សហជីព ប្រឆាំងចំនួនពីរ ដែលតំណាងឲ្យកម្មករកាត់ដេរ មួយភាគធំក្នុងចំណោមកម្មករកាត់ដេរប្រមាណ៧០០.០០០នាក់ នៅក្នុងប្រទេសកម្ពុជាបានដាក់ញត្តិរបស់ខ្លួន ជូនស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតផ្សេងៗ ទៀតក្នុងសប្តាហ៍នេះដើម្បីស្នើសុំការគាំទ្រ ពីពួកគេចំពោះសេចក្តីព្រាងច្បាប់សហជីព ដ៏ចម្រូងចម្រាសអំឡុងការមកបំពេញទស្សនកិច្ចរបស់ប្រេសិតសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកការងារមកកាន់កម្ពុជា។
សហជីព ដែលគាំទ្រសេចក្តីព្រាងច្បាប់ដែលនឹងបង្កើត ច្បាប់សម្រាប់ការបង្កើតសហជីព និងដែលនឹងពិន័យ ចំពោះសហជីពដែលរំលោភបំពានច្បាប់នេះ បានដាក់ញត្តិរបស់ខ្លួនជូនស្ថានទូតអាមេរិក និងស្ថានទូតសហភាព អឺរ៉ុបប្រចាំរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ។ រីឯសហជីពដែលប្រឆំាងនឹងច្បាប់នេះបានដាក់ញត្តិរបស់ខ្លួនជូនស្ថានទូតទាំងពីរនេះ ក៏ដូចជាក្រសួងការងារ និងរដ្ឋសភាកាលពីម្សិលមិញ ។
ការប្រកួតប្រជែងក្នុងការដាក់ញត្តិទាំងនេះត្រូវបានធ្វើឡើងចំពេលការមកបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងប្រទេសកម្ពុជាដោយលោក ស្កុត បាស់ ប៊ី (Scott Busby) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសដែលទទួលបន្ទុកផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ។
លោក ជួន មុំថុល ប្រធានសហព័ន្ធសហជីពកម្ពុជា និងជាទីប្រឹក្សាក្រសួងការងារបានមានប្រសាសន៍ថា “យើងស្វាគមន៍សេចក្តីព្រាងច្បាប់នេះ ដែលមាត្រា១ចែងថា គោលដៅនៃច្បាប់នេះគឺដើម្បីកាត់បន្ថយចំនួនសហជីពដែលមានយ៉ាងច្រើន និងដើម្បីធ្វើឲ្យសហជីពកាន់តែរឹងមាំជាងមុន”។
រោងចក្រកាត់ដេរនៅកម្ពុជាតែងតែរអ៊ូរទាំជាយូរមក ហើយថា មានសហជីពដែលតំណាងឲ្យកម្មករច្រើនហួស ហេតុពេកជាហេតុធ្វើឲ្យវាមានការលំបាកយ៉ាងខ្លាំងក្នុងការចរចាជាមួយពួកគេ និងលំបាកក្នុងការឈានទៅដល់កិច្ចព្រមព្រៀងជាមួយកម្មករ ។
តែទោះ ជាយ៉ាងណា សហជីពជាច្រើនជាពិសេសសហជីពដែលគ្មានទំនាក់ទំនងជាមួយរដ្ឋាភិបាលបានចោទប្រកាន់រោងចក្រថា កំពុងព្យាយាមលុបបំបាត់សហជីពហើយថា សេចក្តីព្រាងច្បាប់នេះ ប្រសិនបើត្រូវបានអនុម័ត មែននោះវានឹងធ្វើឲ្យមានការកាន់តែ លំបាកក្នុងការបង្កើតសហជីព និងលំបាកក្នុងការប្រឆាំងនឹងការរំលោភបំពានការងារដោយនិយោជក ។ ឧទាហរណ៍ប្រសិនបើគេចង់បង្កើតសហជីពមួយលុះត្រាតែមានការគាំទ្រចំនួន២០ភាគរយពីកម្មករនៅកន្លែងការងារណាមួយដែលគេផ្តល់ការយល់ព្រម ។
លោក អាត់ ធន់ ប្រធាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ កម្ពុជាជាសហជីពឯករាជ្យដែលធំជាងគេនៅកម្ពុជា បានមានប្រសាសន៍ថា “ទោះ បីជាគ្មានការកំណត់ចំនួនក៏ដោយវាមានការលំបាករួចទៅហើយក្នុងការបង្កើតសហជីពជា ពិសេសសហជីពឯករាជ្យ”។ សម្ព័ន្ធសហជីពរបស់លោកចង់ឲ្យរដ្ឋាភិបាលលុបចោលសេចក្តីព្រាងច្បាប់នេះទាំងអស់។
គេនៅមិនទាន់ច្បាស់ទេថា តើពេលណាដែលរដ្ឋាភិបាលមានផែនការបន្តដំណើរការនៃសេចក្តីព្រាងច្បាប់នេះ។ អំឡុងសិក្ខាសាលាមួយស្តីពីសេចក្តីព្រាងច្បាប់នេះកាលពីមួយឆ្នាំកន្លងមកនេះនៅក្នុងរាជធានីភ្នំពេញ អង្គការពលកម្មអន្តរជាតិ (ILO) បានលើកឡើងថា សំណៅចុងក្រោយនៃសេចក្តីព្រាងច្បាប់ នេះតាមពិតគឺជាការដើរថយក្រោយ ហើយមិនមានលក្ខណៈគ្រប់គ្រាន់ត្រូវតាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជាក្រោមអនុសញ្ញាការងារអន្តរជាតិ ដែលខ្លួនបានចុះហត្ថលេខានោះឡើយ។
ពេលថ្លែងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយលោក បាស់ប៊ី កាលពីព្រឹកម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងថា លោកសូមធានាចំពោះប្រេសិតរបស់សហរដ្ឋអាេមរិក កុំឲ្យមានការព្រួយបារម្ភឲ្យសោះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំ បានប្រាប់គាត់សូមកុំឲ្យព្រួយបារម្ភ ព្រោះក្រសួងការងារកំពុងធ្វើការយ៉ាងប្រុងប្រយ័ត្នលើច្បាប់នេះជាមួយអង្គការពលកម្មអន្តរជាតិ ដើម្បីធ្វើឲ្យច្បាប់នេះល្អប្រសើរ និងដើម្បីការពារកម្មករ។ យើងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារប្រយោជន៍របស់ពលរដ្ឋយើង”។
នៅក្នុងសន្និសីទកាសែតនៅឯស្ថានទូតអាមេរិក លោក បាស់ប៊ី បានជំរុញឲ្យរដ្ឋាភិបាលបង្ហាញនូវសំណៅចុងក្រោយនៃសេចក្តីព្រាងច្បាប់នេះ និងដាក់សេចក្តីព្រាងច្បាប់នេះឲ្យមានការពិភាក្សាដេញដោលជាសាធារណៈឲ្យបានល្អិតល្អន់៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ អូន ភាព)