25.7 C
Phnom Penh

លោក ហ៊ុន ម៉ាណែត៖រដ្ឋាភិបាលគ្រោង​កែសម្រួល និងកាត់បន្ថយ ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែ អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ តាមរយៈគម្រោងកែសម្រួល និងកាត់បន្ថយអគ្គនាយកដ្ឋាន និងនាយកដ្ឋានមួយចំនួននៅតាមក្រសួងស្ថាប័នផ្សេងៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការចំណាយថវិកាជាតិ និងឆ្លើយតបទៅនឹងវិវត្តសង្គមឌីជីថល។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែតបានអះអាងថា គិតមកទល់ពេលនេះ រដ្ឋាភិបាលគ្រោង​កែសម្រួល និងកាត់បន្ថយ ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ។

លោក ហ៊ុន ម៉ាណែត បន្ថែមថា​ គម្រោងកែសម្រួលអគ្គនាយកដ្ឋាន និងនាយកដ្ឋាននេះកើតមាន ក្រោយ​រដ្ឋាភិបាលចុះពិនិត្យនៅតាមក្រសួងស្ថាប័នចំនួន១៦ និងថា រដ្ឋាភិបាលនឹងបន្តការងារកែទម្រង់ស្ថាប័នរដ្ឋបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ធនធានមនុស្ស និងកាត់បន្ថយការចំណាយថវិកាជាតិផងដែរ។

នាយករដ្ឋមន្រ្តីកម្ពុជាសង្កត់ធ្ងន់ថា ការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ «បង្រួមក្បាល ពង្រីកខ្លួន» មិនមែនកាត់អ្នកស្អប់ ហើយដាក់អ្នកស្រឡាញ់នោះទេ គឺដើម្បីឆ្លើយតបនឹងការវិវត្តសង្គមឌីជីថល ក្រសួងស្ថាប័នខ្លះដូចជាអគ្គនាយកដ្ឋានពន្ធដារបានបង្កើតនាយកដ្ឋានបន្ថែមដែលមានជំនាញលើប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត AI។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តការងារឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា អភិក្រម និងវិធីសាស្រ្តក្នុងការធ្វើកំណែទម្រង់របស់ប្រទេសនីមួយៗ មានភាពខុសគ្នា អាស្រ័យលើបរិបទ និងភាពចាំបាច់រៀងៗខ្លួន ក្នុងនោះ សម្រាប់កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអភិក្រម “ពង្រឹងជាជាងពង្រីក” ដោយមិនពង្រីកលើសពីអ្វីដែលកំពុងមាន ហើយពង្រឹងអ្វីដែលមានស្រាប់ និងកែសម្រួលមួយចំនួនឱ្យបានសមស្រប។

លោក ហ៊ុន ម៉ានី ថ្លែងថា ជាក់ស្តែង ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ, ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន (សរុប ១២ ក្រសួងស្ថាប័ន គិតត្រឹមបច្ចុប្បន្ន) មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានកាត់បន្ថយអគ្គនាយកដ្ឋាន ចំនួន ៣ និងនាយកដ្ឋាន ចំនួន ២៦ និងការិយាល័យមួយចំនួនទៀត ហើយធនធានមនុស្សរបស់ក្រសួងក៏មិនមានកំណើននោះទេ តែទទួលបានការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

ទាក់ទងទៅនឹងការកំណែទម្រង់ស្ថាប័នរដ្ឋនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករូណា បានឲ្យដឹងថា ​ប្រជា​ពលរដ្ឋ​ហាក់​អស់​ជំនឿ​ចិត្ត​លើ​​រដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ពីព្រោះការ​អនុវត្ត​ជាក់​ស្តែង​ហាក់​​ដូច​មានការ​យឺត​យ៉ាវ ​និង​មិន​ដំណើរការ​ទៅ​មុខ​ ខណៈ​។

លោក ស៊ឹង សែនករុណា បន្ថែមទៀតថា ​បច្ចុប្បន្ន​រដ្ឋាភិបាល ​លោក​ហ៊ុន ម៉ាណែត ​គ្រាន់​តែឧបនាយក​រដ្ឋមន្ត្រី​មាន​ជាង​១០​នាក់​ រដ្ឋ​មន្ត្រី​ និង​រដ្ឋមន្ត្រី​ប្រតិភូអម​នាយក​រដ្ឋមន្ត្រី​រាប់​សិបនាក់​​ រដ្ឋលេខា​ធិការ​ជាង​៨០០​នាក់​ និង​អនុ​​រដ្ឋលេខា​ធិការ​ជិត​១០០០​នាក់ ​បើ​​បូករួមទាំង​ទីប្រឹក្សា​​នាយក​រដ្ឋមន្ត្រី​ ទីប្រឹក្សា​រដ្ឋាភិបាល​ និង​ទី​ប្រឹក្សា​ក្រសួង​​នានា​​​មាន​រហូត​ដល់​ជាង​​ ៤០០០​នាក់ ដូច្នេះបើធ្វើ​ការ​​​កំណែទម្រង់​ ​ត្រូវ​តែធ្វើ​ចេញ​ពីថ្នាក់​លើ​ទៅ​ក្រោម​​គឺ​ចេញ​ពី​ថ្នាក់​ជួរ​រដ្ឋាភិ​​បាល ​ពី​ក្រសួង​ស្ថាប័ន​ជាតិ ​អង្គភាពនានា​ ហើយ​ឈាន​ទៅ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​​ជាតិ ទើប​អាច​មាន​ប្រសិទ្ធ​​​ភាព​។ លោក ថា កាត់​បន្ថយ​ចំនួន​ក្រសួង​ឱ្យ​កាន់​តែតិច បង្រួម​​ខេត្ត​ រាជធានី​​ឱ្យ​កាន់​តែតិច​​ និង​កាត់​បន្ថយ​​មន្ត្រី​ឱ្យកាន់​តែតិច​ ​គឺកាន់​តែល្អ ពីព្រោះ​វាធ្វើ​ឱ្យ​រដ្ឋ​ត្រូវ​ចំណាយ​តិច​៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស