្មទណ្ឌផងដែរ។
ក្នុងសវនាការនេះ តំណាងមេធាវីលោក កឹម សុខា ក៏បានបង្ហាញពីនីតិវិធីនៃអង្គហេតុ និងអង្គច្បាប់ ជុំវិញការចាប់ខ្លួនលោក កឹម សុខា ដែរ ដោយអះអាងថាការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ គឺខុសទៅនឹងនីតិវិធីច្បាប់ ក្រោមហេតុផលថាមិនមែនជាបទព្រហ្មទណ្ឌជាក់ស្តែង។
ជាងនេះទៀត ក៏រំលោភទៅលើអភ័យឯកសិទ្ធិរបស់គាត់ក្នុងនាមជាអ្នកតំណាងរាស្ត្រយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈភស្តុតាងខ្សែអាត់សំឡេងដែលបានកាត់តនោះ បាត់បង់ខ្លឹមសារដើមថែមទៀត ដែលបង្ហាញថាជាភស្តុតាងក្លែងក្លាយ និងទុច្ចរិត។
ដំណើរការសវនាការលោក កឹម សុខា នៅថ្ងៃទី៨ មេសា នេះ មានបណ្តាអង្គទូតបរទេសជាច្រើនទៅចូលរួមតាមដាន រួមមាន អាមេរិក បារាំង អូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស និងតំណាងគណបក្សនយោបាយនានា ព្រមទាំងអង្គការសង្គមស៊ីវិលផងដែរ។
លោក ផែង ហេង ដែលជាសហមេធាវីការពារក្តីលោក កឹម សុខា បានអះអាងនៅមុខសាលាឧទ្ធរណ៍ក្រោយពីសវនាការពេញមួយព្រឹក នៅថ្ងៃទី៨ មេសា នេះ ដោយចាត់ទុកការអូសបន្លាយពេលរឿងក្ដីរបស់លោក កឹម សុខា ជិត ១ទសវត្សរ៍មកនេះជារឿងអយុត្តិធម៌សម្រាប់មេបក្សប្រឆាំងរូបនេះរួចទៅហើយ កុំថាឡើយដល់ទៅឃុំខ្លួនគាត់ជិត ១០ឆ្នាំនោះ។
ចំណែកមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត អះអាងថា ការឃុំខ្លួនលោក កឹម សុខា ជិត ១០ឆ្នាំមកនេះ បង្ហាញឱ្យឃើញថា រឿងក្ដីនេះជារឿងនយោបាយ ច្រើនជាងការប្រព្រឹត្តបទល្មើស ព្រោះគ្រាន់តែធ្វើសេចក្តីសន្និដ្ឋាន តុលាការបានប្រើពេលរហូតដល់ទៅ ២ឆ្នាំឯណោះ គិតត្រឹមឆ្នាំ២០២៦ នេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងកណ្ដាលយប់ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលចោទថាមេបក្សប្រឆាំងរូបនេះបានគប់គិតជាមួយសហរដ្ឋអាមេរិក ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ មេសា នេះថា លទ្ធផលនៃសវនាការរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នាពេលនេះ មិនមែនគ្រាន់តែជាការសម្រេចក្តីលើជោគវាសនារបស់បុគ្គលម្នាក់ទេ ប៉ុន្តែគឺជាការសម្រេចលើទិសដៅអនាគតនៃស្ថិរភាពនយោបាយ និងសន្តិសុខសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។ លើសពីនេះ ក៏ជាឱកាសមាសសម្រាប់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្នុងការប្រើប្រាស់ «វិបត្តិទៅជាឱកាស» ផងដែរ។
លោក សេង វណ្ណលី បញ្ជាក់ថា បើលោក កឹម សុខា ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌឃុំខ្លួន ឬផ្តល់សេរីភាព នោះវានឹងក្លាយជាជ័យជម្នះផ្នែកយុទ្ធសាស្ត្ររបស់លោក ហ៊ុន ម៉ាណែត ដែលជា «សន្លឹកបៀការទូត» ដ៏មានតម្លៃ ដើម្បីសង្គ្រោះសេដ្ឋកិច្ច និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដូចជា EBA និង GSP យ៉ាងធំធេង ក្នុងការរក្សាទីផ្សារនាំចេញរបស់កម្ពុជា ទៅថ្ងៃមុខ។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត អំពាវនាវឱ្យតុលាការ និងរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលសំណុំរឿងលោក កឹម សុខា និងអ្នកជាប់ឃុំមនសិការទាំងអស់ ដើម្បីវិលទៅរកឯកភាពស្មារតីជាតិខ្មែរ ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

