34.1 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្រាប់​ប្រធានាធិបតី​បារាំង​ថា​កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ទឹកដី​ខ្មែរ​ដែល​ថៃ​កំពុង​កាន់កាប់​ដោយ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត ប្រាប់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថា​កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ទឹកដី​ខ្មែរ​ដែល​ថៃ បាន​ឈ្លានពាន​យ៉ាង​ជ្រៅ​យក​ទៅ​កាន់កាប់​ដោយ​ខុស​ច្បាប់ ទោះ​ទឹកដី​ទាំងនោះ​ត្រូវ​ថៃ គ្រប់គ្រង​ក៏ដោយ ក៏​នៅតែ​ជា​ដែនដី​ស្រប​ច្បាប់​របស់​កម្ពុជា​ដែរ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ ហ្វ្រង់ស័រ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃទី​៩ មេសា នេះ​ថា លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​នូវ​លក្ខខណ្ឌ​ចំនួន​បី​របស់​កម្ពុជា ប្រាប់​ប្រធានាធិបតី​បារាំង។

លោក​ថា ទី​១ កម្ពុជា​នឹង​ប្រាប់​ពិភពលោក​ពី​ការពិត​នៃ​ការ​ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា ដែល​មាន​ន័យ​ថា កម្ពុជា​នឹង​មិន​ពង្រីក​ការពិត ឬ​ក៏​បំព្រួញ​ការពិត​ពី​បញ្ហា​នេះ​ឡើយ។ ចំណែក​ទី​២ កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ទឹកដី​ដែល​ថៃ បាន​ឈ្លានពាន​យ៉ាង​ជ្រៅ​យក​ទៅ​កាន់កាប់​ដោយ​ខុស​ច្បាប់​សព្វថ្ងៃ​នេះ ព្រោះ​ថា​ទោះ​ទឹកដី​ទាំងនោះ​ត្រូវ​ថៃ គ្រប់គ្រង​ក៏ដោយ ក៏​នៅតែ​ជា​ដែនដី​ស្រប​ច្បាប់​របស់​កម្ពុជា​ដែរ។ ដោយឡែក​ទី​៣ កម្ពុជា​នៅតែ​បន្ត​រក្សា​ជំហរ​ដោះស្រាយ​បញ្ហា​នេះ​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រហូត​មក។

លោក តាន់ ហ្សង់ ហ្វ្រង់ស័រ លើកឡើង​ថា ពិត​មែន​តែ​លោក ហ៊ុន ម៉ាណែត មិន​បាន​ស្នើ​ឱ្យ​ប្រធានាធិបតី​បារាំង គាំទ្រ​នយោបាយ ឬ​កាន់ជើង​ខាង​កម្ពុជា​សម្រាប់​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ប៉ុន្តែ​គាត់​បាន​ស្នើ​ឱ្យ​បារាំង លើកកម្ពស់​គោលការណ៍​អន្តរជាតិ ពោល​គឺ​ការ​គោរព​ច្បាប់​អន្តរជាតិ និង​បូរណភាព​ទឹកដី​នៃ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក ដែល​គោលការណ៍​នេះ​ក៏​ស្រប​ទៅ​នឹង​គោលការណ៍​របស់​កម្ពុជា​ដែរ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត មិន​ស្នើសុំ​ការ​គាំទ្រ​ពី​បារាំង ចំពោះ​បញ្ហា​នេះ ដោយសារ​មាន​ការ​អន្តរាគមន៍​របស់​អាមេរិក ចិន និង​យន្តការ​របស់​អាស៊ាន​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​រួច​ស្រេច​ទៅ​ហើយ ដែល​ជួយ​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​មក​នោះ។

ក្រោយពី​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ រដ្ឋាភិបាល​កម្ពុជា បាន​ចោទ​ថា កងកម្លាំង​ថៃ បាន​ឈ្លានពាន​ចូល​កាន់កាប់​ទឹកដី​ខ្មែរ​យ៉ាង​ជ្រៅ​ដោយ​រំលោភ​លើ​ច្បាប់​អន្តរជាតិ ទោះ​មាន​កិច្ច​អន្តរាគមន៍​ពី​អាមេរិក និង​ចិន រួម​ទាំង​យន្តការ​របស់​អាស៊ាន​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៦ នេះ​ថា កងកម្លាំង​ថៃ បាន​ចូល​កាន់កាប់ និង​ឈូស​ឆាយ​ទឹកដី​កម្ពុជា​តាម​បណ្តោយ​ព្រំដែន​ជាបន្តបន្ទាប់។ ជាក់ស្តែង ពួកគេ​បាន​រាយ​លួស​បន្លា​ចូល​ទឹកដី​ខ្មែរ​ក្នុង​ខេត្ត​ព្រះវិហារ កាលពី​ពេល​ថ្មីៗ​នេះ ប្រវែង​ប្រមាណ ១០០​ម៉ែត្រ​បន្ថែម​ទៀត។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា កម្ពុជា​ប្ដេជ្ញាចិត្ត​ឥត​ងាករេ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ តាមរយៈ​មធ្យោបាយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ទ្វេភាគី​នានា ព្រោះ​កម្ពុជា​មិន​ទទួលស្គាល់​នូវ​បន្ទាត់​ព្រំដែន ឬ​ការ​ទាមទារ​ដែនដី​ដោយ​ឯកតោភាគី​ពី​ប្រទេស​ថៃ ឡើយ។

ជុំវិញ​បញ្ហា​នេះ អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ទាហាន​ថៃ កំពុង​គ្រប់គ្រង​ទឹកដី​ខ្មែរ​ចំនួន ៤​តំបន់​នៅ​ខេត្ត​ពោធិ៍សាត់ រួម​មាន តំបន់​ច១ តំបន់​អូរភ្លុកដំរី តំបន់​ស្ពានជ័យជម្នះ (តំបន់​ស្ពាន​មេទឹក) និង​តំបន់​ច្រក​ព្រំដែន​ជ័យជម្នះ ឬ​ច្រក៥៦ (ថ្មដា) ដែល​ក្នុង​នោះ​ក៏​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​កម្ពុជា​ដែរ។

ចំណែក​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ បាន​អះអាង​ថា យោធា​ថៃ បាន​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ចំនួន ៣​តំបន់ ដែល​មាន ២០​ទីតាំង ដោយ​ដាក់​ពង្រាយ​លួស​បន្លា និង​ទូ​កុងតឺន័រ​ជាង ១០០​ទូ (១០៥​ទូ) ដែល​គិត​ជា​ផ្ទៃដី​សរុប​មាន​ទំហំ​ជិត ៨០០​ហិកតា (៧៦៣​ហិកតា)។

លោក អ៊ុំ រាត្រី បញ្ជាក់​ថា តំបន់​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ ក៏​ត្រូវ​យោធា​ថៃ ធ្វើ​សកម្មភាព​ព័ទ្ធ​យក​ដី​ខ្មែរ​ដូច​គ្នា​ដែរ គឺ​សាងសង់​លេណដ្ឋាន​ថ្មី ពង្រាយ​ទូ​កុងតឺន័រ រាយ​លួស​បន្លា ជីក​ប្រឡាយ និង​សាងសង់​រូបសំណាក ជាដើម៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស