សកម្មជនបរិស្ថានបានរកឃើញថា សណ្ឋាគារនិងកាស៊ីណូចិនមួយឈ្មោះSUNSHINE BAY ដែលជាសណ្ឋាគារដ៏ធំមួយនៅចំណុចឆ្នេរឯករាជ្យបានបង្ហូរទឹកលូស្អុយទៅក្នុងសមុទ្រធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងធ្វើឱ្យចំនួនភ្ញៀវទេសចរទៅកម្សាន្តតំបន់នោះមានការធ្លាក់ចុះផងដែរ។
វីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការមាតាធម្មជាតិប្រវែងជាង ២នាទី ដែលទើបចេញផ្សាយនៅថ្ងៃនេះបង្ហាញថា សកម្មជនបរិស្ថានឈ្មោះ ម៉េង ហេងបានលើកឡើងពីសកម្មភាពបង្ហូរទឹកស្អុយចេញពីសណ្ឋាគារ និងកាស៊ីណូចិនមួយឈ្មោះSUNSHINE BAYដែលមានទីតាំងនៅខាងចុងឆ្នេរឯករាជ្យជារៀងរាល់ថ្ងៃ បង្កឱ្យមានក្លិនស្អុយ និងធ្វើឱ្យសម្រស់ឆ្នេរតំបន់នេះប្រែទៅជាអាក្រក់។
សកម្មជនបរិស្ថានដដែលបានលើកឡើងករណីទីតាំងល្បែងស៊ីសងមួយឈ្មោះជីងទីងនៅកោះរ៉ុងត្រូវបានអាជ្ញាធរខេត្តសម្រេចបញ្ឈប់សកម្មភាពធ្វើអាជីវកម្ម ក្រោយរកឃើញថា កាស៊ីណូនេះបានបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រ។
លោកបានដាក់ជាសំណួរថា តើរដ្ឋាភិបាលហ៊ានបញ្ឈប់អាជីវកម្មសណ្ឋាគារ និងកាស៊ីណូSUNSHINE BAYនេះដែរឬទេ ប្រសិនបើអាជ្ញាធររកឃើញថា ក្រុមហ៊ុននេះបានបង្ហូរទឹកកខ្វក់ចូលសមុទ្រនោះ?
កាលពីថ្ងៃទី២៦ខែមីនារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោកជា សុផារ៉ាបានប្រកាសប្រាប់ពលរដ្ឋនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុលែងមានទឹកកខ្វក់ហូរចូលទៀតហើយ។ បន្ថែមពីនេះ លោកថា ឆ្នេរសមុទ្រនៅខេត្តនេះនឹងផ្លាស់ប្តូរទៅជាប្រក្រតីវិញ។
ដោយសារបញ្ហាបង្ហូរទឹកកខ្វក់ចូលសមុទ្រនៅតែកើតមានឡើង ទើបសកម្មជនបរិស្ថានលោកម៉េង ហេងដាក់ជាសំណួរទៅកាន់រដ្ឋមន្ត្រីរូបនេះ ថា តើមុននឹងលោកបង្ហោះសារបែបនេះ លោកនិងក្រុមការងាររបស់ខ្លួនបានសិក្សានិងចុះពិនិត្យដោយហ្មត់ចត់ដែរឬទេ?
ស្ថាបនិកអង្គការមាតាធម្មជាតិជនជាតិអេស្ប៉ាញលោកAlejandro Gonzalez Davidsonមើលឃើញថា បញ្ហាទឹកកខ្វក់ចូលសមុទ្រនាខេត្តព្រះសីហនុ បានក្លាយជាវិបត្តិធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប៉ះពាល់បរិស្ថាននិងមនុស្ស ជាពិសេសប៉ះពាល់កិត្តិយសប្រទេសកម្ពុជា ប៉ះពាល់ដល់វិស័យទេសចរណ៍ និងប៉ះពាល់ដល់អ្នកវិនិយោគទុនផងដែរ។
កន្លងមក ក្រុមសកម្មជនបរិស្ថានបានរកឃើញ ទីតាំងបង្ហូរទឹកស្អុយចូលសមុទ្រចំនួន៥កន្លែង រួមមាននៅឆ្នេរអូរឈើទាល នៅឆ្នេរអូរត្រេះ ទីតាំងមួយចំនួននៅកោះរ៉ុងសន្លឹម កោះរ៉ុង និងចុងក្រោយនៅឆ្នេរឯករាជ្យជាដើម៕