កាលពីម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបាននិយាយទៅកាន់មេដឹកនាំយុវជនប្រចាំខេត្តរបស់គណបក្សសង្គ្រោះជាតិឲ្យប្រុងប្រយ័ត្នជាមួយអ្វីដែលពួកគេបង្ហោះតាមហ្វេសប៊ុក ដោយសុំឲ្យពួកគេចេះគួរសមនៅពេលមានវិវាទនយោបាយ ដើម្បីទប់ស្កាត់ការបង្កបញ្ហាណាមួយជាមួយគណបក្សប្រជាជនកម្ពុជា។
ជាប្រធានអង្គប្រជុំនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញនៅពេលអវត្តមានលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលស្ថិតក្នុងភាពនិរទេសខ្លួនដោយខ្លួនឯងទៅកាន់តំបន់អឺរ៉ុបដើម្បីចៀសពីការចាប់ខ្លួន លោក កឹម សុខា បានអំពាវនាវឲ្យមេដឹកនាំយុវជនដែលមកជួបជុំគ្នាកុំឲ្យប្រើលេសណាមួយវាយប្រហារ
ទៅលើគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បានកត់សម្គាល់ថា ការវាយដំជាច្រើនលើកទៅលើគណបក្សសង្គ្រោះជាតិក្នុងរយៈពេល២ខែកន្លងមកនេះ រួមមានការវាយដំទៅលើតំណាងរាស្ត្រពីររូប ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី និងការបណ្ដេញរូបលោកផ្ទាល់ដ៏គួរឲ្យអស់សំណើចពីអនុប្រធានទី១រដ្ឋសភាបានធ្វើឲ្យមានការរិះគន់ពីសំណាក់អន្តរជាតិទៅលើគណបក្សប្រជាជនកម្ពុជា។
លោក កឹម សុខា បានមានប្រសាសន៍ថា “វាដូចជាវាជួយយើងឲ្យផ្សព្វផ្សាយអ៊ីចឹង ប៉ុន្តែយើងមិនចង់ឲ្យគ្រោះថ្នាក់ទាំងនេះកើតឡើងទេ យើងស្អប់អំពើហិង្សា និងភាពអយុត្តិធម៌។ យើងមិនគួរលេងល្បែងដែលគេគូរឲ្យយើងដើរតាមដើម្បីធ្វើឲ្យយើងមានគ្រោះថ្នាក់ ជាពិសេសតាមទំព័រហ្វេសប៊ុក”។
លោកបានបន្ថែមថា “ខ្ញុំសូមអំពាវនាវឲ្យអ្នកគ្រប់គ្នាប្រុងប្រយ័ត្នជាមួយការប្រើប្រាស់ហ្វេសប៊ុក ហើយកុំឲ្យធ្លាក់ក្នុងអន្ទាក់របស់ពួកគេ និងកុំប្រើពាក្យអសុរស”។
លោកថ្លែងថា “កុំបង្រៀនយុវជនឲ្យវាយប្រហារយុវជន។ វាមិនល្អមើលឡើយ។ ពីមុនអ្នកនយោបាយចាស់ៗធ្លាប់បង្កគ្រោះថ្នាក់ដល់គ្នា ប៉ុន្តែសូមកុំចម្លងជំងឺនេះទៅដល់យុវជន អី។ វាដល់ពេលត្រូវបញ្ចប់បញ្ហានេះហើយ”។
ខណៈដែលលទ្ធផលគួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សប្រឆាំងនៅការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស់កាលពីឆ្នាំ២០១៣ គឺបានមកដោយសារការប្រើប្រាស់ហ្វេសប៊ុកនោះវា[បណ្តាញទំនាក់ទំនងសង្គមនេះ] ក៏ធ្វើឲ្យគណ បក្សនេះមានបញ្ហាផងដែរនៅពេល ក្រោយ។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងស្ថិតក្នុងពន្ធនាគារជុំវិញការបង្ហោះរូបភាពវីដេអូតាមទំព័រហ្វេសប៊ុក ដែលក្នុងនោះលោកបានបង្ហាញអំពីសន្ធិសញ្ញាការទូតក្លែងក្លាយ ចំណែកលោក សម រង្ស៊ី កំពុងប្រឈមបណ្ដឹងបទបរិហារកេរ្តិ៍មួយទៀតនៅឡើយជុំវិញការអះអាងមិនពិតដែលលោកបានបង្ហោះក្នុងទំព័រហ្វេសប៊ុកក្រោយពីការនិរទេសខ្លួន។
តុលាការក៏បានចេញដីកាចាប់ខ្លួនអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ពីរនាក់ជុំវិញរូបភាពវីដេអូដែលមានវត្តមានលោក ហុង សុខហួរ ។
លោកស្រី សៅ សុគន្ធា ប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបងបានមានប្រសាសន៍ថា លោកស្រីក៏បានឃើញអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបញ្ចេញកំហឹង ពេលមានជម្លោះនយោបាយតាមទំព័រហ្វេសប៊ុកផងដែរ។
លោកស្រីបានថ្លែងថា ”នៅពេលយើងមានកំហឹងជាមួយពួកគេ យើងចង់បង្ហាញពីកំហឹងរបស់យើង ហើយថា យើងស្អប់មនុស្សនេះ យើងសរសេរអ្វីៗតាមអារម្មណ៍របស់យើង។ យើងដឹងហើយថា តុលាការកម្ពុជាមិនឯករាជ្យ ហើយនៅពេលពួកគេចាប់យើងដាក់គុក តើយើងអាចជួយសង្គមរបស់យើងដោយរបៀបណាទៅ?”។
ទោះជាយ៉ាងណា លោក យ៉ុន គឹមដន ប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពតបានកត់សម្គាល់ថា ហ្វេសប៊ុកមិនមែនជាកន្លែងតែមួយដែលមានការពិភាក្សានយោបាយឡើយ។
លោកបានថ្លែងថា “ស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាកាន់តែក្ដៅគគុកនៅថ្នាក់ជាតិ ប៉ុន្តែសម្រាប់ថ្នាក់មូលដ្ឋានក្នុងខេត្តកំពតវិញ ខាងគណបក្សប្រជាជនកម្ពុជាគិតថា សកម្មភាពទាំងនេះនឹងកាត់បន្ថយអំណាចរបស់អ្នកគ្រាំទ្រគណបក្សប្រឆាំង”។
លោកបានបន្ថែមថា “ផ្ទុយទៅវិញ នៅតាម ហាងកាហ្វេ និងភោជនីយដ្ឋានមួយចំនួនក្នុងខេត្តកំពត មានការពិភាក្សាច្រើនអំពីស្ថានភាពនយោបាយ។ ពីមុនពួកគេមិនដែលហ៊ាននិយាយទេ ពេលពួកគេបានបង្កព្យុះភ្លៀងទាំងនេះលើគណបក្សប្រឆាំងរបស់យើង”៕ សារុន