រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងនៅថ្ងៃនេះ បានប្រាប់ឱ្យមន្ត្រីប៉ូលិសម្នាក់ដែលកំពុងរត់គេចខ្លួនឱ្យប្រញាប់ចេញមកបង្ហាញខ្លួនដោយថា ទោះរត់ទៅដល់ទីណាក៏មិនរួចខ្លួនដែរ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨និងលើកទិសដៅការងារឆ្នាំ២០១៩របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃនេះ លោក ស ខេងបានបញ្ជាក់ថា មន្ត្រីនគរបាលម្នាក់ត្រូវរកឃើញថា ជាប់ពាក់ព័ន្ធនិងនៅពីក្រោយខ្នងបទល្មើសគ្រឿងញៀននៅមណ្ឌលកម្សាន្តROCKហើយតុលាការក៏បានចេញដីកាតាមចាប់ខ្លួនមន្ត្រីរូបនោះថែមទៀត។
លោកស ខេងមិនបានបង្ហាញអត្តសញ្ញាណមន្ត្រីរូបនោះឡើយដោយទុកឱ្យសមត្ថកិច្ចនិងតុលាការធ្វើការងារនេះប៉ុន្តែលោក ថា បើចូលខ្លួននឹងអាចមានការបន្ថូរបន្ថយទោសខ្លះពីតុលាការ។
ក្នុងពិធីសន្និបាតនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរំលឹកជាថ្មីទៀតមិនឱ្យមន្ត្រីនគរបាលណានៅពីក្រោយខ្នងឬពាក់ព័ន្ធបទល្មើសគ្រឿងញៀនឡើយដោយថា បញ្ហានេះនឹងធ្វើឱ្យការបង្ក្រាបគ្រឿងញៀនជួបបញ្ហាលំបាក។
លោកស ខេងក៏បានណែនាំឱ្យមន្ត្រីទាំងឡាយត្រូវចាត់វិធានការទៅលើការចរាចរនិងការប្រើប្រាស់គ្រឿងញៀន នៅតាមមណ្ឌលកម្សាន្តនានាពិសេសទប់ស្កាត់ការរីករាលដាលសារធាតុញៀនទៅដល់ជនបទដាច់ស្រយាលព្រមទាំងទប់ស្កាត់ឱ្យខាងតែបានមិនឱ្យមានគ្រឿងញៀនរាលដាលចូលទៅដល់តំបន់តាមសាលារៀននោះឡើយ។ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅមណ្ឌលកម្សាន្តរ៉ក់នេះដែរ កាលពីថ្ងៃទី១២មីនាសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឃុំខ្លួនលោកគិត ធាងជាបណ្ដោះអាសន្ននៅពន្ធនាគារPJ។ លោកជាបងប្រុសបង្កើតរបស់ឧកញ៉ាគិត ម៉េងដែលជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ។
លោកគិត ធាងត្រូវបានចោទប្រកាន់ពីបទចាត់ចែងសម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀននិងបទសមគំនិត ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្តរ៉ក់កាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៩។
លោកគិត ធាងត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពេលលោកហ៊ុន សែនប្រកាសឱ្យសមត្ថកិច្ចស្វែងរកអ្នកនៅពីក្រោយខ្នងបទល្មើសគ្រឿងញៀនជាង៥០គីឡូក្រាមនៅក្នុងមណ្ឌលកម្សាន្តរ៉ក់នេះឱ្យខាងតែបាន៕