យោងតាមអ្នកភូមិ មន្ត្រីមូលដ្ឋាន និងអង្គការដែលធ្វើការនៅក្នុងខេត្តរតនគិរីបានឲ្យដឹងថា នៅសល់តែប៉ុន្មានសប្តាហ៍ទៀតតែប៉ុណ្ណោះអ្នកភូមិជាច្រើនក្នុងខេត្តភាគឦសាន្ត មួយនេះនឹងអស់ទឹកប្រើប្រាស់ហើយ ដោយគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មាន។
លោក តាយ សេង អ្នកជំនួញម្នាក់ដែលក្រុមហ៊ុនតាយសេងផលិតទឹកស្អាតរបស់គាត់លក់ទឹកទៅឲ្យអ្នកភូមិរាប់ពាន់នាក់នៅក្នុងនិងជុំវិញក្រុងបានលុងដែលជាទីរួមខេត្តនៃខេត្តរតនគិរី បានលើកឡើងថា ថ្មីៗនេះលោកបានចាប់ផ្តើមបូមទឹកចេញពីបឹងកម្សាន្ត។
លោក តាយ សេង បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា “ខ្ញុំបានចាប់ផ្តើមយកទឹកពីបឹងកម្សាន្តកាលពីពីរសប្តាហ៍មុន។ ប៉ុន្តែ បើខ្ញុំគិតពីបឹងនេះ វាអាចផ្តល់ទឹកបានគ្រប់គ្រាន់ត្រឹមតែមួួយខែប៉ុណ្ណោះ។ ប្រសិនបើសាលាខេត្តមិនអនុញ្ញាតឲ្យខ្ញុំយកទឹកពីបឹងកន្សែងទេនោះ យើងនឹងអស់ទឹកប្រើប្រាស់ទាំងស្រុងក្នុងរយៈពេលមួយខែទៅ៦សប្តាហ៍”។
ប៉ុន្តែ គ្រោះរាំងស្ងួតនាពេលបច្ចុប្បន្ន ជាគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលតំបន់នេះមិនធ្លាប់ជួបក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ នឹងមិនបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែទៀតនោះឡើយ ហើយមន្ត្រីរដ្ឋាភិបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិបានលើកឡើងកាលពីសប្តាហ៍មុនថា គ្មានផែនការដោះស្រាយវិបត្តិ ខ្វះទឹកដែលនឹងជិតកើតមាននេះទេ។ ពួកគេក៏មិនបានឆ្លើយតបទៅនឹងសំណើរបស់លោក តាយ សេង ដែលស្នើសុំបូមទឹកពីបឹងកន្សែងជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពដែរ។
លោក សុន ពៅ ចៅសង្កាត់កាចាញ ក្នុងក្រុងបានលុង បានលើកឡើងថា អ្នកភូមិចំនួន ៦០០គ្រួសារបានរួមគ្នាស្នើសុំឲ្យលោក តាយសេង លក់ទឹកទៅឲ្យពួកគាត់ ខណៈស្ថានភាពរាំងស្ងួតកាន់តែយ៉ាប់យឺុន។
លោកបានថ្លែងថា “គ្មានទឹកស្អាតសម្រាប់យើងប្រើប្រាស់ទៅមុខទៀតឡើយ។ យើងមានអណ្តូងជាង១០ក្នុងសង្កាត់របស់យើង។ អណ្តូងទាំងអស់សុទ្ធតែរីងស្ងួតទាំងស្រុង”។
បច្ចុប្បន្ន គ្រួសារក្នុងសង្កាត់របស់គាត់កំពុង តែទិញទឹកពីអ្នកដែលមានមធ្យោបាយបូមទឹកចេញពីអណ្តូង និងបឹងដែលមិនទាន់រីងស្ងួត ហើយអ្នកខ្លះទៀតបានដឹកទឹកពីទីឆ្ងាយដែលមានចម្ងាយជាង១០គីឡូម៉ែត្រពីភូមិមកលក់ក្នុងតម្លៃថ្លៃជាងតម្លៃធម្មតាពី៥ទៅ១០ដង។
ជាតំបន់ដាច់ស្រយាលដ៏ធំមួយ ខេត្តរតនគិរីគឺជាខេត្តងាយទទួលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ដោយមានប្រជាពលរដ្ឋជិត៧០ភាគរយពឹងផ្អែកលើបឹងបួរ នេះបើយោងតាមលោក ហៀង ធីរ៉ា ដែលជាអ្នកគ្រប់គ្រងគម្រោងទឹកស្អាតរបស់អង្គការ Care ជាអង្គការដែលធ្វើការទាក់ទិនការអភិវឌ្ឍនៅក្នុងខេត្តនេះ។
ការពឹងផ្អែកលើធនធានទឹកធម្មជាតិនេះគឺប្រហែល២០ភាគរយខ្ពស់ជាងមធ្យមភាគទូទាំងប្រទេស ដែលអង្គការ Unicef រកឃើញថាមាន៤៦ភាគរយ។
លោក ហៀង ធីរ៉ា បានលើកឡើងថា ការកាប់បំផ្លាញព្រៃឈើដ៏ឆាប់រហ័សនៅក្នុងខេត្តនេះជាកត្តាដែលចូលរួមចំណែកក្នុងការធ្វើឲ្យបឹងបួររីងស្ងួត ឬបាត់បង់ ព្រោះសណ្ឋាន ក្រោមដីមានការប្រែប្រួលដោយសារក្រុមហ៊ុនដែលកាប់រានព្រៃដើម្បីបើកផ្លូវសម្រាប់ចម្ការកៅស៊ូ។
លោក ម៉ុន សម្បត្តិ នាយកប្រតិបត្តិអង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូនៅក្នុងសកម្មភាព(DPA)ជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធទឹកស្អាតក្នុងខេត្តរតនគិរីបានលើកឡើងថា បញ្ហាក្នុងពេលបច្ចុប្បន្នអាចនឹង បន្តរាប់ខែទៀត។
លោកបានថ្លែងថា “ការខ្វះខាតនឹងបន្តរហូតដល់ខែកក្កដា ឬខែសីហា ។ បឹងបួររីងស្ងួតអស់ហើយ រីឯអណ្តូងក៏បានរីងស្ងួតអស់ដែរ”។
លោក នីម រ៉ូម៉ាស់ សមាជិកសហគមន៍ជនជាតិដើមភាគតិចទំពូនក្នុងភូមិយ៉ែម ឃុំសឿង ស្រុកបរកែវ ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីក្រុងបានលុងបានលើកឡើងថា អ្នកភូមិបានប្តូរពីការប្រើទឹកនៅក្នុងបឹងបួរមកប្រើទឹកអណ្តូងវិញ បន្ទាប់ពីក្រុមហ៊ុនចម្ការ កៅស៊ូចូលមកដល់។
លោកបាននិយាយទាក់ទិននឹងទឹកដែលនៅក្នុងបឹងបួរក្បែរៗភូមិថា “ពួកគេបាចជីជារៀងរាល់ឆ្នាំ ហើយយើងចេញកន្ទួលៗលើស្បែកនិងរាករូសពេលងូតនិងផឹកទឹកនោះ។ សព្វថ្ងៃនេះ មិនដឹងថាឆ្នាំណាមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ទេ”។
ប៉ុន្តែ អណ្តូងកំពុងរីងស្ងួតជាបណ្តើៗហើយហើយដូចអ្នកផ្សេងជាច្រើនទៀតនៅក្នុងខេត្ត នេះ អ្នកភូមិចំនួន២០០គ្រួសារក្នុងភូមិយ៉ែម មិនដឹងថា ត្រូវធ្វើអ្វីនោះឡើយ បន្ទាប់មកទៀត។លោក រ៉ូម៉ាង ថាង មេឃុំសឿង បានលើកឡើងថា “យើងមិនដឹងថា នឹងត្រូវធ្វើអ្វីនោះឡើយ។ យើងគ្មានទឹកស្អាតគ្រប់គ្រាន់ទេ។គ្មានទឹកគ្រប់គ្រាន់សម្រាប់ផឹក ឬងូតឡើយ”។
មន្ត្រីសាលាខេត្តបានឲ្យដឹងថា ខ្លួនគ្មានគម្រោងបន្ទាន់ដើម្បីធ្វើឲ្យស្ថានភាពរាំងស្ងួតមានភាពប្រសើរនោះឡើយ។
លោក នាង សំអាត ប្រធានរដ្ឋបាលសាលាខេត្តបានលើកឡើងថា មន្ត្រីថ្នាក់ឃុំ និងមន្ត្រីថ្នាក់ស្រុកត្រូវបានចាត់តាំងកាលពីដើមខែកុម្ភៈ ឲ្យចុះប្រមូលព័ត៌មានអំពីការប្រើប្រាស់ទឹកនៅតាមទីជនបទ។
លោក កាដុំ សូណាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទនៅក្នុងខេត្តនេះបានលើកឡើងថា សាលាខេត្តនៅមិនទាន់ទទួលបានព័ត៌មាន នោះ ឬដាក់ចេញនូវគម្រោងដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកក្នុងពេលបច្ចុប្បន្ននេះនៅឡើយទេ។
លោកបានលើកឡើងថា “យើងនៅមិនទាន់ដោះស្រាយបញ្ហានេះនៅឡើយទេ ព្រោះយើងមិនទាន់មានព័ត៌មានច្បាស់”។
លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកខេត្តនេះ បានលើកឡើងមុនពេលលោកដាក់ទូរស័ព្ទរបស់អ្នកយកព័ត៌មានម្នាក់ចុះថា បញ្ហានេះមិនមែនជាបញ្ហាដែលមានតែមួយគត់នៅក្នុងខេត្តរតនគិរីឡើយ ។
លោក រ៉ូម៉ាង ថាង បានលើកឡើងទៀតថា អ្នកភូមិស្វះស្វែងសុំជំនួយពីសាលាខេត្តជាយូរមកហើយដើម្បីឲ្យជួយធ្វើយ៉ាងណាឲ្យការទទួលបានទឹកស្អាតប្រើប្រាស់បានប្រសើរឡើង ប៉ុន្តែ បានបោះបង់ចោលវិញជាយូរមកហើយ។
លោកបាននិយាយថា “សាលាខេត្តមិនបានមកជួបយើងឡើយ”៕ ស៊ុយឈាង