ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ម្នាក់អះអាងថា ខ្លួនច្រឡំដៃយកiPad ពីបទលួចតាមមាត្រា៣៥៣និង៣៥៦នៃក្រមព្រហ្មទណ្ឌ។
សារព័ត៌មានក្នុងស្រុកចុះផ្សាយថ្ងៃទី៥ខែមិថុនានេះថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកប្លង់ សុផលសម្រេចចោទប្រកាន់ដូចនេះ បន្ទាប់ពីជនសង្ស័យត្រូវបញ្ជូនទៅដល់តុលាការ និងត្រូវបានចៅក្រមស៊ើបសួរពិនិត្យនិងសួរចម្លើយ។
មន្ត្រីនគរបាលឈ្មោះហេង ហាប់ ដែលបម្រើការងារនៅអង្គភាពការពារជើងទឹករងការចោទប្រកាន់ថា បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ រស្មី សាមគ្គីស្ថិតនៅក្នុងខណ្ឌទួលគោក និងបានបន្លំលួចយក iPad មួយគ្រឿង កាលពីថ្ងៃទី៣០ខែឧសភាកន្លងទៅ ប៉ុន្តែក្រោយពេលម្ចាស់យកវីដេអូសកម្មភាពប៉ូលិសរូបនេះធ្វើសកម្មភាពបន្លំលួចiPadតាមបណ្តាញសង្គម Facebook ហើយសាមីខ្លួនក៏បានយក iPadនោះប្រគល់ជូនម្ចាស់ដើមវិញ។
ចំណែកមន្រ្តីជំនាញរបស់អគ្គស្នងការនគរបាលក៏អះអាងពីការស្រាវជ្រាវរបស់ខ្លួនថា ករណីនេះមិនមែនលួចទេគឺជាករណីច្រឡំ និងថា នគរបាលរូបនេះមានបញ្ហាសតិអារម្មណ៍មិនសូវល្អ ប៉ុន្តែភ្លាមៗនេះមហាជនទូទៅជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមរិះគន់ចំពោះការអះអាងបែបនេះ និងចោទប្រកាន់ថា សមត្ថកិច្ចពោរពេញទៅដោយបក្សពួកនិយមការពារមន្ត្រីខិលខូច។ នៅទីផុត លោកនេត សាវឿនអគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣លួចiPadគេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ កាលពីថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩៕